ឈ្មោះ​​​ហៅ​​​ក្រៅ​​​ជា​​​ការ​​​​​​ត្រូវ​​​ម៉ាច់​​​នឹង​​​​​​រឿង​​កំប្លែង​​​ កែម ឡី​​​

នៅពេលដែលបុរសម្នាក់ដែលគេចោទថាជាឃាតករសម្លាប់ កែម ឡី បានប្រាប់ថាឈ្មោះ ជួប សម្លាប់ ក្រោយពីបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏មានប្រជាប្រិភាពកាលពីថ្ងៃទី១០ ខែកក្កដានោះ រឿងនេះគួរឲ្យរន្ធត់និងភ្ញាក់ផ្អើល។ លោក ជួន សុវណ្ណ ស្នងការនគរបាលក្រុងភ្នំពេញបាននិយាយក្នុងសន្និសីទកាសែតនៅថ្ងៃដដែលនោះថា “ឈ្មោះនេះ យើងពិបាកជឿ។ តាំងពីណាពីណីមក មិនដែលនរណាដាក់ឈ្មោះកូនថា សម្លាប់ ទេ”។ កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ បានសួរតាមធ្វិតធើថា តើមនុស្សឈឺណាដែលមានគំនិតបែបនេះ? អ្នកណាលេងសើចបែបនេះ? នរណាទៅន៎?” ការស៊ើបអង្កេតធម្មតាមួយដែលធ្វើឡើងដោយព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាសង្ឃប្រឆាំង នៅថ្ងៃបន្ទាប់មកបានលាតត្រដាងឲ្យឃើញឈ្មោះពិតរបស់ជនសង្ស័យជាឃាតករគឺ អឿត អាង។ ប៉ុន្តែ អាជ្ញាធរទំនងជាមិនចាប់អារម្មណ៍ ហើយកាលពីថ្ងៃពុធបានចោទប្រកាន់បុរសនេះពីបទឃាតកម្មដោយប្រើឈ្មោះហៅក្រៅគួរឲ្យព្រឺខ្លួន។ ប៉ុន្តែ ប្រសិនបើការប្រើជាផ្លូវការនូវឈ្មោះ ជួប សម្លាប់ មិនអាចពន្យល់បានទេនោះ មានរឿងមួយដែលកើតឡើងជ្រងោៗគឺជាអត្ថបទរិះគន់ធ្ងន់ៗ១៩រឿងទៅលើមេដឹកនាំរដ្ឋាភិបាលដែលលោក កែម ឡី បានចេញផ្សាយជារឿងកំប្លែងក្នុងពេលពីរសប្តាហ៍មុននឹងលោកស្លាប់។ ដោយប្រើឈ្មោះឌឺដងមានដូចជា ពូវីឡាប្រាំ ចំពោះមន្ត្រីជាន់ខ្ពស់មួយរូប ឬឈ្មោះថា មិនខ្វល់ ចំពោះមេដឹកនាំនយោបាយមានមនសិការតិចតួច រឿងកំប្លែងទាំងនេះបានទាក់ទាញទាំងសំណើច ទាំងសាររបស់វា។ បង្ហោះនៅលើហ្វេសប៊ុករវាងថ្ងៃទី២៧ ខែមិថុនា និងរសៀលដែលលោកត្រូវគេបាញ់សម្លាប់ សាច់រឿងខ្លះក៏ទំនងជារិះគន់ដែលមិនឲ្យដឹងច្បាស់ និងចំអកឡកឡាយទៅលើមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ដូចជាមានបុរសម្នាក់ដែលមានឈ្មោះថា ស្តេចឃ្មុំ ឈ្មោះហៅក្រៅថា ពូខ្លាំង។ ស្តេចឃ្មុំបាននិយាយនៅក្នុងរឿងកំប្លែងនេះថា “ខ្ញុំមានទ្រនិច មានពិសដែលមិនមានអ្វីមករារាំងខ្ញុំបានឡើយ ត្រូវតែកម្ទេចឲ្យអស់បើមានសត្វណាប្រឆាំងនឹងខ្ញុំ ត្រូវប្រើកម្លាំង និងពិសរបស់ខ្ញុំ”។ ស្តេចឃ្មុំនិយាយបន្តថា “បើទោះជាត្រូវចំណាយអស់ប៉ុណ្ណាក៏ដោយឲ្យតែខ្ញុំឈ្នះ ឱ្យតែខ្ញុំបានសេចក្តីសុខ និងបងប្អូនកូនចៅខ្ញុំបានសេចក្តីសុខ ទោះអ្នកណាស្លាប់ឱ្យស្លាប់ទៅ”។ នៅក្នុងរឿងមួយទៀត ពូវីឡាប្រាំ ប្រឹងដោះស្រាយវិបត្តិធ្ងន់ធ្ងរដែលប្រឈមមុខនឹងអ្នកភូមិនៅក្នុងភូមិមួយដែលលោកទៅសួរសុខទុក្ខ ដោយមានអ្នកភូមិជាច្រើនត្អូញត្អែរអំពីការបាត់បង់ស្រែចម្ការ ដោយសារជំពាក់បំណុលធនាគារ ហើយកូនចៅត្រូវទៅរកការងារធ្វើនៅប្រទេសគេ។ លោកប្រាប់កសិករដែលជំពាក់បំណុលគេរុំកោះថា “មិនអ្វីទេ ចាំគណបក្សយើងជួយ។ ឥឡូវយើងធ្វើសាលារៀន ផ្លូវ មន្ទីរពេទ្យ ស្ពានថ្នាល់។ ល។ យើងជាប់ឆ្នោតជួយឲ្យបងប្អូនមានជីវភាពធូរធារ ! យើងបានប៉ុណ្ណឹងហើយចង់បានអ្វីទៀត?”។ ដោយប្រើឈ្មោះចម្លែកប៉ុន្តែត្រូវម៉ាច់ថា ជ្រួលជ្រើម តម្លាភាព និងហួសស្តាយ ដែលលាយឡំបញ្ចេញបញ្ចូលឡែបខាយនៅក្នុងសាច់រឿងនោះ អ្នកតាមដានហ្វេសប៊ុកចំនួន១២៥.០០០នាក់របស់ កែម ឡី បានចូលទៅក្នុងទំព័រហ្វេសប៊ុករបស់លោករយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីលោកបានស្លាប់ ដើម្បីធ្វើអត្ថាធិប្បាយទៅលើឈ្មោះ ជួប សម្លាប់។ អ្នកប្រើហ្វេសប៊ុកម្នាក់មានឈ្មោះ ប៉ាន ពិសិដ្ឋ បានសរសេរថា “បើលោកដាក់ឈ្មោះ ជួប សម្លាប់ នៅក្នុងរឿង គ្រាន់តែមើលបន្តិចក៏ចង់សើចដែរ។ ទម្រាំតែឈ្មោះឃាតករ សូម្បីតែក្មេងក៏មិនជឿដែរ។ អ្នកប្រើហ្វេសប៊ុកម្នាក់ទៀតឈ្មោះ ភក្តី សាមិន បាននិយាយថា “គួរឲ្យចាប់អារម្មណ៍មែនទែន ឈ្មោះ ជួប សម្លាប់ នេះ។ នរណារៀបចំកម្មវិធីនេះ តើគេបានគិតអំពីសាច់រឿងទេ? ចុះគេគិតថា ការសម្លាប់មនុស្សម្នាក់គឺជារឿងកំប៉ិកកំប៉ុកឬ? ឱព្រះអើយ ហេតុអីក៏ចិត្តអ្នកអាក្រក់ម្លេះ?” ទ្រឹស្តីនេះមិនបានកំណត់នៅតែតាមបណ្តាញសង្គមនោះទេ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រះរាជវង្សានុវង្សដែលចូលរួមជាមួយគណបក្សសង្គ្រោះជាតិជាចំហ បានមានបន្ទូលតាមទូរស័ព្ទនៅថ្ងៃអាទិត្យថា ព្រះអង្គជឿថា ឈ្មោះរបស់ឃាតករបញ្ជូននូវសារដ៏ច្បាស់លាស់មួយ។ ទ្រង់ ធម្មិកោ បានមានបន្ទូលថា “ឈ្មោះទាំងអស់នៅក្នុងរឿងកំប្លែងរបស់លោកគឺសំដៅទៅលើមនុស្សនៅក្នុងជួររដ្ឋាភិបាល ហើយខ្ញុំគិតថា ការប្រើឈ្មោះ ជួប សម្លាប់ ជាឈ្មោះហៅក្រៅសម្រាប់ខ្មាន់កាំភ្លើង គឺជាការសំដៅដ៏ច្បាស់លាស់ទៅលើរឿងកំប្លែង។ វាត្រូវធ្វើឡើងដោយមនុស្សដែលខឹងនឹងគេហៅឈ្មោះបែបហ្នឹង”។ ទ្រង់មានបន្ទូលថា “ឈ្មោះហៅក្រៅបង្ហាញថា ឃាតកម្មនេះគឺកើតចេញពីអ្នកដែលធ្លាប់អាននិងឮរឿងកំប្លែងរបស់ កែម ឡី”។ អ្នកផ្សេងទៀតបានផ្តល់យោបល់ថា រឿងកំប្លែងដ៏មានប្រជាប្រិយភាពបានដើរតួនាទីក្នុងឃាតកម្មរបស់ កែម ឡី។ នៅថ្ងៃនៃមរណភាពរបស់អ្នកវិភាគនយោបាយនេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាព្រះសង្ឃប្រឆាំង