មាស​ សាលី​ ចេញ​ទៅ​ច្រៀង​ក្រៅប្រទេស​រក​ថវិកា​ជួយ​ក្មេង​កំព្រា​​

ក្រោយ​ត្រឡប់​មក​ពី​សម្ដែង​នៅ​​សហរដ្ឋ​អាមេរិក​វិញ​មិន​ទាន់​បាន​មួយ​ខែ​ស្រួល​បួល​ផង​ ឥឡូវ​នេះ មាស សាលី បន្ត​ដំណើរ​ទៅ​សម្ដែង​នៅ​អូស្ត្រាលី​​ដើម្បី​យក​ថវិកា​ជួយ​កុមារ​កំព្រា និង​ តាម​តំបន់​ដាច់​ស្រយាល​នានា​ដែល​កំពុង​តែ​ប្រឈម​នឹង​ការ​ខ្វះ​ខាត​។​​

 

តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​សាន់ដេ​ ថ្លែង​មុន​នេះ៖”ឆ្នាំ​នេះ​មាន​យីអ៊ុន​​ទៅ​​សម្ដែង​នៅ​ក្រៅ​ច្រើន​ដែរ​អូន ប៉ុន្តែ​ទៅ​អូស្ត្រាលី​លើក​នេះ​ទៅ​បែប​​ការ​ងារ​សប្បុរសធម៌​ស្វែង​រក​ថវិកា​មក​ជួយ​ក្មេង​ៗ​កំព្រា ឬ​ក៏​ជួយ​សង់​ជា​សាលា​រៀន​ សម្ភារៈ​សិក្សា អណ្ដូងទឹក ជា​ពិសេស​ក្មេង​ៗ​ដែល​នៅ​ឆ្ងាយៗ​”។

 

មាស​ សាលី​ ចេញ​ទៅ​ច្រៀង​ក្រៅប្រទេស​រក​ថវិកា​ជួយ​ក្មេង​កំព្រា​​រូបភាព៖ ហ្វេសប៊ុក មាស សាលី

ម្ចាស់​បទ​ “​អង្គរក្ស​បេះ​ដូង” បន្ត​ឲ្យ​ដឹង​ទៀត​ថា​ សម្ដែង​ក្នុង​ទឹក​ដី​អូស្ត្រាលី​លើក​​នេះ​មាន​រយៈ​ពេល​​មួយ​ខែ​ដែល​​លោក​ត្រូវ​សម្ដែង​៤​រដ្ឋ​។ ក្នុង​នោះ មាស សាលី ប្រាប់​ថា​​​អម​ដំណើរ​ជាមួយ​តារា៣ដួង​​មាន​ ព្រះកាយច័ន្ទ ទៀង​ មុំ​សុធាវី លោក​ ជិន វឌ្ឍនា និង​អ្នក​ភ្លេង​មួយ​រូប​ទៀត ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​សមាគម​ក្មេង​កំព្រា​ប្រចាំ​ប្រទេស​អូស្រ្តាលី។

 

​ការ​ចេញ​ទៅ​សម្ដែង​នៅ​ទឹក​ដី​នៃ​ប្រទេស​នេះ​ជា​លើក​ទី​២​ហើយ​ ដែល​លើក​ដំបូង​កាល​ពី​ឆ្នាំ​​​២០០៨​។ មាស សាលី ចេញ​ពី​មាតុ​ប្រទេស​កាល​ពីម្សិល​មិញ​វេលា​ម៉ោង​៥.៣០​ល្ងាច​៕

 

អត្ថបទ៖ ថា ម៉ាលីដា​

​​​