យុវជន​៣​នាក់​លួច​ម៉ូតូ​១​គ្រឿង​ពី​ស្រុក​ទឹកផុស​ទៅ​លក់​ស៊ីចាយ​នៅ​ក្រុងភ្នំពេញ ២៣​ថ្ងៃ​ក្រោយមក​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​៣​នាក់​ជា​ចោរលួច​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ទឹកផុស​ធ្វើការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ នៅ​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ឃុំ​ក្រាំង​ស្គារ និង​ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ដោយ​ចោទប្រកាន់​ពីបទ​លួច មាន​ស្ថាន​ទម្ងន់ទោស ដែល​បាន​លួច​គេ​ម៉ូតូ​១​គ្រឿង កាល​២៣​ថ្ងៃមុន នៅក្នុង​យប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស​។​

លោក​វរសេនីយ៍ត្រី ខែម វិបុល អធិការនគរបាល ស្រុក​ទឹកផុស​បាន​និយាយ​អោយដឹងថា​៖ កាល​យប់​ពី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ មាន​ជនសង្ស័យ​មួយក្រុម បានធ្វើ​សកម្មភាព លួច​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ សេរី​០៨ មួយគ្រឿង ជា​របស់​ឈ្មោះ អ៊ុន គឹម​សាន្ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្រែ​តា​ជ័យ​ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ។

លោក​បាន​បន្តថា​៖ ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ដោយមាន​សាក្សី​ដាក់បន្ទុក​ផង​នោះ ទើប​នៅ​ថ្ងៃទី​១៩ ខែកក្កដា​នេះ សមត្ថកិច្ច បានសម្រេច ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៣​នាក់ ដែល​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជូន​រងគ្រោះ កាលពី​២៣​ថ្ងៃមុន គឺ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន ៖ ១​ឈ្មោះ នូ ម៉ា​នី​ន អាយុ​១៨​ឆ្នាំ ២​ឈ្មោះ ទេព ច​ន្នី អាយុ​១៨​ឆ្នាំ និង​៣​ឈ្មោះ លី ម៉ាប់ អាយុ​២២​ឆ្នាំ ពួកគេ​ទាំង​៣​នាក់​មាន​ទីលំនៅ ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍​ជាមួយ​ម្ចាស់​ម៉ូតូ​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ ទាំង​៣​នាក់ បាន​សារភាពថា​៖ ពួកគេ​ពិតជា​បាន​លួច​ម៉ូតូ ជនរងគ្រោះ​ពិតមែន ដោយ​យប់នោះ ២​នាក់​បានធ្វើ​សកម្មភាព​ចូល​លួច និង​ម្នាក់ទៀត នៅចាំ​ខាងក្រៅ​បន្ទាប់ពី​លួចបាន ពួកគេ​បាននាំគ្នា​ជិះ​ម៉ូតូ​នោះ យកទៅលក់​នៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​ប្រាក់​ចំនួន​២៥០ ដុល្លា ហើយ​បន្ត​នៅ​ដើរលេង ស៊ីចាយ​អស់ ទាល់តែ​អស់​លុយ ទើប​ត្រឡប់​វិញ​ផ្ទះ​វិញ នោ​យ​ដល់​ថ្ងៃនេះ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។

ជនសង្ស័យ​ទាំង​៣​នាក់ ជា​ចោរលួច​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ទឹកផុស កសាង​សំ​ណំះ រឿង​តាម​និតិ​វិធី​ដោយ​ចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​លួច​មាន​គ្នាច្រើន​)​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​បន្ត​តាម​និតិ​វី​ធី​តាមផ្លូវ​ច្បាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការ ខេត្ត​ចាត់ ការបន្ត​តាម​និតិ​វិធី​៕ រិ​ទ្ធិ ជ័យ

KA-20-07-2016-01
​ ​ ​ ​ ​ ​
​ ​