ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ពិតជា​មិនអាច​ចៀស​ផុតពី​ការប្រឈមមុខ​យោធា​មែនឬ​យ៉ាងណា​? និពន្ធដោយ : ទេព អ៊ីវិសាល       July-20-2016, 3:52 pm         1260

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ពិតជា​មិនអាច​ចៀស​ផុតពី​ការប្រឈមមុខ​យោធា​មែនឬ​យ៉ាងណា​?​មកទល់ពេលនេះ​ទាំង​ហ្វីលីពីន និង​ទាំង​ចិន នៅតែ​រក្សា​គោលជំហរ​មិន​ប្រែប្រួល​របស់ខ្លួន​លើ​យន្តការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រៀងៗ​ខ្លួន​។ ហ្វីលីពីន ប្តេជ្ញា​គោរព និង​អនុវត្តតាម​សាលក្រម​តុលាការអន្តរជាតិ​ក្រុងឡាអេ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង ខណៈ ចិន​ប្រកែក​ដាច់ខាត​មិន​ទទួលស្គាល់​សាលក្រម​ដោយ​ចាត់ទុក​វា​ត្រឹមតែ​ជា​«​ក្រដាស​សំរាម​មួយ​ប៉ុណ្ណោះ​»​។ ជាពិសេស​នោះ ក្រុង​ប៉េកាំង​បញ្ជាក់ថា នឹងមិន​បោះបង់​​សកម្មភាព​ខ្លួន​នៅក្នុង​តំបន់​ជម្លោះ​នោះ​នៅ​ពាក់​កណ្តាលផ្លូវ​ឡើយ​។ តើ​ជម្លោះ​នេះ ពិតជា​មិនអាច​គេច​ផុតពី​ការប្រឈមមុខ​ផ្នែក​យោធា​ឬ​យ៉ាងណា​?

​គឺ​រយៈពេល​ជាង​មួយ​សប្តាហ៍​ហើយ ក្រោយ​នៃ​ការប្រកាស​សាលក្រម​របស់​តុលាការអន្តរជាតិ​ក្រុងឡាអេ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន និង​ហ្វីលីពីន បាន​បន្ត​ប្រើប្រាស់​ពាក្យសម្តី​ដើម្បី​ប្រជែង​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ភាគី​ទាំងពីរ នៅ​មិនទាន់​រកឃើញ​ចំណុច​រួមមួយ​ដើម្បី​ជជែក និង​បញ្ឈប់​ការ​ដៀ​ម​ដាប​ដាក់គ្នា​ក្នុងនាម​ជា​ម្ចាស់​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ ហ្វីលីពីន បាន​សាលក្រម​តុលាការ​ជា​ភស្តុតាង​មួយ​រឹងមាំ ខណៈ ចិន មិន​បោះ​បង់ការតាំង​ចិត្ត​ខ្លួន​ដើម្បី​ការពារ​ដែន​អធិបតេយ្យ ដោយ​រួមទាំង​ការប្រើប្រាស់​យោធា​ដែរ​។​

​ហ្វីលីពីន បន្ត​ប្រកាន់ខ្ជាប់​ការអនុវត្ត​តាម​សាលក្រម​អន្តរជាតិ​
​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay បាន​ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន ABS-CBN ថា លោក បាន​បដិសេធ​សំណើ​របស់​ចិន​ដែល​ចង់​ឲ្យ​មានការ​ចរចា និង​ឲ្យ​ទាត់ចោល​សាលក្រម​របស់​តុលាការអន្តរជាតិ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​។  លោក​រដ្ឋមន្ត្រី​រូបនោះ ក៏​បញ្ជាក់​ផងដែរ​ថា មធ្យោបាយ​ដែល​ចិន​ស្នើ​នេះ មិន​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ផលប្រយោជន៍​ជាតិ​របស់​ហ្វីលីពីន​ឡើយ​។ យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រី ក៏​បង្ហើប​ថា ភាគី​ម្ខាង​ទៀត បាន​អះអាងថា ប្រសិនបើ​ហ្វីលីពីន​នៅតែ​បន្ត​ដើរ​តាម​សាលក្រម នោះ ភាគី​ទាំងពីរ នឹងត្រូវ​ប្រឈមមុខគ្នា​ខ្លាំង​ហើយ​។

