ក្រុម​អ្នក​កាប់​ឈើ​រង​ការ​ចោទ​ថា​គំរាម​សម្លាប់​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​រវៀង

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ អំពាវនាវ​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​នៃ​ស្រុក​រវៀង ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ការពារ​សន្តិសុខ​ដល់​សហគមន៍​ព្រៃឈើ​ជាំពេន ឱ្យ​ជៀស​ផុត​ពី​ការ​គំរាមកំហែង ព្រមទាំង​ការ​ប៉ុនប៉ង​សម្លាប់​ពី​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់។

ការ​អំពាវនាវ​របស់​អង្គការ​សិទ្ធិ​មនុស្ស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គេ​បាន​ទទួល​ព័ត៌មាន​ថា អ្នក​កាប់​ឈើ​ខុស​ច្បាប់​មិន​ត្រឹមតែ​មិន​ខ្លាច​ច្បាប់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​គំរាម​សម្លាប់​ប្រជាសហគមន៍​ដែល​ការពារ​ព្រៃឈើ​ទៀត​ផង។

សហគមន៍​ការពារ​ព្រៃឈើ​ជាំពេន នៅ​ភូមិ​បង្កើនផល ឃុំ​រម្យទម នៃ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ចំនួន ៥​នាក់ កំពុង​ព្រួយ​បារម្ភ​ចំពោះ​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​ពួកគេ។ ការ​ព្រួយ​បារម្ភ​បាន​កើត​ឡើង​ក្នុង​ពេល​ដែល​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​នោះ កំពុង​កើត​មាន​កាន់​តែ​ច្រើន​ឡើង ហើយ​សហគមន៍​បាន​ចុះ​ទប់ស្កាត់ ក៏ប៉ុន្តែ​ក្រុម​អ្នក​កាប់​ឈើ​មិន​ខ្លាច​ញញើត​ចំពោះ​កម្លាំង​សហគមន៍​ទេ បែរ​ជា​គំរាម​សម្លាប់​សហគមន៍​ទៅ​វិញ។

​តំណាង​សហគមន៍​ជាំពេន ដែល​ជា​ជនជាតិ​កួយ គឺ​លោក រស់ លីន។ លោក​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​កក្កដា ថា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា មាន​មនុស្ស ៣​នាក់ ដែល​ឆ្លង​ដែន​មក​ពី​ខេត្ត​កំពង់ធំ បាន​នាំ​គ្នា​ចូល​ទៅ​កាប់​ដើម​ច្បោះ​ជ័រ របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ព្រៃ​ការពារ​តំបន់​ជាំពេន។ពេល​នោះ​កម្លាំង​សហគមន៍​របស់​លោក​ចំនួន ៤​នាក់ បាន​ទៅ​ហាមឃាត់​ការ​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ ហើយ​ក៏​ត្រូវ​ក្រុម​អ្នក​កាប់​ឈើ ៣​នាក់ ដែល​ក្នុង​ដៃ​មាន​កាំបិត និង​ពូថៅ គំរាម​សម្លាប់។

លោក រស់ លីន បញ្ជាក់​ថា បន្ទាប់​ពី​ក្រុម​អ្នក​កាប់​ឈើ​គំរាម​សម្លាប់​មក រូប​លោក​និង​សកម្មជន​របស់​សហគមន៍ ៤​នាក់​ទៀត មាន​ការ​ភ័យខ្លាច ហើយ​បាន​រត់​គេច​ខ្លួន​ភ្លាម៖ «កាប់​ច្បោះ​ជ័រ​របស់​បងប្អូន​លួច​ដឹក​ចេញ​បាន ២​ដើម ពេល​សហគមន៍​តាម​ទៅ គឺ​អ្នក​កាប់​ឈើ​ចង់​សម្លាប់​ក្រុម​សហគមន៍​ដែល​ដើរ​ល្បាត»

​លោក រស់ លីន អះអាង​ថា បន្ទាប់​ពី​អ្នក​កាប់​ឈើ​គំរាម​សម្លាប់​សហគមន៍​មក លោក​បាន​ទូរស័ព្ទ​ប្ដឹង​ទៅ​សមត្ថកិច្ច និង​មន្ត្រី​បរិស្ថាន ដែល​មាន​ទីស្នាក់ការ​នៅ​ជិត​នោះ ក៏ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ទាំង​នោះ​មិន​បាន​ទទួល​ទូរស័ព្ទ និង​មិន​ចាត់​វិធានការ​អ្វី​ឡើយ។

ទោះ​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ការ​ទាក់ទង​មន្ត្រី​បរិស្ថាន ដែល​មាន​ទីស្នាក់ការ​នៅ​ជិត​ព្រៃ​សហគមន៍​ជាំពេន នោះ  ដើម្បី​សុំ​ការ​អធិប្បាយ​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា។

ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អៀ សុខា មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ លោក​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ការ​គំរាម​សម្លាប់​សហគមន៍​ព្រៃឈើ​ជាំពេន​នោះ​នៅ​ឡើយ​ទេ៖ «ប្រហែល​ជា ២-​៣​ខែ​មុន មាន​ការ​តវ៉ា​មក ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ ហើយ​យើង​បាន​ធ្វើ​ការ​នៅ​សហគមន៍​ព្រៃ​ជាំពេន​នោះ ម្ដង​ដែរ។ ចាំ​មើល​ខ្ញុំ​ឆែក​ទៅ​ថ្នាក់​ក្រោម​វិញ ជុំវិញ​ព័ត៌មាន​នេះ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ឱ្យ​ដឹង​ថា លោក​បាន​ទទួល​បណ្ដឹង​ពី​សហគមន៍​ការពារ​ព្រៃឈើ​ជាំពេន ស្ដីពី​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ប៉ុនប៉ង​សម្លាប់​សកម្មជន​សហគមន៍​នេះ។

លោក ឡោ ចាន់ អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ស្រុក​រវៀង គួរ​តែ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​ជូន​ដល់​សហគមន៍​ព្រៃឈើ​ជាំពេន ជា​ច្រើន​នាក់ ដែល​កំពុង​ទទួល​រង​ការ​គំរាម​សម្លាប់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។