វៀតណាម​សម្រុក​សាងសង់​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ដើម្បី​សម្រេច​គោលដៅ​ឆ្នាំ​២០៣០​ឱ្យ​ក្លាយជា​ប្រទេស​ប្រើប្រាស់​ថាមពល​កើត​ឡើងវិញ​សុទ្ធសាធ​

    ​មិនយូរប៉ុន្មាន​បន្ទាប់​ពី​បុក​គ្រិះ​សាងសង់​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ ឥឡូវ​ខេត្ត Quang Tri កំពុង​ពិចារណា​លើ​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ថ្មី​មួយទៀត​។​

​    ​កាលពី​ខែមិថុនា ក្រុមហ៊ុន AirCraft Company Vietnam-Germany GBR បានដាក់​សំណើ​មួយ​ទៅ​មន្ត្រីខេត្ត Quang Tri ដើម្បី​ទទួលបាន​ការអនុញ្ញាត​សាងសង់​រោងចក្រ​ថាមពល​ពន្លឺ​អាទិត្យ​ដែលមាន​តម្លៃ ២០០ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​វេ​ប​សាយ VietnamNet​។​

​    ​ប្រសិនបើ​ផែនការ​នេះ​ត្រូវ​បានអនុម័ត នោះ​រោងចក្រ​ទំហំ ១៣០ ហិកតា​នឹងមាន​ទីតាំង​ស្ថិតក្នុង​ឃុំ Trieu Son និង Trieu Trach ហើយ​វា​នឹង​អាច​ផលិត​ថាមពលអគ្គីសនី​បាន​ដល់​ទៅ ១០០ មេ​ហ្គា​វ៉ា​ត់​។ គម្រោង​នេះ​នឹង​ទទួលបាន​មូលនិធិ​ពី​ធនាគារ​អភិវឌ្ឍន៍ KfW របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ព្រមទាំង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អឺរ៉ុប​ផ្សេងទៀត​។​

​    ​កាលពី​ខែកញ្ញា ឆ្នាំ ២០១៥ វៀតណាម​បាន​សាងសង់​រោងចក្រ​ថាមពលអគ្គីសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ដំបូង​គេ​របស់​ប្រទេស​នៅក្នុង​ខេត្ត Quang Ngai ដែល​ត្រូវគេ​រំពឹងទុក​ថា នឹង​សាងសង់​រួចរាល់​ក្នុង​ពាក់កណ្តាល​ឆ្នាំ្ន ២០១៦ នេះ​។​

​    ​ក្រុមហ៊ុន​មកពី​សាធារណៈរដ្ឋ​កូរ៉េ​ក៏បាន​ចំណាយលុយ​ចំនួន ៦៥០ លាន​ដុល្លារ​ដើម្បី​សាងសង់​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ក្នុង​ខេត្ត Ha Tinh ខណៈ​ខេត្ត Quang Nam ក៏បាន​ទទូច​សុំ​អ្នកវិនិយោគ​ក្នុងស្រុក​ឱ្យ​សាងសង់​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ផងដែរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​ខេត្ត​នៅ​ភាគ​កណ្តាល​និង​ភាគខាងត្បូង​ដូចជា​ខេត្ត Ninh Thuan ជាដើម​កំពុង​ចរចា​ជាមួយ​អ្នកវិនិយោគ​ដើម្បី​សាងសង់​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ផ្ទាល់ខ្លួន​ផងដែរ​។​

​    ​ការអភិវឌ្ឍ​លើ​ថាមពល​កកើត​ឡើងវិញ​ទាំងនេះ​គឺជា​គម្រោង​ថាមពល​ជាតិ​របស់​វៀតណាម ដែលមាន​គោលដៅ​បង្កើន​ការប្រើប្រាស់​ថាមពល​ពី​ខ្យល់ ទឹក​និង​ពន្លឺព្រះអាទិត្យ​នៅ​ឆ្នាំ ២០៣០៕