ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី​ចោទ​អាជ្ញាធរ​ឃុំ​លក់​ដី​កប់​សព​សហគមន៍

ព្រៃ​កប់​សព និង​ព្រៃ​សក្ការៈ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី កំពុង​រង​ការ​ឈូស​ឆាយ ខណៈ​អ្នក​ភូមិ​ពីរ​គ្រួសារ​បាន​លក់​ដី​ព្រៃ​នោះ​ជា​កម្មសិទ្ធិ​សមូហភាព​សហគមន៍។ តំណាង​សហគមន៍​ចោទ​ប្រកាន់​មន្ត្រី​មូលដ្ឋាន​គឺ​ជា​អ្នក​ចុះ​ហត្ថលេខា​លើ​លិខិត​ទិញ​លក់​ដី​​ខុស​ច្បាប់​នេះ។

​​ប្រជាពលរដ្ឋ​ពីរ​ភូមិ​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង មាន​គ្នា​ជាង ៣០​នាក់ បាន​រារាំង​គ្រឿងចក្រ​មិន​ឲ្យ​កាយ​​រលំ​ដើមឈើ​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កក្កដា បន្ទាប់​ពី​អ្នក​ភូមិ​ចុះ​ពិនិត្យ​ឃើញ​ថា ព្រៃឈើ​តំបន់​​កប់​សព និង​ព្រៃ​គោរព​បូជា​សហគមន៍​ត្រូវ​បាន​គេ​លក់​ដូរ​ខុស​ច្បាប់។

តំណាង​សហគមន៍​ភូមិ​ពូនរ៉ែង លោក ទឺយ ធិ បញ្ជាក់​ថា ព្រៃ​កប់​សព និង​ព្រៃ​សក្ការៈ​សហគមន៍​ដែល​បាន​កំណត់​ក្នុង​លក្ខន្តិកៈ​សហគមន៍​ចំនួន​ពីរ​ហិកតារ​នៅ​ជើង​ភ្នំ​ភ្លែនូ ត្រូវ​បាន​គ្រឿងចក្រ​កាយ​រំលំ​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា។ លោក​បន្ត​ថា សហគមន៍​បាន​រក​ឃើញ​ឯកសារ​ទិញ​លក់​ដី​ដែល​សមាជិក​សហគមន៍​ភូមិ​ពូលេះ ពីរ​គ្រួសារ​ជា​អ្នក​ផ្ដិត​មេដៃ​លក់​ដី​នេះ។ ចំណែក​ប្រធាន​ភូមិ និង​ជំទប់​ទី​១ ឃុំ​គឺ​ជា​អ្នក​ចុះ​ហត្ថលេខា និង​បោះត្រា​ឃុំ​បញ្ជាក់​លើ​លិខិត​ទិញ​លក់​ដី​នោះ៖ «កាយ​ដី​ព្រៃ​ដី​តំណម​ទៀត គេ​អត់​ឲ្យ​ទេ ព្រៃ​ខ្មោច​ព្រៃ​តំណម​កំណត់​ក្នុង​ច្បាប់​មួយៗ ៧​ហិកតារ​មាន​​បាន ៧​ហិកតារ​ឯណា ឥឡូវ​ឈូស​ក្បែរ​ជើង​ភ្នំ​ហើយ»

ទោះជា​យ៉ាង​ណា​ក៏ដោយ ក្រុម​សហគមន៍​បាន​ឃាត់​ខ្លួន​អ្នក​បើក​គ្រឿងចក្រ​កាយ​ព្រៃ​ឈ្មោះ ភ័ក្រ ជា​បណ្ដោះអាសន្ន និង​ធ្វើ​របាយការណ៍​សុំ​កិច្ច​អន្តរាគមន៍​ទាក់ទិន​ការ​កាប់​រាន​ព្រៃឈើ​សហគមន៍​នេះ។

អ្នក​បញ្ជា​គ្រឿងចក្រ​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ខ្លួន​ឈ្មោះ ភ័ក្រ មិន​ស្គាល់​អត្តសញ្ញាណ​អ្នក​ទិញ​ដី​ជា​អ្នក​ណា​ទេ ក៏​ប៉ុន្តែ​ថៅកែ​គ្រឿងចក្រ​ឈ្មោះ ឯម បាន​បញ្ជា​ឲ្យ​រូប​គេ​មក​កាយ​ព្រៃ បន្ទាប់​ពី​ម្ចាស់​ដី​បាន​ជួល​គ្រឿងចក្រ​មឈូស​ព្រៃ​នេះ៖ «អត់​ដឹង​ដែរ គេ​ជួល​គ្រឿងចក្រ​ខ្ញុំ​មក​ធ្វើ ទាល់តែ​សួរ​ពូ​ខ្ញុំ ម្ចាស់​ដី​គេ​ឲ្យ​កាយ»

