ការ​ផ្តល់​ឱកាស​ដល់​មន្ត្រី​មាន​សមត្ថភាព​នឹង​ជួយ​ដល់​រដ្ឋបាល​ឲ្យ​មាន​ភាព​រឹងមាំ​ និង​រុង​រឿង

ការប្រលងជ្រើសរើសមន្ត្រីស៊ីវិល កងកម្លាំងប្រដាប់អាវុធ ឲ្យចូលបម្រើការងាររាជការប្រកបដោយតម្លាភាព គឺជាការអនុវត្តដ៏ត្រឹមត្រូវនៃកំណែទម្រង់ជាអាយុជីវិតរបស់រដ្ឋាភិបាល។ ការប្រលង ដែលមានការរឹតបន្តឹង ច្បាស់លាស់ មិនពុករលួយនឹងធ្វើឲ្យរដ្ឋសំបូរទៅដោយមន្ត្រីដែលមានសក្តានុពល។ ធនធានដ៏ចាំបាច់ទាំងនេះ នឹងជួយឲ្យរាជការរុងរឿង និងចៀសផុតពីការរិះគន់នានាទៅអនាគត។

វាជាក្រិត្យក្រមទៅហើយសម្រាប់ជាតិសាសន៍នានានៅលើសកលលោក មនុស្សម្នាក់ៗចាប់ផ្តើមស្វែងរកវិជ្ជាតាំងពីកុមារភាពមកម៉្លេះ។ គោលដៅរបស់មនុស្សគ្រប់រូប គឺរៀនឲ្យចេះ ប្រលងឲ្យជាប់នឹងបានធ្វើមន្ត្រីរាជការ ដែលមានតួនាទីស្មើមុខស្មើមាត់នៅក្នុងសង្គមមួយ ដែលគ្រប់គ្នាតែងផ្តល់តម្លៃ។ តម្លៃដែលផ្តល់ឲ្យគេអាចចិញ្ចឹមខ្លួនឯងរស់និងមានលទ្ធភាពរៀបចំគ្រួសារមួយប្រកបដោយភាពសមរម្យក្នុងសង្គម ដូចអ្វីដែលតែងមានការលើកឡើងពីចាស់ជំនាន់មុននូវមោទនភាពក្នុងរបបសង្គមរាស្ត្រនិយម សម្រាប់បរិបទប្រទេសកម្ពុជា។

ក៏ប៉ុន្តែនៅប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា គោលដៅនៃការសិក្សារបស់ពលរដ្ឋខ្មែរចាប់តាំងពីប្រទេសត្រូវបានរំដោះពីរបបវាលពិឃាតមិនអាចជួយឲ្យគ្រប់គ្នាក្លាយជាមន្ត្រីរាជការ ជាគ្រូបង្រៀន ជាគ្រូពេទ្យ ឬវិស្វករ ដែលស្ថិតនៅក្រោមបន្ទាត់គ្រប់គ្រងរបស់រដ្ឋបានទាំងអស់គ្នានោះទេ។ ពលរដ្ឋខ្មែរមួយភាគធំ ពេលចេញពីសាលាចំណេះទូទៅ និងជំនាញវិជ្ជាជីវៈហើយ តែងរត់ទៅរកការងារឯកជន ដូចជាតាមក្រុមហ៊ុន និងតាមអង្គការជាតិ អន្តរជាតិនានា។ អ្នកទាំងនោះត្រូវគេវាយតម្លៃថាជាធនធានមនុស្សខ្មែរប្រកបដោយសក្តានុពល។

ការសម្រេចចិត្តរបស់ក្រុមមនុស្ស ដែលមានសមត្ថភាពខ្ពស់ទាំងនោះទៅបម្រើការងារតាមអង្គការក្រៅរដ្ឋាភិបាល និងតាមក្រុមហ៊ុនឯកជននានា ដោយសារទី១ ទទួលបានប្រាក់កម្រៃខ្ពស់ជាងធ្វើរាជការ។ ទី២ មិនមានសែស្រលាយអ្នកធំ ខ្សត់ធនធាន និងគ្មានច្រកចូលទៅបម្រើរាជការ។ នេះគឺជានិន្នាការពីអតីតកាលនៃប្រទេសកម្ពុជា។

ជាទូទៅការជ្រើសរើសមន្ត្រី ដែលជាយុវជនទើបបញ្ចប់ការសិក្សាពីថ្នាក់ឧត្តមសិក្សា ឬកម្រិតសិក្សាបច្ចេកទេសឲ្យចូលទៅបម្រើការងាររាជការ ត្រូវបានធ្វើឡើងដោយរូបភាពស្ងាត់ៗ តាមរយៈបក្សពួក តាមរយៈការសូកប៉ាន់។ ឥរិយាបទនេះបានកើតឡើងជាច្រើនទសវត្សមកហើយ។ ការជ្រើសរើសបែបនេះ ធ្វើឲ្យរាជការមិនអាចបរិបូរណ៍ដោយមន្ត្រី ដែលមានចំណេះដឹងនិងសមត្ថភាពនៅក្នុងគោលដៅអភិវឌ្ឍន៍ជាតិបានទេ។

