សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ជំទាស់​នឹង​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) ដែល​ជា​បណ្ដុំ​និយោជក​នាំ​ចេញ​សំលៀក​បំពាក់​ទាំង​អស់​នៅ​កម្ពុជា ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​នឹង​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ដែល​សុំ​ឲ្យ​សហភាព​អឺរ៉ុប កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​សំលៀក​បំពាក់ និង​ស្បែក​ជើង​ពី​កម្ពុជា។

អគ្គលេខាធិការ GMAC លោក ខេន លូ (Ken Loo) ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ថា បើ​សហភាព​អឺរ៉ុប កាត់​បន្ថយ​ការ​នាំ​ចូល​សំលៀក​បំពាក់ និង​ស្បែក​ជើង​ពី​កម្ពុជា មែន​នោះ អ្នក​ប៉ះពាល់​មុន​គេ គឺ​កម្មករ មិន​មែន​និយោជក​ឡើយ។ ទីផ្សារ​ធំ​បំផុត​សម្រាប់​ការ​នាំ​ចេញ​សំលៀក​បំពាក់​របស់​កម្ពុជា គឺ​សហភាព​អឺរ៉ុប ហើយ​បើ​សហភាព​អឺរ៉ុប បន្ថយ​ការ​នាំ​ចូល​មែន មាន​ន័យ​ស្មើ​នឹង​ការ​វាយ​បំបែក​ឆ្នាំង​បាយ​របស់​កម្មករ​ដូច្នោះ​ដែរ។ លោក​ជឿ​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នឹង​ធ្វើ​ឱ្យ​កម្មករ​និយោជិក និង​និយោជក​មិន​សប្បាយ​ចិត្ត ព្រោះ​កម្មករ​អាច​នឹង​បាត់បង់​ការងារ​ធ្វើ ហើយ​និយោជក​អាច​នឹង​ត្រូវ​រើ​អាជីវកម្ម​របស់​ខ្លួន​ចេញ​ពី​កម្ពុជា ដោយសារ​តែ​ពួក​គេ​មិន​អាច​នាំ​ផលិតផល​ទៅ​សហភាព​អឺរ៉ុប​បាន។

GMAC អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ រួម​គ្នា​ថែ​រក្សា​ឧស្សាហកម្ម​មួយ​នេះ ខណៈ​ដែល​ការ​ប្រកួត​ប្រជែង​កាន់តែ​កើន​ឡើង ទាំង​នៅ​កម្រិត​ក្នុង​តំបន់ និង​នៅ​លើ​សកល​លោក។

លោក ខេន លូ មាន​ប្រសាសន៍​ថា ទោះ​បី​វិស័យ​នេះ​រីក​ចម្រើន​រាល់​ឆ្នាំ​ក្តី ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ការ​រីក​ចម្រើន​នោះ​ចេះ​តែ​ថយ​ទៅៗ ដោយសារ​តែ​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ពី​ប្រទេស​ជិត​ខាង​កម្ពុជា។ ឧស្សាហកម្ម​កាត់ដេរ​រួម​ចំណែក​បង្កើន​ចំណូល​ជិត ២០​ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប  (GDP) របស់​កម្ពុជា។ បើ​វិស័យ​នេះ​ធ្លាក់​ចុះ នោះ​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។

ខាង​សជីព​កម្មករ ក៏​មាន​ប្រតិកម្ម​ដូច​គ្នា​នេះ​ដែរ កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​កក្កដា ហើយ​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប ឱ្យ​ពិចារណា ហើយ​កុំ​ផ្ដាច់​កូតា​នាំ​ចេញ​សំលៀកបំពាក់​ពី​កម្ពុជា ទៅ​អឺរ៉ុប​អី។

ទោះ​បី​ជា​រដ្ឋាភិបាល​សហជីព និង​និយោជក​យល់​ឃើញ​ថា ការ​បិទ​ទីផ្សារ​នាំ​ចេញ​សំលៀក​បំពាក់​កម្ពុជា ទៅ​អឺរ៉ុប នាំ​ឱ្យ​មាន​បញ្ហា​ចំពោះ​កម្មករ​ក្ដី ក៏​លោក សម រង្ស៊ី លើក​ហេតុផល​ថា បញ្ហា​ប៉ះពាល់​ចម្បង គឺ​មន្ត្រី​ថ្នាក់​ធំៗ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​សំលៀក​បំពាក់​នេះ ព្រោះ​លោក​ថា អ្នក​ទាំង​នោះ​រក​ចំណូល​បាន​ជា​ច្រើន​លើសលប់​ពី​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀក​បំពាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។