​កិច្ចសម្ភាសន៍​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លោក​រដ្ឋមន្ត្រី​រូបនេះ បានបញ្ចប់​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយនឹង​ចិន​ជា​លើកដំបូង​នៅក្រៅ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ក្នុង​រដ្ឋធានី​អ៊ូ​ឡង់​បា​ទ័​រ​នៃ​ប្រទេស​មុង​ហ្គោ​លី​កាលពីពេល​ថ្មី​។ សារ​នេះ ក៏បាន​បញ្ជាក់​ផងដែរ ហ្វីលីពីន មិនទាន់​បន្ទន់ឥរិយាបថ​ដើម្បី ទៅ​ចរចា​រក​ផលប្រយោជន៍​តាម​ការប្រកាស​របស់​ចិន​ឡើយ​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​១២ ខែកក្កដា​កន្លងទៅ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ក្រុងឡាអេ បានប្រកាស​សាលក្រម​តាម​បណ្តឹង​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ​ដោយ​បកស្រាយ​ថា សកម្មភាព​ចិន រួមជាមួយ​នឹង​ការទាមទារ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ឡើយ​។ ភ្លាមៗ​នោះ ហ្វីលីពីន ដែលជា​ដើមបណ្តឹង​បានប្រកាស​សាទរ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ពី សាលក្រម​នេះ ខណៈ ក្រុង​ប៉េកាំង ប្រកាស​ដាច់ខាត​មិន​ទទួលស្គាល់​សាលក្រម​នោះឡើយ​។​

​សារ​ចុងក្រោយ​របស់​ចិន ប្រៀប​ដូច​យុទ្ធសាស្ត្រ «​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​»
​អ្វី​គួរកត់សម្គាល់​នោះ ក្រុង​ប៉េកាំង បានប្រកាស​ជំហរ និង​សារ​ចុងក្រោយ​មួយ​ថា «​ចិន មិន​បោះបង់​សំណង់​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​»​។ សារ​នេះ មិន​ត្រូវបាន​ប្រាប់​ដោយផ្ទាល់​ទៅកាន់​គូបដិបក្ខ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន​គឺ​ហ្វីលីពីន​នោះទេ តែ​ត្រូវបាន​បញ្ជាក់​ជាមួយនឹង​សម្ព័ន្ធមិត្ត​ឬ​មតិ​មួយចំនួន​តែង​ហៅថា​អាណាព្យាបាល​សន្តិសុខ​រប​ស់​ហ្វីលីពីន គឺ​អាមេរិក​។​

​លោក​ឧ​ត្ត​ម​នាវិក Wu Shengli  មេបញ្ជាការ​កងទ័ពជើងទឹក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន នៅ​ថ្ងៃទី​១៨ ខែកក្កដា បាន​ថ្លែងប្រាប់​លោក​ឧ​ត្ត​ម​សេនីយ៍ John Richardson មេបញ្ជាការ​ប្រតិបត្តិកា​រ​ដែនទឹក​អាមេរិក​ក្នុងពេល​លោក​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ចិន​ថា «ចិន មិន​បោះបង់​សំណង់​របស់ខ្លួន​នៅ​ពាក់កណ្តាល​ផ្លូវ​នៅលើ​កោះ​មួយចំនួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ»​។ លោក បញ្ជាក់ថា កងទ័ពជើងទឹក​ចិន បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ហើយ​ដើម្បី​តទល់​ជាមួយនឹង​សកម្មភាព​នៃ​ការបង្ក​ហេតុ និង​បំពាន​អធិប​តេយ្យ​ខ្លួន​។

​លោក​មេញ្ជា​ការ​រូបនោះ ក៏បាន​អះអាង​ដែរ​ថា ក្រុង​ប៉េកាំង នឹង​កសាង​សំណង់​ឲ្យ​រួចរាល់​នៅលើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក និង​កោះ​មួយចំនួន​តាម​គម្រោងរ​បស់​ខ្លួន បើទោះបីជា មាន​ប្រទេស​មួយចំនួន ឬ​បុគ្គល​មួយចំនួន កំពុងតែ​ដាក់​សម្ពាធ​ចិន​ឲ្យ​ធ្វើ​អ្វីមួយ​ក៏ដោយ​។ ការ​សម្ពាធ​ចិន​នោះ គឺ​ចង់​ឲ្យ​ចិន​អនុវត្តតាម​សាលក្រម​នោះឯង​។ លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា សមត្ថភាព​ការពារ​លើ​កោះ និង​ថ្ម​ប៉ប្រះ​ទឹក គឺ​អាស្រ័យទៅលើ​ការគំរាមកំហែង​ដែល​ចិន​ប្រឈម​។ សារ​នេះ ទំនងជា​ចង់​ប្រាប់​ទាំង​ហ្វីលីពីន​ដែល​កំពុងតែ​យក​សាលក្រម​មក​ដា​ក់ស​ម្ពា​ធ​ចិន និង​អាមេរិក ដែល​កំពុងតែ​បន្តសកម្មភាព​យោធា​ក្នុង​តំបន់​ជម្លោះ កុំ​ឲ្យ​ធ្វើ​អ្វីដែល​ជ្រុល​ទៅលើ​ចិន​ហើយ​។

