ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី២៤)

ភាគ​ទី​​២៤
​​
​​​​​​​​អាចារ្យ​ម៉ាឃី​ចាប់​ជីពចរ​ដាស់​ព្រះ​នាង​ហួងជិង​ ឱ្យ​ទ្រង់​រំលឹក​ស្មារតី​ឡើង​វិញ​ ហើយ​ដាក់​ព្រះនាង​ឱ្យ​ផ្ទំ​សម្រាក​​ព្រះ​កាយ​​នៅ​លើ​ផ្ទាំង​សិលា​មួយ។
ជូធុង​បន្លឺ​វាចា​ឡើង​ថា​៖
«ខាន​ជួប​គ្នា​១០ឆ្នាំ​ ស្មាន​មិន​ដល់​ថា​ស្រី​កំណាច​នេះ​ មាន​ថ្វី​ដៃ​អី​ក៏​ចម្រើន​ឆាប់​ដល់​ម្ល៉ឹង​សោះ ប្រសិន​បើ​មិន​បាន​លោក​ម្ចាស់​ជួយ​ទេ​នោះ​ ពួក​យើង​ពិត​ជា​មិន​អាច​ជៀស​ផុត​ពី​គ្រោះ​កាច​នេះ​ឡើយ!»
អាចារ្យ​ម៉ាឃី​ឮ​សម្ដី​អំណរ​គុណ​នេះ​ គាត់​ចង​ចិញ្ចើម​ហើយ​ដក​ដង្ហើម​ធំ​ ហាក់​ដូច​មាន​ការ​បារម្ភ​ពី​រឿង​អ្វី​មួយ។

 

ជូធុង​ឃើញ​ដូច្នេះ​ក៏​ពោល​ថា៖
«មិន​ដឹង​ជា​លោក​ម្ចាស់​មាន​រឿង​អី​ បាន​ជា​ទឹក​មុខ​ក្រៀមក្រំ​យ៉ាង​នេះ​ ពួក​យើង​មិន​មែន​ជា​អ្នក​ខ្លាំង​ពូកែ​ណាស់​ណា​ទេ តែ​ពួក​យើង​អាច​បំពេញ​កិច្ច​បាន​ខ្លះ​នោះ​ ពួក​យើង​ស៊ូ​ធ្វើ​តាម​បង្គាប់​លោក​ទាំង​អស់​ដោយ​ឥត​រួញរា​ឡើយ!»
អាចារ្យ​ម៉ាឃី​ដក​ដង្ហើម​ធំ​ឆ្លើយ​ឡើង​ថា​៖
«ខ្ញុំ​មិន​បាន​ជា​គិត​ អម្បាញ់មិញ​នេះ​ខ្ញុំ​ចាញ់​បោក​ម៉ីឆាវហ្វុង​មួយ​ចាន​ទៅ​ហើយ!»
អ្នក​រាល់​គ្នា​ភ្ញាក់​នឹង​សម្ដី​នេះ​ណាស់​ គេ​សួរ​ព្រម​គ្នា​ថា៖
«មី​ស្រី​កំណាច​នោះ ​វា​បាន​ប្រើ​អាវុធ​សម្ងាត់​បណ្ដាល​ឱ្យ​លោក​ម្ចាស់​មាន​របួស​ឬ?»
អាចារ្យ​ម៉ាឃី​ឆ្លើយ​ឡើង​ថា៖
«មិន​មែន​ដូច្នេះ​ទេ! អម្បាញ់មិញ​វា​បាន​ចោទ​ប្រស្នា​ឱ្យ​ខ្ញុំ​ដោះ​ស្រាយ​ ខ្ញុំ​មិន​បាន​ជា​គិត​ក៏​ឆ្លើយ​ប្រាប់​វា​យ៉ាង​ក្បោះ​ក្បាយ​ ចម្លើយ​ទាំង​នេះ​ថ្ងៃ​ក្រោយ​នឹង​កើត​មាន​ឥទ្ធិពល​អាក្រក់​មិន​ខាន!»

 

ជន​ចម្លែក​៦​នាក់​ព្រម​ទាំង​កួកឆេង​ជា​សិស្ស​មិន​យល់​នូវ​ពាក្យ​សម្ដី​របស់​អាចារ្យ​នេះ​សោះ​ អាចារ្យ​ម៉ាឃី​ក៏​ស្រាយ​ថា​៖
«ថ្វី​ដៃ​ប្រយុទ្ធ​របស់​ស្រី​កំណាច​នេះ​ វា​ប្រហែល​ជា​ខ្លាំង​ពូកែ​ជាង​ខ្ញុំ​និង​អស់​លោក​រាល់​គ្នា​ទៅ​ទៀត​ ទុក​ជា​សិស្ស​ប្អូន​ខ្ញុំ​ឈីឈូវជី​នៅ​ទីនេះ​ដែរ ប្រហែល​ជា​មិន​អាច​ឈ្នះ​វា​ដោយ​ងាយ​ទេ តែ​កម្លាំង​ក្នុង​ខ្លួន​របស់​វា​នៅ​មិន​ទាន់​ហាត់​បាន​ល្អ​នៅ​ឡើយ​ មិន​ជា​វា​ទៅ​លួច​បាន​គម្ពីរ​ហាត់​កម្លាំង​មក​ពី​ណា​ដោយ​គ្មាន​គេ​ជា​អ្នក​ពន្យល់​ ទើប​វា​មិន​យល់​នូវ​អត្ថន័យ​នៃ​គម្ពីរ​ទាំង​នោះ​។

 

អម្បាញ់មិញ​វា​ចោទ​សួរ​ខ្ញុំ​ គឺ​ប្រយោគ​នៅ​ក្នុង​ក្រាំង​គម្ពីរ​ដែល​វា​បាន​គិត​យូរ​មក​ហើយ​ នៅ​តែ​មិន​យល់​នោះ​ឯង​ ពិត​មែន​តែ​ខ្ញុំ​ដឹង​ខ្លួន​ទាន់​មិន​បាន​ឆ្លើយ​ដោះ​ប្រស្នា​ទី​ពីរ​នោះ​ក៏​ដោយ​ ប៉ុន្តែ​វា​បាន​ដឹង​តែ​មួយ​ម៉ាត់​នោះ​ឯង​ ចំពោះ​វា​គឺ​គ្រប់​ណាស់​ទៅ​ហើយ​ ថ្ងៃ​ក្រោយ​កម្លាំង​ក្នុង​ខ្លួន​វា​ប្រាកដ​ជា​បាន​ចម្រើន​យ៉ាង​ឆាប់​មិនខាន​»

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី២៤)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