រដ្ឋាភិបាល​ចាត់តាំង​សម្ដេច ស ខេង ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​ការពារ​ការបោះឆ្នោត និពន្ធដោយ : ថ្មីៗ       July-20-2016, 8:18 pm         842

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋាភិបាល​ចាត់តាំង​សម្ដេច ស ខេង ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​ការពារ​ការបោះឆ្នោតរដ្ឋា​សម្រេច​បង្កើត​គណៈបញ្ជាកា​រ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការពារ​ការបោះឆ្នោត ដែលមាន​ភារកិច្ច​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​ប្រចាំឆ្នាំ និង​ការបោះឆ្នោត​ថ្នាក់ជាតិ-ថ្នាក់ក្រោម​ជាតិ ចាប់ពី​ឆ្នាំ ២០១៦-២០១៩ ។

រដ្ឋាភិបាល បានសម្រេច​ប្រគល់​ភារកិច្ច​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង ធ្វើជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ និង​អនុប្រធាន​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រួមទាំង​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាល​គ្រប់​បណ្ដា​រាជធានី ខេត្ត​ជាច្រើនរូប​ទៀត​ជា​សមាជិក។

បើតាម​សេចក្ដីសម្រេច​ចុះ​ថ្ងៃទី១៧ មិថុនា របស់​រដ្ឋាភិបាល​ដែល​ទើប​ចេញផ្សាយ​នាពេលនេះ គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ មាន​ភារកិច្ច​តាមដាន ត្រួតពិនិត្យ និង​គ្រប់គ្រង​ការប្រើប្រាស់​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ធានា​ដំណើរការ​បោះឆ្នោត​ប្រចាំឆ្នាំ និង​ការបោះឆ្នោត​ថ្នាក់ជាតិ-ថ្នាក់ក្រោម​ជាតិ ចាប់ពី​ឆ្នាំ ២០១៦-២០១៩ ។ គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​នេះ ត្រូវ​ពិគ្រោះ​យោបល់ និង​ចាត់ចែង​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ ស​វត្ថិ​ភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមទាំង​វិស័យផ្សេងៗតាម​សំណើ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ្រប់លំដាប់​ថ្នាក់​ស្រប់​តាមច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ ពិសេស​ច្បាប់​ស្តីពី​ការបោះឆ្នោត​របស់ គ.ជ.ប …។

សេចក្ដីសម្រេច​បន្តថា គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​នេះ ក៏មាន​សិទ្ធ​អាច​ប្រើប្រាស់​ត្រា​របស់​ទី​ស្តី​គណៈរដ្ឋមន្ត្រី ក្នុងការ​បំពេញមុខ​ងា​រ និង​ភារកិច្ច​របស់ខ្លួន។ ហើយ​គណៈបញ្ជាការ​សន្តិ​សុខ​នេះ​ត្រូវមាន​លេខាធិការដ្ឋាន​មួយ​ជា​សេនាធិការ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែលមាន​សមាសភាព និង​ភារកិច្ច​កំណត់ដោយ​គណៈបញ្ជាការ។ ចំណែក​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​កង​យោ​ធិ​ពល​ខេមរភូមិន្ទ ដែលមាន​មូលដ្ឋាន​ឈ​ជើង​នៅលើ​ទឹកដី​ភូមិសាស្ត្រ​រាជធានី ខេត្តនីមួយៗ ត្រូវ​រៀបចំ​បំពេញភារកិច្ច​ជា​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ផ្អែក​តាម​ផែន​ការដែល​បានកំណត់។

រដ្ឋាភិបាល​អះអាងថា តាម​និតិ​កាល និង​អាណត្តិនីមួយៗ ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព គ្មាន​ការភ័យខ្លាច ការបំភិតបំភ័យ ការ​គម្រាមកំហែង និង​ការប្រើ​អំពើហិង្សាផ្សេងៗឡើយ។