កុំ​ថា​ឡើយ​ទូរស័ព្ទ​ចល័ត សូ​ម្បី​ស្រី​កំដរ​ចល័ត​ក៏​ពេញ​និយម​ដែរ

ស្រី​កំដរ​ចល័ត​ស្តាប់​ទៅ​ដូច​ជា​គួរ​អោយ​ទើស​ត្រចៀក​បន្តិច​។ ប៉ុន្តែ​បច្ចេកវិទ្យា​មិន​ត្រឹមតែ​ធ្វើ​អោយ​មាន​ការិយាល័យ​ចល័ត​ទេ សូ​ម្បី​តែ​ការងារ​ស្រី​កំដរ​តាម​ហាង​អាហារ​ក៏​ប្រើ​ប្រាស់​​បច្ចេកវិទ្យា ដើម្បី​ប្រែខ្លួន​អោយ​ក្លាយទៅជា​ស្រី​កំដរ​ចល័ត​ផង​ដែរ​។

ជា​ទូទៅ​នៅ​តាម​ហាង​អាហារ​នៅ​ផ្លូវជាតិ​លេខ​៦A ភាគច្រើន គឺ​មាន​នារី​ទទួលភ្ញៀវ​ដែល​នឹង​ទទួលយក​ការ​អញ្ជើញ ដើម្បី​បរិភោគ​អាហារ និង​ផឹកស្រា​បៀរ​ជាមួយ​ភ្ញៀវ​។ ពួក​គេ​រក​ចំណូល​ភាគច្រើន​ពី​លុយ​ធីប​ដែល​បាន​មក​ពី​ការ​ផ្តល់​អោយ​ដោយ​ភ្ញៀវ​ដែល​បាន​ហៅ​ពួក​គេ​ទៅ​អង្គុយ​តុ​អាហារ​ជាមួយ​។

ដោយ​អង្គុយ​នៅ​តាម​ខ្លោងទ្វារ​ហាង​បែប​នេះ ពេល​ខ្លះ​ក៏​អាច​ធ្វើ​អោយ​ពួក​គេ​មាន​អារម្មណ៍​ខ្មាស​អៀន​។ ឥឡូវ​មាន​ស្រី​ស្អាត​ជា​ច្រើន​បាន​សម្រេច​ជ្រើសរើស​មិន​ព្រម​អង្គុយ​តាម​ខ្លោងទ្វារ​រង់ចាំ​ការ​ហៅ​របស់​ភ្ញៀវ​ឡើយ​។ ពួក​គេ​បាន​សម្រេចចិត្ត​ធ្វើការ​តាម​របៀប​ហៅ​តាម​ទូរស័ព្ទ​វិញ​។ មេការ​តាម​ហាង​ភាគច្រើន​មាន​លេខ​ទូរស័ព្ទ​របស់​ស្រី​ស្អាត​ទាំង​នោះ។ ពេល​ដែល​ភ្ញៀវ​ត្រូវការ ពួក​គេ​អាច​នឹង​ទូរស័ព្ទ​ជូន​ភ្ញៀវ​ហើយ​នាង​នាងអាច​នឹង​មក​ដល់​ក្នុង​រយ​:​ពេល​ប្រហែលជា​កន្លះ​ម៉ោង​។

ការ​ធ្វើ​បែប​នេះ អាច​អោយ​ស្រី​ស្អាត​ទាំងនោះ​ធ្វើ​ការងារ​ចល័ត​ចុះឡើង​ទៅ​តាម​ហាង​ផ្សេង​ៗ​គ្នា ដោយ​មិន​ចំណុះ​ហាង​ណាមួយ​ឡើយ​។ នេះ​ជា​ផលប្រយោជន៍​មួយ​ផ្សេង​ទៀត​ក្រៅពី​មិនសូវ​ខ្មាស​គេ​ដែល​ត្រូវ​អង្គុយ​នៅ​តាម​ខ្លោងទ្វារ​ហាង​។

សំខាន់​ជាង​នេះ ស្រី​ស្អាត​ដែល​ហៅ​តាម​ទូរស័ព្ទ​បែប​នេះ ក៏​អាច​រក​លុយ​ធីប​បាន​ច្រើន​ផង​ដែរ​។ ភ្ញៀវ​ជា​ទូទៅ​មិន​អាច​ហុច​លុយ​ធីប​អោយ​នាង​៥​ដុល្លារ ឬ​១០​ដុល្លារ​បាន​ឡើយ។ ជា​ទូទៅ​យ៉ាងតិច​ក៏​២០​ដុល្លារ​ដែរ ដោយ​សម​នឹង​តម្លៃ​ថ្លៃ​សាំង និង​ការ​ធ្វើ​ដំណើរ​របស់​នាង​។

ដូច្នេះ​ដោយ​បាន​ប្រែ​ក្លាយទៅជា​ស្រី​កំដរ​ចល័ត​បែប​នេះ ពួក​គេ​អាច​កាត់​បន្ថយ​ការ​អៀនខ្មាស​តាម​រយ​:​ការ​អង្គុយ​តាម​ខ្លោងទ្វារ​ហាង​រយ​:​ពេល​យូរ​ផង និង​ថែម​ទាំង​អាច​បង្កើន​តម្លៃ​លុយ​ធីប​សម្រាប់​ខ្លួនឯង​ផង​ដែរ​។

ម្ល៉ោះហើយ​វា​មិន​ចម្លែក​ទេ ដែល​មាន​អ្នកខ្លះ​មាន រហូត​ដល់​ឡាន​ជិះ ហើយ​ពេល​ខ្លះ​ប្រុស​ៗ​ដែល​អោយ​លុយ​ធីប​នាង​ប្រហែលជា​លេងខ្លួន ឬ​ក៏​មាន​រថយន្ត​មិន​ទំនើប​ដល់​នាង​នាង​ក៏​មាន​៕