ក៏ប៉ុន្តែចាប់តាំងពីក្រោយការបោះឆ្នោតសកលអាណត្តិទី៥កាលពីឆ្នាំ២០១៣មក រដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវឆន្ទៈក្នុងការកែទម្រង់ និងអនុវត្តតាមយុទ្ធសាស្ត្រចតុកោណ ដែលបានគូសវាសតាមដំណាក់កាលនីមួយៗដូចបានគ្រោងទុក។

តាមរយៈនេះ ការជ្រើសរើសមន្ត្រីឲ្យចូលបម្រើការងាររាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបានរៀបចំធ្វើឡើងដោយមានការប្រកាសពីការប្រលងជាសាធារណៈ។ ក្រសួង មន្ទីរ និងស្ថាប័ននានារបស់រដ្ឋ បានលើកទឹកចិត្តឲ្យនិស្សិតវ័យក្មេង ដែលទើបបញ្ចប់ការសិក្សាពីថ្នាក់ឧត្តមសិក្សា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទាំងក្នុងស្រុក និងនិស្សិតទៅរៀននៅបរទេសដាក់ពាក្យប្រលងចូលបម្រើរាជការតាមកន្លែងកំណត់ជាក់លាក់។ លើសពីនេះ តំណែងអគ្គនាយក ដែលជាតំណែងមន្ត្រីជាន់ខ្ពស់ដ៏កម្រ ក៏ត្រូវក្រសួងបរិស្ថានប្រកាសឲ្យមានការប្រកួតប្រជែងគ្នាចូលគ្រប់គ្រងដែរកាលពីពេលថ្មីៗនេះ ខុសពីពេលមុនៗ ដែលដំណែងបែបនេះទទួលបានការតែងតាំងប្រកបដោយការទុកចិត្ត។

រូបភាពនេះ គឺជាកំណែទម្រង់ជាក់ស្តែងមួយ ដែលគេអាចមើលឃើញ និងគួរលើកសរសើរ។ សរសើរ ប្រសិនបើអ្នកមានសមត្ថភាពមានឱកាសបានចូលបម្រើរាជការដោយស្មើមុខស្មើមាត់ច្រើនមែននោះ។ ផ្ទុយទៅវិញប្រសិនបើការប្រលងចូលបម្រើការងាររដ្ឋរបស់យុវជន ដែលជាឈាមថ្មី និងជាជន្ទល់រាជការទៅអនាគតនោះ ត្រូវបានគេរៀបចំឡើងគ្រាន់តែជារូបភាព ហើយការអនុវត្តនៅតែចម្លងពីអ្វី ដែលបានកើតឡើងពីអតីតកាល ខ្វះតម្លាភាពនោះ គឺជារឿង ដែលគួរឲ្យមានការសោកស្តាយ។

សោកស្តាយដោយសារប្រទេសមួយដែលអាចរីកចម្រើនបានចាំបាច់ត្រូវពឹងផ្អែកទៅលើធនធានមនុស្ស ដែលមានសមត្ថភាព។ កំណែទម្រង់ ដែលរួមបញ្ចូលជាមួយយុវជនក្មេងៗប្រកបដោយសក្តានុពលការងារនឹងក្លាយជាកំណែទម្រង់ ដែលមានជោគជ័យ។ មួយវិញទៀតបញ្ហាបក្សពួកនិយម ការចូលបម្រើការងាររដ្ឋតាមរយៈបក្សពួក ឬឥទ្ធិពលធនធានដូចកាលពីមុន នោះនឹងធ្វើឲ្យប្រទេសកម្ពុជាដើរថយក្រោយ រាជការនឹងទន់ខ្សោយ ខណៈដែលកម្ពុជាជាប្រទេសអាស៊ាន ហើយសមាជិកអាស៊ានឯទៀតកំពុងតែធ្វើដំណើរទៅមុខឥតឈប់ឈរ។

ដូច្នេះវាគួរតែដល់ពេលហើយ ដែលយុវជនជំនាន់ក្រោយ មានសមត្ថភាពខ្ពស់ ត្រូវគេផ្តល់ឱកាស ឲ្យបានបម្រើជាតិច្រើនជាងបម្រើអង្គការក្រៅរដ្ឋាភិបាល និងសហគ្រាសឯកជន។ ហើយរដ្ឋក៏ពុំគួរបណ្តោយឲ្យធនធានមនុស្ស ដែលមានសក្តានុពលរបស់ខ្លួនបាក់ទឹកចិត្ត ងាកទៅបម្រើឯកជនច្រើនជាងរដ្ឋដូចពីអតីតកាលទៀតដែរ៕

ប្រភពៈ RFI


Related Posts