​យ៉ាងណាក៏ដោយ លោក​ឧ​ត្ត​ម​សេនីយ៍ Richardson បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​ទី​២០​ខែកក្កដា​នេះ ថា កងទ័ព​អាមេរិក នឹង​បន្ត​ការធ្វើ​នាវា​ល្បាត និង​ប្រតិបត្តិ​ការហោះហើរ​របស់​ខ្លួន​តាមច្បាប់​អន្តរជាតិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដដែល​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​បន្ថែម​ដែរ​ថា លោក សង្កត់ធ្ងន់ថា នឹងមិន​មាន​អ្វី​ផ្លាស់ប្តូរ​ឡើយ​ចំពោះ​ប្រតិបត្តិការ​របស់​អាមេរិក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​។

​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​រដ្ឋ​ចិន​ដូចជា Xinhua និង People’s Daily ជាដើម​នោះ គិត​ចាប់តាំងពី​មួយ​សប្តាហ៍​មុន​នៃ​ការប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង រហូតមកដល់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ចិន បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។ សមយុទ្ធ​នោះ មាន​ទាំង​កងទ័ពជើងទឹក និង​កងទ័ពអាកាស​ដែល ក្រុង​ប៉េកាំង អះអាង​ថាធ្វើឡើង​ដើម្បី​ហ្វឹកហាត់​កងទ័ព​ដើម្បី​ត្រៀមខ្លួន​នឹង​ការ​ប្រឈម​បច្ចុប្បន្ន​។

​សូម​រម្លឹក​ផងដែរ​ថា នៅក្រោយ​នៃ​ការប្រកាស​សាលក្រម​មួយថ្ងៃ ក្រុង​ប៉េកាំង ក៏បាន​ចេញផ្សាយ​«​សៀវភៅ​ស​»​ដែលមាន​កម្រាស់​ជាង​៤០​ទំព័រ​ដើម្បី​បញ្ជាក់​ជំហរ​ខ្លួន​ជាថ្មី​ម្តងទៀត​។ សៀវភៅ​ស​នោះ មាន​ឈ្មោះថា «​ចិន ប្រកាន់​ជំហរ​មិន​ប្រែប្រួល​លើ​ការដោះស្រាយ​តាមរយៈ​ការចរចា លើ​ជម្លោះ​ពាក់ព័ន្ធ​រវាង​ចិន និង​ហ្វីលីពីន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​» និង​ត្រូវបានធ្វើ​បទ​បង្ហាញ​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Liu Zhenmin ។​

​នៅក្នុង​ការធ្វើ​បទ​បង្ហាញ​នោះ លោក​អនុរដ្ឋមន្ត្រី បាន​ពណ៌នា​សាលក្រមរ​បស់​តុលាការ គឺ​ប្រៀបប្រដូច​ទៅនឹង​«​ក្រដាស​សម្រាម​មួយ​ដូច្នោះ​ឯង​»​។ នេះ​បើ​យោងតាម​ការផ្សាយ​ទូរទស្សន៍​ចិន CCTV ដែល​បាន​ដកស្រង់​ការព្រមាន​របស់លោក​អនុរដ្ឋមន្ត្រី​ដែរ​ថា «​ប្រទេស​ដទៃ​កុំ​ឆ្លៀតឱកាស​នេះ​មក​គំរាម​ចិន​ឲ្យ​សោះ​»​។ មន្ត្រីជាន់ខ្ពស់​រូបនោះ ក៏បាន​បង្ហាញ​ក្តីសង្ឃឹម រួម​ជាមួយនឹង​ការព្រមាន​ចុងក្រោយ​ដែរ​ថា ប្រទេស​ដទៃ អាចធ្វើ​ការរួម​គ្នា​ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​របស់​សមុទ្រ​ចិន​ខាងត្បូង និង​កុំ​បណ្តោយ​ឲ្យ​សមុទ្រ​ចិន​ខាងត្បូង​ក្លាយជា​ដើមទង​នៃ​សង្គ្រាម​ផងដែរ​។​

​និយាយ​ឲ្យ​ខ្លី​ទៅ ហ្វីលីពីន អាចមាន​ជម្រើស​ពីរ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ទីមួយ ព្រម​ទទួលយក​សំណើ​បែងចែក​ប្រយោជន៍​តាមរយៈ​«​ការចរចា និង​ពិគ្រោះ​យោបល់​ទ្វេភាគី​»​របស់​ចិន​។ និង​ទី​ពីរ ត្រៀមខ្លួន​ដើម្បី​ប្រជែង និង​ប្រឈមមុខ​ផ្នែក​យោធា​ជាមួយនឹង​ចិន​៕