បានបង្ហោះវីដេអូនៅក្នុងហ្វេសប៊ុកដោយអះអាងថា កែម ឡី បានប្រាប់ព្រះអង្គនៅថ្ងៃទី៧ ខែកក្កដាថា លោកបានទទួលព័ត៌មានគួរឲ្យជឿទុកចិត្តថា មានគេចង់សម្លាប់លោក ហើយក្រោយមកនឹងសម្លាប់ព្រះសង្ឃដែរ។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា ហេតុផលគឺមានបីយ៉ាង។ ទី១ រឿងកំប្លែងនយោបាយច្រើនភាគដែលលោកបានបង្ហោះនៅលើហ្វេសប៊ុក ដែលមានចំណងជើងថា “បុរសពាក់អាវស មានបេះដូងខ្មៅ” ដែលនិយាយអំពីអ្នកនយោបាយខ្មែរជាន់ខ្ពស់មួយរូបបានបង្កឲ្យមានកំហឹងយ៉ាងខ្លាំង។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកានៅក្នុងវីដេអូដែលសំដៅទៅលើរបាយការណ៍អង្គការក្រៅរដ្ឋាភិបាលទាក់ទងនឹងទ្រព្យសម្បត្តិគ្រួសារ ហ៊ុន សែន ដែល កែម ឡី បានលើកមកនិយាយថ្មីៗនេះតាមវិទ្យុថា “ទី២ គាត់បានបង្កើតរឿងកំប្លែងនយោបាយពីភាគ១ដល់១៤។ ហើយទី៣ គេខឹងខ្លាំងក៏វាយប្រហារ កែម ឡី ទាក់ទងនឹងរបាយការណ៍ពីក្លូប៊ល វិតណេស។ លោក សម អុិន ជាមិត្តភក្តិរបស់ កែម ឡី និងជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលអ្នកវិភាគនយោបាយរូបនេះបានជួយបង្កើតឡើងកាលពីឆ្នាំមុន បាននិយាយថា លោកជឿថា រឿងកំប្លែងនោះបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់មានកំហឹង។ ប៉ុន្តែ លោកសង្ស័យថា ឈ្មោះមានក្នុងសាច់រឿងបង្ហាញឲ្យឃើញយ៉ាងច្បាស់ ហើយក៏បង្កឲ្យមានកំហឹង។ លោកបាននិយាយថា “ចំពោះខ្ញុំ ឈ្មោះ ជួប សម្លាប់ ទំនងគ្រាន់តែគំរាមកំហែង និងបំភិតបំភ័យ ដើម្បីភ្ជាប់ទៅនឹងរឿងកំប្លែងរបស់ កែម ឡី ប៉ុណ្ណោះ។ តាមវិធីណាមួយ ទ្រង់ ធម្មិកោ បានមានបន្ទូលថា ច្បាស់ណាស់ថា រឿងកំប្លែងរបស់ កែម ឡី បង្ហាញថា មានប្រសិទ្ធភាពអស្ចារ្យក្នុងការផ្សព្វផ្សាយគំនិតរបស់គាត់។ ទ្រង់ ធម្មិកោ បានមានបន្ទូលថា “ប្រសិនបើ កែម ឡី គឺគ្រាន់តែជាអ្នកអត្ថាធិប្បាយ ហើយបោះពុម្ពផ្សាយអ្វីៗនៅក្នុងសារព័ត៌មានជារឿយៗ នោះគេនឹងមិនសម្លាប់លោកទេ។ ប៉ុន្តែ លោកកាន់តែគ្រោះថ្នាក់ទៅៗចំពោះមនុស្សមួយចំនួន”។ ព្រះអង្គបានមានបន្ទូលថា “លោកកំពុងបំផ្លាញផលប្រយោជន៍របស់គេតាមរយៈរឿងកំប្លែងនិងការអត្ថាធិប្បាយរបស់លោក។ តាមរយៈរឿងនេះ លោកពន្យល់អំពីអយុត្តិធម៌នៃសង្គមខ្មែរ ហើយអយុត្តិធម៌នេះគឺជាឥន្ធនៈចម្បងសម្រាប់បដិវត្ត”៕ © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced […]

The post ឈ្មោះ​​​ហៅ​​​ក្រៅ​​​ជា​​​ការ​​​​​​ត្រូវ​​​ម៉ាច់​​​នឹង​​​​​​រឿង​​កំប្លែង​​​ កែម ឡី​​​ appeared first on The Cambodia Daily.