ប្រភពព័ត៌មានថា លោក Allardyce នឹងត្រូវតែងតាំងជាគ្រូបង្វឹករបស់អង់គ្លេស

លោក Sam Allardyce គ្រូបង្វឹករបស់ក្លិប Sunderland ត្រូវបានរំពឹងទុកថា នឹងត្រូវតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ក្នុងរយៈពេល២៤ម៉ោងទៀត។ នេះបើយោងទៅតាមបណ្តាញសារព័ត៌មាននានាកាលពីថ្ងៃពុធ ខណៈដែលលោកនឹងត្រូវទទួលការងារលើការដឹកនាំក្រុមជម្រើសជាតិរបស់លោកទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨។

sam_allardyce_england_job

អតីតគ្រូបង្វឹករបស់ក្លិប Bolton, Newcastle និង West Ham វ័យ៦១ឆ្នាំរូបនេះ នឹងចូលកាន់តំណែងជំនួសលោក Roy Hodgson ដែលបានលាលែងពីតំណែង ក្រោយពីក្រុមអង់គ្លេសបានធ្លាក់ចេញក្នុងវគ្គ១៦ក្រុមចុងក្រោយដ៏អាម៉ាសក្រោមស្នាដៃក្រុមជម្រើសជាតិអេស្ប៉ាញ នាព្រឹត្តិការណ៍ Euro កាលពីខែមិថុនា។ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បានឲ្យដឹងថា លោក Allardyce ដែលជាបេក្ខភាពនាំមុខគេសម្រាប់ការងារនេះ នឹងត្រូវតែងតាំងជាអ្នកចាត់ការទូទៅជាផ្លូវការនៅឯកិច្ចប្រជុំក្រុមប្រឹក្សារបស់ FA នៅថ្ងៃនេះ។ លោក Allardyce បានក្លាយជាបេក្ខភាពម្នាក់សម្រាប់ការងារក្នុងក្រុមអង់គ្លេសចាប់តាំងពីមួយទសវត្សរ៍មុនមកម្ល៉េះ ដែលនៅពេលនោះលោក Sven-Goran Eriksson បានចាកចេញ ក្រោយពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦ ប៉ុន្តែ ចាញ់ក្នុងការប្រជែងជាមួយនឹងលោក Steve McClaren។

លោកនឹងក្លាយជាអ្នកចាត់ការទូទៅជាអចិន្ត្រៃយ៍ជាលើកទី១៥របស់អង់គ្លេស ខណៈដែលការតែងតាំងលោក Allardyce នឹងត្រូវឡើងចាំថ្ងៃអបអរគម្រប់ខួបនៃការឈ្នះពាន World Cup ឆ្នាំ១៩៦៦ របស់ប្រទេសនេះ។ លោក Steve Bruce អ្នកចាត់ការទូទៅរបស់ Hull ក៏ត្រូវបានសម្ភាសសម្រាប់ការងារនេះផងដែរ ខណៈដែលលោក Eddie Howe គ្រូបង្វឹករបស់ក្លិប Bournemouth និងលោក Jurgen Klinsmann គ្រូបង្វឹករបស់សហរដ្ឋអាមេរិក ក៏ត្រូវបានរាយការណ៍ថា ស្ថិតក្នុងបញ្ជីរបស់ FA ផងដែរ៕

ប្រភពព័ត៌មាន៖ Channel News Asia

The post ប្រភពព័ត៌មានថា លោក Allardyce នឹងត្រូវតែងតាំងជាគ្រូបង្វឹករបស់អង់គ្លេស appeared first on CamboSport.