ព្រះសង្ឃ​មួយ​អង្គ​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន

អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំ​ខ្ពស់​ នៅ​ស្រុក​បាណន់​ ខេត្ត​បាត់ដំបង ដែល​គ្រាំ​ទ្រ​គណបក្ស​សង្គ្រោះជាតិ​ ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា រើសអើង​និន្នាការ​គណបក្ស​នយោបាយ ដោយ​បាន​​គំរាមកំហែង​ធ្វើ​ឲ្យ​​ព្រះ​អង្គ​​មិន​អាច​គង់​ចាំ​ព្រះវស្សា​បាន។ ក៏​ប៉ុន្តែ​មេ​ឃុំ​តាគ្រាម​បញ្ជាក់​ថា​ អាជ្ញាធរ​ពុំ​បាន​បណ្ដេញ​ព្រះអង្គ​ចេញ​ពី​វត្ត​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំ​ខ្ពស់ បាន​ចេញ​ពី​វត្ត​៤​​ថ្ងៃ ក្រោយ​​ពី​ទទួល​ដំណឹង​ថា​អាជ្ញាធរ​ឃុំ​ និង​ស្រុក​បាណន់ បាន​ប្រកាស​ឲ្យ​ព្រះ​អង្គ​ចាកចេញ​ពី​វត្ត នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​នៅ​ភូមិ​អូរពងមាន់ ឃុំ​តាគ្រាម កាល​ពី​ថ្ងៃទី​១៧ កក្កដា។

អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំ​ខ្ពស់ ព្រះតេជព្រះគុណ ឃឹម សំអឿន​ មាន​ព្រះ​ថេរ​ដីកា​នៅ​ថ្ងៃ​ទី​២០ កក្កដា​ថា ព្រះអង្គ​បាន​ទទួល​ដំណឹង​ពី​ពលរដ្ឋ​ថា​ មេភូមិ មេ​ឃុំ​ និង​អាជ្ញាធរ​ស្រុក​បាណន់ មិន​​ពេញ​ចិត្ត​នឹង​ព្រះអង្គ​គង់​នៅ​វត្ត​ភ្នំ​ខ្ពស់​ឡើយ។ អតីត​ព្រះចៅ​អធិការ​វត្ត​​មាន​វោហារ​ខាង​ទេសនា​រូប​នេះ មាន​ថេរ​ដីកា​ថា មូលហេតុ​ដែល​ព្រះ​អង្គ​មិន​ហាន​គង់​ចាំ​ព្រះវស្សា​ ដោយ​សារ​អាជ្ញាធរ​មូលដ្ឋាន គំរាមកំហែង​ចាប់​ផ្សឹក​និង​បញ្ជូន​ព្រះ​កាយ​ទៅ​តុលាការ ប្រសិន​បើ​ព្រះអង្គ​មិន​ព្រម​ចាកចេញ​ពី​ភ្នំ​ខ្ពស់​នៅ​ក្នុង​ព្រះវស្សា​នេះ៖ «រឿង​នេះ​អាត្មា​យល់​ថា​ ប្រហែល​គេ​ចោទ​ប្រកាន់​អាត្មា​ដឹក​នាំ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​កាន់​អំណាច​សព្វ​នេះ​។ រហូត​គេ​ថា​អាត្មា​បង្កើត​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទៀត​ផង»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​តាគ្រាម លោក អ៊ឹង ប៊ុនយួ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពុំ​បាន​គំរាម​កំហែង​ព្រះអង្គ​មិន​ឲ្យ​គង់​ចាំ​ព្រះវស្សា​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ ក៏ប៉ុន្តែ​លោក​អះអាង​ថា​ កន្លង​ទៅ​ព្រះ​សង្ឃ​រូប​នេះ បង្ក​ការ​លំបាក​ដោយ​រឹង​ទទឹង​មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ​ និង​មន្ត្រី​សង្ឃ​ខេត្ត​បាត់ដំបង​នោះ​ឡើយ៖ «ប៉ុន្តែ​ពួក​យើង​ក៏​មិន​ដែល​ធ្វើ​អី​រំខាន​ព្រះអង្គ​ទេ​ ប៉ុន្តែ​ព្រះអង្គ​ទេ​ទៅ​ចោល​វត្ត​អារាម​ ហើយ​ចង់​និមន្ត​ចេញ​ចូល​តាម​តែ​ចិត្ត​ព្រះអង្គ។ ហើយ​អ្វី​ដែល​សំខាន់​ទៀត​កន្លង​មក​ព្រះ​បាន​ធ្វើ​ប៉ះពាល់​ការងារ​មូលដ្ឋាន​ គឺ​ទៅ​កាយ​ដី​ប្រឡាយ​សាលារៀន​ធ្វើ​ប៉ះពាល់​គ្រឹះ​និង​ខូច​បង្គន់​សាលា​រៀង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ព្រះសង្ឃ​គង់នៅ​វត្ត​ភ្នំខ្ពស់​ ព្រះតេជព្រះគុណ ស៊ លាង មាន​ថេរ​ដីកា​ថា អតីត​ព្រះចៅ​អធិការ គឺជា​ព្រះ​សង្ឃ​ជា​ទី​គោរព​របស់​ពុទ្ធបរិស័ទ​មក​ទី​ជិត​ឆ្ងាយ ពី​ព្រោះ​ព្រះអង្គ​មាន​សន្ដាន​ចិត្ត​ល្អ​ និង​អភិវឌ្ឍ​នៅ​​ក្នុង​វត្ត​អារាម៖ «ឃើញ​ថា​នៅ​ទី​នេះ​លោក​បាន​កសាង​ចាប់​តាំង​ពី​ខ្ទម​ស្បូវ​ទទេ ហើយ​នៅ​តាម​នេះ​ផ្លូវ​ក៏​ជា​ស្នាដៃ​របស់​ព្រះអង្គ​សាងសង់​ដែរ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក(ADHOC)ខេត្ត​បាត់ដំបង​ លោក​ យិន ម៉េងលី ហៅ​ការ​បណ្ដេញ​ព្រះសង្ឃ​មិន​ឲ្យ​គង់​ចាំ​ព្រះវស្សា ពីសំណាក់​អាជ្ញាធរ​នេះ​ ថា​ជា​ការ​គំរាមកំហែង និង​រើសអើង​​និន្នាការ​នយោបាយ​លើ​ព្រះអង្គ ដោយសារ​​កន្លង​មក​ព្រះ​អង្គ​មាន​ប្រជាប្រិយ​ទាក់ទាញ​ខ្លាំង​ពី​ពលរដ្ឋ។

កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា​ ព្រះតេជព្រះគុណ ឃឹម សំអឿន​ និមន្ត​ទេសនា​នៅ​ក្នុង​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី នៅ​រាជធានី​ភ្នំ​ពេញ និង​ធ្លាប់​ចូល​រួម​​ទេសនា​​រិះគន់​រដ្ឋាភិបាល​នៅ​ទីលាន​ប្រជាធិបតេយ្យ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​​ជា​ច្រើន​លើក​ទៀត។ ព្រះតេជព្រះគុណ មាន​ថេរៈ​ដីកា​បន្ថែម​ថា ប្រហែល​ជា​ចំណុច​ត្រង់​នេះ​ហើយ បាន​ជា​​​អាជ្ញាធរ​ក្ដៅ​ស្លឹកត្រចៀក​ធ្វើ​ឲ្យ​ព្រះ​អង្គ​មិន​អាច​គង់​នៅ​វត្ត​បាន។ ព្រះអង្គ​​បាន​ជម្លៀស​ចេញ​ពី​វត្ត​ភ្នំ​ខ្ពស់​​ទៅ​គង់​នៅ​​ផ្ទះ​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​កាល​ពី​​រសៀល​ថ្ងៃ​ទី​១៩​កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។