សារ៉ាយ សក្ខណា ប្រឹង​ខ្លាំង​ពេក អត់​ដេក​អត់​​ពួន រហូត​ធ្លាក់​​ខ្លួន​ឈឺ

(ភ្នំពេញ)៖ តារាសម្ដែងដ៏ស្រស់សោភា អ្នកនាង សារ៉ាយ សក្ខណា ក្រោយពេលវិលត្រឡប់ មកស្រុកខ្មែរវិញភ្លាម នាងបានសម្រុកថតកុនដូចព្យុះ ទាំងយប់ទាំងថ្ងៃ រកតែពេលសម្រាកគ្មាន រហូតដល់ធ្លាក់ខ្លួនឈឺ ដេកដួលជាប់នៅនឹងកន្ទេល ទើបតារាសម្ដែងស សារ៉ាយ សក្ខណា ឈប់សម្រាក ព្រោះតែអស់កម្លាំងខ្លាំងទៅមុខលែងរួច។

ជាការពិតតាំងពី តារាសម្ដែង សារ៉ាយ សក្ខណា មកដល់ប្រទេសកំណើត រយៈកាលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថា នាងមិនបានសម្រាកបន្តិចណាឡើយ មិនថា យប់ព្រលប់ ឬថ្ងៃក្ដៅហែងយ៉ាងណា ក៏នាងមិនរារែកក្នុងអាជីពអ្នកសម្ដែង ខណៈដែលមានផលិតកម្ម ជាច្រើនបានទាក់ទងថតរឿង ព្រោះតែចង់បាននាងបង្ហាញខ្លួន ក្នុងរឿងរបស់ខ្លួន ពោលគឺ គ្រាន់តែត្រឡប់មកវិញ នាងទទួលរឿង៤-៥ រឿងជាប់គ្នាឲ្យរដឹក ក្រៅពីនេះកម្មវិធីដើរម៉ូដផ្សេងៗ ក៏មិនចោលដែរ។ វីឯការបង្ហាញខ្លួន តាមកញ្ចក់ទូរទស្សន៍នានាវិញ ក៏មិនឲ្យបាត់មុខឡើយ។

តារាសម្បុរស្រអែម សារ៉ាយ សក្ខណា ជាតារាពោរពេញទៅដោយសមត្ថភាព ក្រមិចក្រមើម ទើបផលិតករជាច្រើន ចង់បាននាងមកសម្ដែងក្នុងរឿង ទោះបីមានប្ដីមានកូន នឹងចាកឆ្ងាយពីសិល្បៈ ក៏នៅតែជាតម្រូវការខ្ពស់ ក្នុងវិស័យសម្ដែងនេះដែរ។ ដោយសារតែ សារ៉ាយ សក្ខណា ថតកុនរហូតទល់ភ្លឺ រួចសម្រាកបានតិចតួច ព្រោះក្នុងពេល២៤ម៉ោងរបស់នាង ចាយទៅលើការងារច្រើនជាងអ្វីទាំងអស់ សូម្បីតែសុខភាពក៏មិនបានគិត ធ្វើឲ្យសុខភាពចុះខ្សោយ អស់កំលាំងល្ហិតល្ហៃ ទីបំផុតធ្លាក់ខ្លួនឈឺ។

អ្នកនាង សារ៉ាយ សក្ខណា បានបង្ហោះពីបណ្ដាញសង្គម Facebook របស់នាងផ្ទាល់ថា «ទីបំផុតឈឺបានសម្រេច បើដឹងឈឺ ពិបាកចឹងអត់ឈឺទេ» ធ្វើឲ្យអ្នកគាំទ្រជាច្រើន ព្រួយបារម្ភពីសុខទុក្ខតារាស្រីរូបនេះ ប៉ុន្តែពេលនេះនាងបានធូរស្បើយបន្តិចហើយ ព្រោះមានប្ដីមើលថែ យ៉ាងយកចិត្តទុកដាក់ ។ តែទោះជាយ៉ាងណា សារ៉ាយ សក្ខណា ក៏គេចមិនរួច ពីការងារដែលគរដូចភ្នំ កំពុងរង់ចាំនាងនោះឡើយ៕ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អ្នកនាង សារាយ សក្ខណាបាន អួតស្វាមីយ៉ាងពេញៗមាត់ តែម្តងក្នុងបណ្តាញសង្គម។

« អ្នកគឺជាស្វាមីល្អ សម្រាប់ខ្ញុំ… » នេះជាសារដែលអតីតតារាសម្តែង អ្នកនាង សារាយ សក្ខណា បានរំលេចជាសាធារណៈ បង្អួតដល់អ្នកគាំទ្រ និងអ្នកដែលស្គាល់នាងបានដឹងថា នាងមានភ័ព្វសំណាង មានស្វាមីដែលស្រលាញ់ ថ្នាក់ថ្នមស្រលាញ់នាង តាមចិត្តនាងគ្រប់យ៉ាង ។

ចាប់តាំងពីអតីត តារាសម្តែងសម្បុរខ្មៅស្រអែម អ្នកនាង សារាយ សក្ខណា បានរៀបការជាមួយស្វាមី ដែលជាមេធាវី អាណិកជនខ្មែរ រស់នៅអាមេរិក អស់រយៈពេលជាង២ឆ្នាំមកនេះ គេសង្កេតឃើញថា នាងគឺជានារីម្នាក់ ដែលមានសំណាង ព្រោះថាស្វាមីនាងស្រលាញ់ តាមចិត្តនាងគ្រប់យ៉ាង ។ ហើយជារឿយៗ នាងក៏តែងតែ និយាយមិនដាច់ពីមាត់ថា នាងមានសំណាង ដែលបានជ្រើសរើស លោក មេត្រី មកធ្វើជាស្វាមី នៅក្នុងនោះ ថ្មីៗនេះនាងក៏បានរំលេច រូបភាពផ្អែមល្ហែមជាមួយស្វាមី ដោយភ្ជាប់មកជាមួយសារ ស្នេហាអួតពីស្វាមីផងដែរថា «I want to tell you. You are my good husband you are a good father. I'm sorry sometimes I get angry a lot and talk a lot. Because I love you. ដែលមានន័យថា ខ្ញុំចង់ប្រាប់អ្នកថា អ្នកគឺជាស្វាមីល្អ អ្នកជាឪពុកល្អ ខ្ញុំសុំទោស ពេលខ្លះខ្ញុំខឹងច្រើន និយាយច្រើន ព្រោះតែខ្ញុំស្រលាញ់អ្នក » ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload