សិស្ស​និទ្ទេស​ A ឆ្នាំ​មុន​​ និង​​សិស្ស​អាហារូបករណ៍​​ ​ប្រាប់​​​​​បទ​ពិសោធន៍​​ត្រៀម​​​​​បាក់​ឌុប​​

​ការ​ប្រលង​​បាក់​ឌុប​ទូទាំង​ប្រទេស​​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២២ និង ២៣​ ខែ​សីហា​​​ ២០១៦​ កាន់ខិតជិត​ឈាន​មក​ដល់។ សម្រាប់​ឆ្នាំ​២០១៦​នេះ តាម​ប្រសាសន៍​ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន បាន​ឲ្យ​ដឹង​ថា វិធាន​ការ​ចំពោះ​ការ​ប្រលង គឺ​នៅ​តែ​តឹងរ៉ឹង​ដដែល​ ពោល​ គឺ​គ្មាន​ការ​បន្ធូរ​បន្ថយ​​អ្វី​ឡើយ។

 

សិស្ស​និទ្ទេស​ A ឆ្នាំ​មុន​​ និង​​សិស្ស​អាហារូបករណ៍​​ ​ប្រាប់​​​​​បទ​ពិសោធន៍​​ត្រៀម​​​​​បាក់​ឌុប​​

 

សិស្សានុសិស្ស​​ជា​ច្រើន​ ខ្លះ​បាន​ត្រៀម​ខ្លួន​​តាំង​ពី​​​ដើម​ឆ្នាំ និង​ខ្លះ​ទៀត​​​ពុំ​ទាន់​បាន​ត្រៀម​​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​​សម្រាប់​រយៈ​ពេល​ខ្លី​​ជិត​ដល់​ថ្ងៃ​ប្រលង​នេះ​។ តាម​រយៈ​​សិស្ស​និទ្ទេស​ A ឆ្នាំ​មុន​ៗ និង​​​និស្សិត​អាហារូបករណ៍​​សិក្សា​នៅ​បរទេស​​បាន​រៀប​រាប់​ពី​បទ​ពិសោធន៍​​​​​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ចំពោះ​​ការ​ត្រៀម​​មុន​ថ្ងៃ​ប្រលង​មក​ដល់​។

 

យុវជន​ លឹម រស្មី​ សិស្ស​​និទ្ទេស​A ឆ្នាំ​២០១៥ និង​បច្ចុប្បន្ន​ជា​​និស្សិត​​​អាហារូបករណ៍​១០០​ភាគ​រយ​ សិក្សា​ផ្នែក​​​ព័ត៌មាន​វិទ្យា​នៅ​សកលវិទ្យាល័យ​អាម៉េរិកាំង​បាន​រៀប​រាប់​​ប្រាប់​ថា ​រូប​គេ​បាន​​រៀន​គួរ​ត្រៀម​តាំង​ពី​ដើម​ឆ្នាំ​ គឺ​មុខ​វិជ្ជា​រូប គណិត​ រូប​ គីមី ជីវៈ។​ ក្នុង​​​មួយ​ថ្ងៃ​ រស្មី​​​ប្រាប់​ថា​រូប​គេ​ប្រើ​ពេល​១​ម៉ោង​កន្លះ​ទៅ​២​ម៉ោង​​ សម្រាប់​មុខ​វិជ្ជា​មេរៀន​ទន្ទេញ​​ និង​៣​ទៅ​៥​ម៉ោង ដើម្បី​​​ធ្វើ​លំហាត់​​។

 

