ក្រុម​អ្នក​កាប់​ឈើ​រង​ការ​ចោទ​ថា​គំរាម​សម្លាប់​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​រវៀង

សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ អំពាវនាវឱ្យអាជ្ញាធរ និងសមត្ថកិច្ចនៃស្រុករវៀង ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីការពារសន្តិសុខដល់សហគមន៍ព្រៃឈើជាំពេន ឱ្យជៀសផុតពីការគំរាមកំហែង ព្រមទាំងការប៉ុនប៉ងសម្លាប់ពីក្រុមអ្នកកាប់ឈើខុសច្បាប់។

ការអំពាវនាវរបស់អង្គការសិទ្ធិមនុស្សនេះ ធ្វើឡើងបន្ទាប់ពីគេបានទទួលព័ត៌មានថា អ្នកកាប់ឈើខុសច្បាប់មិនត្រឹមតែមិនខ្លាចច្បាប់ប៉ុណ្ណោះទេ គឺថែមទាំងគំរាមសម្លាប់ប្រជាសហគមន៍ដែលការពារព្រៃឈើទៀតផង។

សហគមន៍ការពារព្រៃឈើជាំពេន នៅភូមិបង្កើនផល ឃុំរម្យទម នៃស្រុករវៀង ខេត្តព្រះវិហារ ចំនួន ៥នាក់ កំពុងព្រួយបារម្ភចំពោះសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ។ ការព្រួយបារម្ភបានកើតឡើងក្នុងពេលដែលបទល្មើសកាប់ឈើក្នុងតំបន់នោះ កំពុងកើតមានកាន់តែច្រើនឡើង ហើយសហគមន៍បានចុះទប់ស្កាត់ ក៏ប៉ុន្តែក្រុមអ្នកកាប់ឈើមិនខ្លាចញញើតចំពោះកម្លាំងសហគមន៍ទេ បែរជាគំរាមសម្លាប់សហគមន៍ទៅវិញ។

តំណាងសហគមន៍ជាំពេន ដែលជាជនជាតិកួយ គឺលោក រស់ លីន។ លោកអះអាងកាលពីព្រឹកថ្ងៃពុធ ទី២០ ខែកក្កដា ថា កាលពីថ្ងៃទី១៩ ខែកក្កដា មានមនុស្ស ៣នាក់ ដែលឆ្លងដែនមកពីខេត្តកំពង់ធំ បាននាំគ្នាចូលទៅកាប់ដើមច្បោះជ័រ របស់ប្រជាពលរដ្ឋ នៅក្នុងព្រៃការពារតំបន់ជាំពេន។ពេលនោះកម្លាំងសហគមន៍របស់លោកចំនួន ៤នាក់ បានទៅហាមឃាត់ការដឹកជញ្ជូនឈើទាំងនោះ ហើយក៏ត្រូវក្រុមអ្នកកាប់ឈើ ៣នាក់ ដែលក្នុងដៃមានកាំបិត និងពូថៅ គំរាមសម្លាប់។

លោក រស់ លីន បញ្ជាក់ថា បន្ទាប់ពីក្រុមអ្នកកាប់ឈើគំរាមសម្លាប់មក រូបលោកនិងសកម្មជនរបស់សហគមន៍ ៤នាក់ទៀត មានការភ័យខ្លាច ហើយបានរត់គេចខ្លួនភ្លាម៖ «កាប់ច្បោះជ័ររបស់បងប្អូនលួចដឹកចេញបាន ២ដើម ពេលសហគមន៍តាមទៅ គឺអ្នកកាប់ឈើចង់សម្លាប់ក្រុមសហគមន៍ដែលដើរល្បាត»។

លោក រស់ លីន អះអាងថា បន្ទាប់ពីអ្នកកាប់ឈើគំរាមសម្លាប់សហគមន៍មក លោកបានទូរស័ព្ទប្ដឹងទៅសមត្ថកិច្ច និងមន្ត្រីបរិស្ថាន ដែលមានទីស្នាក់ការនៅជិតនោះ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលទាំងនោះមិនបានទទួលទូរស័ព្ទ និងមិនចាត់វិធានការអ្វីឡើយ។

ទោះជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងមន្ត្រីបរិស្ថាន ដែលមានទីស្នាក់ការនៅជិតព្រៃសហគមន៍ជាំពេន នោះ ដើម្បីសុំការអធិប្បាយពីការចោទប្រកាន់នេះបាននៅឡើយនៅថ្ងៃទី២០ ខែកក្កដា។

ចំណែកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក អៀ សុខា មានប្រសាសន៍ថា រហូតមកដល់ពេលនេះ លោកនៅមិនទាន់បានទទួលព័ត៌មានស្ដីពីការគំរាមសម្លាប់សហគមន៍ព្រៃឈើជាំពេននោះនៅឡើយទេ៖ «ប្រហែលជា ២-៣ខែមុន មានការតវ៉ាមក ខេត្តបានចុះទៅពិនិត្យ ហើយយើងបានធ្វើការនៅសហគមន៍ព្រៃជាំពេននោះ ម្ដងដែរ។ ចាំមើលខ្ញុំឆែកទៅថ្នាក់ក្រោមវិញ ជុំវិញព័ត៌មាននេះ»។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ ឱ្យដឹងថា លោកបានទទួលបណ្ដឹងពីសហគមន៍ការពារព្រៃឈើជាំពេន ស្ដីពីអ្នកកាប់ឈើខុសច្បាប់ប៉ុនប៉ងសម្លាប់សកម្មជនសហគមន៍នេះ។

លោក ឡោ ចាន់ អំពាវនាវឱ្យសមត្ថកិច្ចស្រុករវៀង គួរតែយកចិត្តទុកដាក់ការពារសន្តិសុខជូនដល់សហគមន៍ព្រៃឈើជាំពេន ជាច្រើននាក់ ដែលកំពុងទទួលរងការគំរាមសម្លាប់នោះ៕

ប្រភពៈ RFA


ក្រុម​អ្នក​កាប់​ឈើ​រង​ការ​ចោទ​ថា​គំរាម​សម្លាប់​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​រវៀង

អ្នកវិភាគ៖ កម្ពុជា​ឈាន​ដល់​ផ្លូវ​បំបែក​មួយ​រវាង​«បដិវត្តន៍​ពណ៌»​និង​«បដិវត្តន៍​គំនិត»

ក្រុម​អ្នក​កាប់​ឈើ​រង​ការ​ចោទ​ថា​គំរាម​សម្លាប់​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​រវៀង

តើ​ការ​សម្លាប់​​លោក​បណ្ឌិត​ កែម ឡី​ មាន​ន័យ​ដូច​ម្តេច​ចំពោះ​យុវជន?