កម្ពុជា បង្កើតកំណត់ត្រាថ្មី ក្នុងការប្រកួត ASEAN University

ក្រុម​អត្ត​ពលិក​លើ​ប្រភេទ​កីឡាករ​ប៉េតង់ និង​វាយ​កូន​ឃ្លី​លើ​តុ​ បានជួយ​​បង្កើត​នូវ​​កំណត់​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ឲ្យ​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​ប្រកួត​កីឡាសាកល​វិទ្យាល័យ​អាស៊ាន លើក​ទី​១៨ ឆ្នាំ​២០១៦(The 18th ASEAN University Games 2016) នៅ​ប្រទេស​សិង្ហបុរី ខណៈ​ពួក​គេ​សុទ្ធ​តែ​បាន​ឈ្នះ​មេដាយ​មាស​ជូន​ប្រទេស​ជាតិ​នោះ។

sportnews1

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កីឡា បាន​ប្រាប់​ថា៖​«នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្ពុជា ដណ្តើម​បាន​មេដាយ​មាស នៅ​ក្នុង​ការ​ប្រកួត ASEAN University នេះ ខណៈ​ការ​ប្រកួត​កន្លង​មក យើងដណ្តើម​បាន​តែ​មេដាយ​ប្រាក់ និង​សំរឹទ្ធ​ប៉ុណ្ណោះ ហើយ​នេះជា​រឿង​ល្អ​មួយ​សម្រាប់​កម្ពុជា​យើង»។

sportnews2

នៅ​ក្នុង​ការ​ប្រកួត​កីឡាសាកល​វិទ្យាល័យ​អាស៊ាន ដែល​អត្ត​ពលិក​ចំនួន​១៦០០នាក់​​មក​ពី​១១ប្រទេស​​បាន​ចូល​រួម​នេះ ក្រុម​​កីឡា​ប៉េតង់ និង​វាយ​កូន​ឃ្លី​លើ​តុ​របស់​កម្ពុជា ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​៩ ក្នុង​នោះ​មេដាយមាស​៤ ប្រាក់​១ និង​សំរឹទ្ធ​ចំនួន​២ និង​ឈរ​នៅ​លេខ​រៀង​ទី​៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១១ ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ ប៉ុន្តែ​ប្រភេទ​កីឡា​ហែល​ទឹក គុនដាវ អត្តពលិកកម្ម និង​បាល់​ទាត់(ក្រុម​វេស្ទើន)​របស់​កម្ពុជា សុទ្ធ​តែ​បាន​ចាញ់ និង​គ្មាន​មេដាយ​ដូច​គ្នា។
sportnews3

លោក អ៊ុក សិទ្ធិជាតិ ​បាន​បញ្ជាក់​ថា៖​«យើង​ចង់​រំកឹល​ចំណាត់​ថ្នាក់​នៅ​ក្នុង​តំបន់​អាស៊ាន (ASEAN Ranknig) ឲ្យ​បាន​ដល់​លេខ​៥​ឬ​លេខ​៦ ដើម្បី​យើង​ងាយ​ស្រួល​ក្នុង​ការ​វាយ​តម្លៃ​ថា យើង​កំពុង​ស្ថិត​នៅ​ចំណុច​ណា​មួយ មុន​ពេល​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម នៅ​ឆ្នាំ​២០២៣។ បើ​ទោះ​បីជា លទ្ធផល​ដែល​យើង​ទទួល​បាន​លើក​នេះ វាល្អ​ប្រសើរ​ហើយ បើទោះ​បីជាវា​​មិន​ទាន់​ស្រប​តាម​អ្វី​ដែល​យើង​ចង់​បាន​ក៏​ដោយ»។
sportnews4

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡាសាកល​វិទ្យាល័យអាស៊ាន ឆ្នាំ​២០១៦​នេះ ក្រុម​ប៉េតង់​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​៣ នៅ​លើ​វិញ្ញាសា​ជា​ក្រុមចម្រុះ(Mixes Triple) របស់​កីឡាករ សៅ សុភារ៉ាន់, កឹមចាន់ វាសនា និង កីឡាការិនី វង់ ចន្ថា ឯ​មេដាយ​មាស​២​ទៀត​រក​បាន​ដោយ​កីឡាករ សៅ សុភារ៉ាន់ និង​កីឡាការិនី ឌួង ឌីណា លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ(បុរស-នារី) ហើយ ឌួង ឌីណា ក៏​បាន​ឈ្នះ​មេដាយ​ប្រាក់ លើ​វិញ្ញាសា​ប្រកួត​១​នាក់​ទល់​១​នាក់​ផង​ដែរ ខណៈ​មេដាយសំរឹទ្ធទាំង​២​រកបានដោយកីឡាករ កឹម ចាន់វាសនា លើវិញ្ញាសា​១នាក់​ទល់​១​នាក់ និង​វិញ្ញាសា៣នាក់ទល់៣នាក់នារី ដែលមានកីឡាការិនី ឈិន ស្រីពេជ្រ, ឌួង ឌីណា និង ឃួន យ៉ារី។

ចំណែក​កីឡាករវាយ​កូន​ឃ្លី​លើ​តុ​របស់​កម្ពុជា លឹម សុខឡុង បាន​ឈ្នះ​មេដាយមាស ​លើ​វិញ្ញាសា​ឯកត្តជន ហើយ​បើ​តាម​លោក អ៊ុក សិទ្ធិជាតិ បាន​ឲ្យ​ដឹង​ថា អ្នក​ឈ្នះ​មេដាយ​​ពី​ការ​ប្រកួត​នេះ នឹង​ទទួល​បាន​ប្រាក់រង្វាន់តាម​ប្រកាសអន្តរក្រសួងចាស់ ដោយ​ក្នុង​នោះ​អ្នក​បាន​មេដាយ​មាស​បាន​ចំនួន​៩​លានរៀល មេដាយ​ប្រាក់​បាន​៨​លាន និង​អ្នក​ឈ្នះ​មេដាយ​សំរឹទ្ធ បាន​៧​លាន​រៀល៕

The post កម្ពុជា បង្កើតកំណត់ត្រាថ្មី ក្នុងការប្រកួត ASEAN University appeared first on CamboSport.