រស្មី​​និយាយ​ថា ខ្លួន​​តែង​​​បញ្ចប់​លំហាត់​​​ម៉ោង​គួរ​និង​ម៉ោង​រដ្ឋ​នៅ​សាលា​ជា​ស្រេច ហើយ​ចំណាយ​ពេល​នៅ​ផ្ទះ​សម្រាប់​ធ្វើ​​លំហាត់​តាម​សៀវភៅ​​​​​​​​​ផ្សេង​ៗ៖ “ខ្ញុំ​​ចំណាយ​ពេល​នៅ​ផ្ទះ​ធ្វើ​លំហាត់​មក​ពី​គ្រប់​តំបន់ គ្រប់​គ្រូ ភាគ​ច្រើន​​មក​ពី​ជ័យ​ថាវី។ លំហាត់​ដែល​ខ្ញុំ​បាន​គឺ​មក​ពី​មិត្តភ័ក្ដិ​ដែល​គាត់​រៀន​នៅ​ទី​នោះ​ និង​កន្លែង​លក់​សៀវភៅ​ម្ដុំ​នោះ។ ពេល​ដែល​ខ្ញុំ​ទាល់​លំហាត់​ណា​​មួយ​ ខ្ញុំ​តែងតែ​​យក​លំហាត់​នោះ​ទៅ​សួរ​​គ្រូ​របស់​ខ្ញុំ”។​​​​​​​​​​​​​​​​​

 

ចំពោះ​ការ​ត្រៀម​១​ខែ​មុន​ប្រលង អតីត​សិស្ស​វិទ្យាល័យ​​ជាស៊ីម សន្ធរម៉ុក រូប​នេះ​បន្ត​ថា “១​ខែ​មុន​ប្រលង​ខ្ញុំ​បញ្ឈប់​រាល់​ការ​សិក្សា​​ក្រៅ​ទាំង​ឡាយ​(រៀន​គួរ)។ ខ្ញុំ​​ចំណាយ​ពេល​​ប្រហែល​ជាង​១០​​ម៉ោង​នៅ​ផ្ទះ​​ ធ្វើ​លំហាត់​ដែល​ខ្ញុំ​មាន​​​​”​។​ សម្រាប់​មុខ​វិជ្ជា​ដូច​ជា​ រូប​ និង​គីមី ​រស្មី​បាន​ឲ្យ​ដឹង​ថា​​រូប​គេ​បាន​ចង​​ក្រង​​​ជា​សំនួរ​ចម្លើយ​​​​ ដើម្បី​ជា​ការ​សង្ខេប​មេរៀន​​ផង​ដែរ​។

 

សិស្ស​និទ្ទេស​ A ឆ្នាំ​មុន​​ និង​​សិស្ស​អាហារូបករណ៍​​ ​ប្រាប់​​​​​បទ​ពិសោធន៍​​ត្រៀម​​​​​បាក់​ឌុប​​

យុវជន​ លឹម រស្មី

 

​ រស្មី​បាន​ផ្ដាំ​​ផ្ញើ​​​ដល់​​​សិស្ស​​ថ្នាក់​ទី​១២​ដែល​​ត្រូវ​ប្រលង​បាក់​ឌុប​ថា​ គួរ​​ផ្ដោត​​លើ​ការ​សិក្សា ថែ​សុខភាព​ដោយ​គេង​និង​ហូប​ឲ្យ​បាន​គ្រប់​គ្រាន់​ និង​កាត់​បន្ថយ​ការ​​ចំណាយ​ពេល​ច្រើន​លើ​​​ការ​លេង​ Facebook ។ មិន​តែ​ប៉ុណ្ណោះ សិស្ស​គួរ​ធ្វើ​​អារម្មណ៍​ធម្មតា​​(មិន​ភ័យ) នៅ​ថ្ងៃ​ប្រលង និង​ចៀស​វាង​ការ​លួច​យក​វិញ្ញាសា​​ចូល​មណ្ឌល​ប្រលង​។

 

ដោយ​ឡែក ងាក​ទៅ​ស្ដាប់​បទ​ពិសោធន៍​ពី​សិស្ស​​និទ្ទេស A ឆ្នាំ​២០១៥ ថាច់ ងួន​ហេង បច្ចុប្បន្ន​ជា​និស្សិត​សិក្សា​នៅ​សកលវិទ្យាល័យ​New York Korea ​​នៅ​ប្រទេស​កូរ៉េ​ បាន​រៀប​រាប់​​ប្រាប់​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​តាំង​ពី​ដើម​ឆ្នាំ​​មក​ម្ល៉េះ​ ពោល​គឺ​តាំង​តែ​​​ពី​វ៉ាកង​ថ្នាក់​ទី​១១ ដោយ​រៀន​គួរ​គ្រប់​មុខ​វិជ្ជា​។