​មេ​ឃុំ​ដាក់ដាំ លោក កើញ រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា រឿង​លក់​ដី​នោះ​គឺ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ជា​អ្នក​លក់ ក៏ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា ការ​លក់​ដី​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ព្រៃ​កប់​សព និង​ព្រៃ​គោរព​បូជា ឬ​យ៉ាង​ណា។ លោក​ថា ជំទប់​ទីមួយ​គឺ​ជា​អ្នក​ចុះ​ហត្ថលេខា​លើ​ឯកសារ​ទិញ​លក់​ដី​នោះ៖ «ប្រាំ ប្រាំមួយ​ហិកតារ​មិន​ដឹង​ខ្ញុំ​អត់​ច្បាស់។ បង​សួរ​ទៅ​មេ​ភូមិ និង​ជំទប់​ទី​១ អ្នក​ស៊ីញ៉េ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ជំទប់​ទី​១ លោក កាច ណា បដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​រឿង​នេះ​ទេ។ លោក​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​មេ​ឃុំ​ទាក់ទិន​ការ​​ចុះ​ហត្ថលេខា​នេះ៖ «ខ្ញុំ​អត់​ដឹង​ស្អី​ផង ដូច​ពី​មុន​គាត់​ថា ខ្ញុំ​ស៊ីញ៉េ ដល់​គេ​តាមដាន គាត់​អ្នក​ស៊ីញ៉េ»

​សេចក្ដី​រាយការណ៍​របស់​សហគមន៍​ភូមិ​ពូលេះ ឲ្យ​ដឹង​ថា អ្នក​លក់​ដី​គឺ​ឈ្មោះ លីវ ពាន និង​ឈ្មោះ ធាង ត្រិ។ ចំណែក​ប្រធាន​ភូមិ​ឈ្មោះ ប្លង់ សេង និង​ជំទប់​ទី​១ ឃុំ​ដាក់ដាំ លោក កាច ណា ជា​អ្នក​ចុះ​ហត្ថលេខា​លើ​ឯកសារ​លក់​ដី​ឲ្យ​ទៅ​ឈ្មោះ ដា ណេ ជា​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​មណ្ឌលគិរី។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​ថា លោក​បាន​អន្តរាគមន៍​តាម​រយៈ​ទូរស័ព្ទ​ទៅ​មន្ត្រី​ព្រៃ​ឈើ បន្ទាប់​ពី​សហគមន៍​ទប់ស្កាត់​គ្រឿងចក្រ​កំពុង​កាយ​រលំ​​ឈើ​ក្នុង​ព្រៃ​ការពារ។ លោក​ថា មន្ត្រី​អាដហុក កំពុង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ និង​វត្ថុតាង​ទាក់ទិន​ពាក្យ​ប្តឹង​របស់​សហគមន៍​ដើម្បី​សុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ពាក់ព័ន្ធ​ទិញ​លក់​ដី​ខុស​ច្បាប់​នេះ៖ «ខ្ញុំ​នឹង​អន្តរាគមន៍​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ទៅ​ស្ថាប័ន​អយ្យការ។ របាយការណ៍​របស់​ម​ន្ត្រី​ខ្ញុំ​មេព្រៃ​បាន​ហៅ​អ្នក​បើក​គ្រឿងចក្រ​ធ្វើ​កិច្ចសន្យា និង​ផ្តល់​សក្ខីកម្ម​មួយ​ចំនួន»

​ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី បញ្ជាក់​ថា លោក​បាន​ចាត់​មន្ត្រី​ចុះ​ទៅ​កាន់​ទី​កើត​ហេតុ​ហើយ ក៏​ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​របាយការណ៍​យ៉ាង​ណា​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ តំណាង​សហគមន៍​លោក ទឺយ ធិ បញ្ជាក់​ថា មន្ត្រី​ព្រៃឈើ​បាន​ចុះ​ទៅ​ធ្វើ​កំណត់​ហេតុ​ពី​ករណី​នេះ​ហើយ និង​តម្រូវ​ឲ្យ​អ្នកបញ្ជា​គ្រឿងចក្រ​បញ្ឈប់​ការ​ឈូស​ឆាយ​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។