តួ​ក​គី បញ្ជូន​ភស្តុតាង​ឲ្យ​អាមេរិក​ចាប់ខ្លួន​លោក Gulen ខណៈ​ការ​បោសសម្អាត​កំពុង​បន្ត​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-20-2016, 8:59 pm         488

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តួ​ក​គី បញ្ជូន​ភស្តុតាង​ឲ្យ​អាមេរិក​ចាប់ខ្លួន​លោក Gulen ខណៈ​ការ​បោសសម្អាត​កំពុង​បន្ត​​រដ្ឋាភិបាល​តួ​ក​គី បាន​បញ្ជូន​ឯកសារ ដែល​អះអាង​ជា​ភស្តុតាង​បង្ហាញ​ពី​ការពាក់ព័ន្ធ​របស់លោក Fetullah Gulen ក្នុងការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច សំដៅ​ផ្ដួលរំលំ​រដ្ឋាភិបាល​តួ​ក​គី ទៅ​អាមេរិក​ហើយ បើទោះជា​លោក Gulen បដិសេធ​រួច​ក៏ដោយ​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​តួ​ក​គី បន្ត​ចាប់ខ្លួន និង​បណ្ដេញ​ចេញពី​តំណែង​មនុស្ស​ជាច្រើន​ថែមទៀត ក្នុងការ​បោសសម្អាត​ឬ​សគល់​នៃ​ការប៉ុនប៉ង​នេះ​។

​នាយករដ្ឋមន្ត្រី​តួ​ក​គី Binali Yildirim និយាយថា តួ​ក​គី​បាន​ដាក់សំណើ​ផ្លូវការ​ដល់​រដ្ឋាភិបាល​អាមេរិក ក្នុង​ការធ្វើ​បត្យាប័ន​បព្វជិត Fetullah Gulen ដែល​តួ​ក​គី​អះអាងថា នៅ​ពីក្រោយ​រដ្ឋប្រហារ​ដែល​មិន​ជោគជ័យ​។ ជាមួយគ្នានេះ រដ្ឋាភិបាល​តួ​ក​គី ក៏​បន្ត​បោសសម្អាត​អ្នក​ដែល​ពាក់ព័ន្ធ​ដទៃទៀត ដោយបាន​ចាប់ខ្លួន​មនុស្ស​រាប់សិប​ពាន់​នាក់ និង​បណ្ដេញ​មនុស្ស​ជាច្រើន​ទៀត ដែល​រូ​ម​ទាំង​ប៉ូលិស យោធា និង​បុគ្គលិក​អប់រំ ស៊ីវិល​ថ្នាក់​ខេត្ត ចេញពី​តំណែង​ផងដែរ​។​

​លោក Binali Yilidrim បានប្រកាស​ពី​ការដាក់សំណើ​នេះ​ក្នុង​កិច្ចប្រជុំសភា នៅ​ថ្ងៃទី​១៩ ខែកក្កដា​។ លោក​បាន​ប្រាប់​សមាជិកសភា​ទៀតថា តួ​ក​គី បាន​បញ្ជូន​ភស្តុតាង​ជុំវិញ​តួនាទី​របស់លោក Gulen ទៅ​អាមេរិក​រួចហើយ និង​បាន​ហៅ​លោក Gulen ថា​មេដឹកនាំ​ភេរ​វករ​។ លោក​បន្តថា កម្លាំង​រថក្រោះ មិនអាច​ឈ្នះ​កម្លាំង​ប្រជាជន​បានទេ ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ នឹងត្រូវ​ទទួលទោស​ធ្ងន់ធ្ងរ​។

​ចំណែក​អ្នកនាំពាក្យ​សេត​វិមាន លោក Josh Earnest បញ្ជាក់ដែរថា រដ្ឋាភិបាល​តួ​ក​គី​ពិតជា​បាន​បញ្ជូន​ឯកសារ​តាមរយៈ​អេ​ឡិច​ត្រូ​និ​ច​មែន ហើយ​អាមេរិក កំពុងតែ​ពិនិត្យមើល​ឯកសារ​នោះ​។ យ៉ាងណាមិញ នៅក្រោម​កិច្ចព្រមព្រៀង​បត្យាប័ន​រវាង​អាមេរិក និង​តួ​ក​គី ក្រុង​វ៉ាស៊ីនតោន អាចធ្វើ​បត្យាប័ន​បុគ្គល​ណាមួយ លុះត្រាតែ​បុគ្គល​នោះ ធ្វើអំពើ​ដែល​អាចធ្វើ​បត្យាប័ន​បាន​។ បើតាម​ទូរទស្សន៍ CNN ទោស​លោក Gulen ដែល​ត្រូវ​តួ​ក​គី​ចោទថា មានទោស​ក្បត់ជាតិ មិន​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ទេ​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​ជោគជ័យ ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បាន​បញ្ជា​ឲ្យ​បោសសម្អាត​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់​។ ប្រភពព័ត៌មាន​ដដែល​បង្ហាញថា មនុស្ស​ជាង​ពីរម៉ឺន​នាក់ ត្រូវបាន​បណ្ដេញចេញ ឬក៏​ត្រូវ​សាកសួរ​ដោយ​អាជ្ញាធរ​។ ក្រសួងមហាផ្ទៃ​តួ​ក​គី និយាយថា មន្ត្រី​របស់ខ្លួន​ជាង​៩​ពាន់​នាក់ ដែល​ភាគច្រើន​ជា​ប៉ូលិស និង​កម្លាំង​សន្តិសុខ ត្រូវ​បណ្ដេញចេញ​។

​ជាមួយគ្នានេះ បុគ្គលិក​អប់រំ​ច្រើនជាង​១​ម៉ឺន​៥​ពាន់​នាក់ ក៏ត្រូវ​បាន​ព្យួរ និង​ដាក់​ក្រោម​ការស៊ើបអង្កេត ជុំវិញ​ការពាក់ព័ន្ធ​នឹង​លោក Gulen​។ លើសពីនេះ សារ​ព័ត​មាន​ក្នុងស្រុក​តួ​ក​គី​ផ្សាយ​ថា គ្រូបង្រៀន​ជាង​ពីរម៉ឺន​នាក់​ផ្សេងទៀត ត្រូវបាន​ដកហូត​អ​ជ្ញា​បណ្ណ​ផងដែរ ខណៈ​មន្ត្រីជាន់ខ្ពស់​យោធា ជាច្រើន​ទៀត ក៏ត្រូវ​ឃាត់ខ្លួន ដោយសារ​ការចោទប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​៕