 

ងួន​ហេង​បាន​ឲ្យ​ដឹង​ថា រូប​គេ​បាន​បែង​ចែក​ពេល​​​សិក្សា​ត្រៀម​ប្រលង​របស់​ខ្លួន​ជា​បី​​ផ្នែក គឺ​​ការ​រៀន​​រដ្ឋ រៀន​គួរ និង​រៀន​ជា​មួយ​ដៃ​គូ​ជា​លក្ខណៈ​ស្វ័យ​សិក្សា។ ​​​ការ​ត្រៀម​​​​​មុខ​វិជ្ជា​​លំហាត់​ និង​មុខ​វិជ្ជា​ទន្ទេញ ​អតីត​សិស្ស​​​​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​រូប​នេះ​​​និយាយ​ថា៖ “សម្រាប់​មុខ​វិជ្ជា​លំហាត់​និង​ ទន្ទេញ​គឺ​ខ្ញុំ​រៀន​ដូច​គ្នា ខ្ញុំ​យល់​ឃើញ​ថា​នៅ​ពេល​ដែល​យើង​យល់​ពី​មេរៀន​នោះ​យើង​នឹង​ចាំ​វា​ក្នុង​ពេល​តែ​មួយ”។

 

សិស្ស​និទ្ទេស​ A ឆ្នាំ​មុន​​ និង​​សិស្ស​អាហារូបករណ៍​​ ​ប្រាប់​​​​​បទ​ពិសោធន៍​​ត្រៀម​​​​​បាក់​ឌុប​​

យុវជន  ថាច់ ងួន​ហេង

 

​​​​រយៈ​ពេល​មួយ​​ខែ​ សម្រាប់​ត្រៀម​បាក់​ឌុប ងួន​ហេង​បាន​​រៀប​រាប់​ថា៖ “សល់​មួយ​ខែ​ យើង​ត្រូវ​យល់​​ពី​សមត្ថភាព​របស់​យើង ខំ​​​មុខ​វិជ្ជា​ដែល​ខ្សោយ​​តែ​មិន​គួរ​ មើល​ស្រាល​មុខ​វិជ្ជា​ដែល​យើង​ចេះ​ និង​បោះ​បង់​មុខ​វិជ្ជា​ដែល​​​មិន​ចេះ​ទាល់​តែ​សោះ​នោះ​ទេ”។ ក្រៅ​ពី​នោះ ហេង​បន្ថែម​ថា ​​​មុន​ថ្ងៃ​​ប្រលង​រូប​គេ​ផ្ទាល់​ ខំ​ប្រឹង​ប្រែង​ធ្វើ​លំហាត់ ដើម្បី​​ឲ្យ​មាន​ភាព​ស៊ាំ​​នឹង​គន្លឹះ​របស់​លំហាត់​នី​មួយ​ៗ។

 

​​ងាក​ទៅ​ស្ដាប់​បទ​ពិសោធន៍​​ត្រៀម​ប្រលង​បាក់​ឌុប របស់​និស្សិត​​អាហារូបករណ៍​កំពុង​សិក្សា​​​ថ្នាក់​បរិញ្ញាបត្រ​​គណិតវិទ្យា​​នៅ​សកលវិទ្យាល័យ​មហា​សារ៉ា​ខាម​នៅ​ប្រទេស​ថៃ គឺ​ កញ្ញា​ គីម រចនា ​​​​​(ចប់​បាក់​ឌុប​ឆ្នាំ​២០១៣ )បាន​រៀប​រាប់​ថា កញ្ញា​​បាន​ត្រៀម​​ខ្លួន​តាំង​តែ​ពី​ដើម​ឆ្នាំ ដោយ​រៀន​គួរ​​​​​​ក្នុង​មួយ​មុខវិជ្ជា​តែ​១​ម៉ោង​ប៉ុណ្ណោះ ដោយ​កញ្ញា​​​​ចំណាយ​ពេល​​យក​​លំហាត់​ដែល​រៀន​ជា​មួយ​គ្រូ​​មក​​ដោះ​ស្រាយ​ឲ្យ​បាន​ច្រើន ជា​ពិសេស​​គឺ​មុខ​វិជ្ជា គណិត រូប គីមី និង​ជីវៈ។

 

និស្សិត​ឆ្នាំ​ទី​៣​រូប​នេះ​បាន​និយាយ​ថា ​ ក្នុង​ការ​ត្រៀម​ប្រលង​ កញ្ញា​​បាន​បែង​ចែក​​កាល​វិភាគ​សិក្សា​ មុខ​វិជ្ជា​ទន្ទេញ និង​មេរៀន​លំហាត់​ជា​ពីរ​ពេល​ផ្សេង​គ្នា ដោយ​​​អនុវត្ត​ធ្វើ​លំហាត់​នៅ​ពេល​យប់ និង​ក្រោក​​​ទន្ទេញ​​អាន​មេរៀន​​​​​​ពេល​ម៉ោង​៥​​ព្រឹក​ព្រលឹម។

 

សិស្ស​និទ្ទេស​ A ឆ្នាំ​មុន​​ និង​​សិស្ស​អាហារូបករណ៍​​ ​ប្រាប់​​​​​បទ​ពិសោធន៍​​ត្រៀម​​​​​បាក់​ឌុប​​

យុវតី គីម រចនា

 

ចំពោះ​​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​មុន​ពេល​ប្រលង អតីត​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​ តាំង​គោក​​​មក​ពី​ខេត្ត​កំពង់​ធំ​​រូប​នេះ​​បាន​និយាយ​ថា៖ “…រៀន​ដោះ​ស្រាយ​​​វិញ្ញាសា​ចាស់​ៗ​ដែល​ធ្លាប់​ចេញ​ប្រលង បាក់​ឌុប​។ ព្រោះ​លំហាត់​ដែល​ចេញ​ប្រលង​គឺ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​​នឹង​​វិញ្ញាសា​ចាស់​ៗ។ ធ្វើ​លំហាត់​​​ដែល​ធ្លាប់​ចេញ​ប្រលង​​ឲ្យ​បាន​ច្រើន​​ ធ្វើ​ឲ្យ​យើង​​ស៊ាំ​​​និង​ស្គាល់​លំហាត់​បែប​បាក់ឌុប​បាន​ច្រើន”។ បន្ថែម​ពី​នោះ អតីត​សិស្ស​​ពូកែ​គណិតវិទ្យា​​ថ្នាក់​ខេត្ត​រូប​នេះ​បាន​ផ្ដាំ​ផ្ញើ​​ដល់​ប្អូន​ៗ​​សិស្ស​ទី​១២​ដែល​ត្រូវ​ប្រលង​បាក់​ឌុប គប្បី​រំលឹក​មេរៀន​​ទាំង​អស់​ឡើង​វិញ ដើម្បី​ត្រៀម​ខ្លួន​​​ឲ្យ​បាន​ល្អ និង​ត្រូវ​មាន​ជំនឿ​​ចិត្ត​​លើ​ខ្លួន​ឯង ដោយ​ប្រឹង​ប្រែង​​ឲ្យ​អស់​ពី​សមត្ថភាព៕ ​​​​​​​​​​​​​​​​​

 

ចុចអាន​៖  ទឹក​ដល់​ច្រមុះ ​សិស្ស​បាក់ឌុប គួរត្រៀម​ខ្លួន​ដូចម្ដេច?

អត្ថបទ៖ មាន រតនា

រូបភាព៖ ផ្តល់ឲ្យ

​​ ​​

​​​​

​​​​​​​​​​​