ប៉ូលិស​វៀតណាម រត់​មក​ធាក់​អ្នក​បើក​ម៉ូតូ​លឿន​បញ្ច្រាស​ផ្លូវ ឡើង​ស្ដែង!

កាល​ពី​ពេល​ថ្មីៗ​នេះ ហេតុការណ៍​មួយ​បាន​ធ្វើ​ឲ្យ​អ្នកដំណើរ​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​មន្ត្រី​ប៉ូលិស​ម្នាក់​បាន​បញ្ចេញ​ក្បាច់​គុន​កុងហ្វូ ធាក់​អ្នក​បើក​ម៉ូតូ​លឿន​បញ្ច្រាស​​ផ្លូវ និង​មិន​ពាក់​មួក​សុវត្ថិភាព​ម្នាក់ ធ្លាក់​ពី​លើ​ម៉ូតូ​យ៉ាង​ស្ដែង​តែម្ដង នៅ​លើ​ផ្លូវ Xa Dan នៃ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

 

លោក Dinh Thanh Thao អនុប្រធាន​ប៉ូលិស​ចរាចរ​ទីក្រុង​ហាណូយ បាន​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ដែល​ធាក់​អ្នក​បើក​ម៉ូតូ​នោះ ត្រូវ​បាន​គេ​ព្យួរ​ឈ្មោះ​បណ្ដោះ​អាសន្ន​ហើយ។ លោក Thao បាន​បន្ថែម​ទៀត​ថា មន្ត្រី​ប៉ូលិស​រូប​នោះ​បាន​ប្រព្រឹត្ត​ខុស ហើយ​គាត់​នឹង​ត្រូវ​ទទួល​ពិន័យ។

 

អ្នក​បើកបរ​ម៉ូតូ មាន​ឈ្មោះ​ថា Nguyen Van Tuan អាយុ២០ឆ្នាំ និង​មាន​ស្ត្រី​វ័យក្មេង​ម្នាក់​ទៀត​ជិះ​ពី​ក្រោយ ត្រូវ​បាន​ប៉ូលិស​ហៅ​ឲ្យ​ឈប់ បន្ទាប់​ពី​ពួកគេ​បាន​ជិះ​ម៉ូតូ​ប្រដេញ​គ្នា ប៉ុន្តែ​ពួកគេ​មិន​បាន​ឈប់​ឡើយ ហើយ​បែរ​ជា​ជិះ​ចូល​ទៅ​ផ្លូវ​ម្ខាង​ទៀត (បញ្ច្រាស​គេ) ដើម្បី​បើក​គេចខ្លួន ហើយ​ក៏​ជួប​ហេតុការណ៍​នេះ​តែម្ដង។ ទោះ​បី​ជា​យ៉ាង​ណា ពួក​គេ​ទាំង២នាក់​មិន​មាន​រង​របួស​អ្វី​ឡើយ តែ​ត្រូវ​បាន​ប៉ូលិស​ពិន័យ​ជា​ប្រាក់​ចំនួន​៩០ដុល្លារ និង​រឹបអូស​យក​ម៉ូតូ​ទៅ​រក្សា​ទុក​ចំនួន​១ខែ៕

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail