កាត់ទឹក​មិន​ដាច់ កាត់​មិត្ត​មិន​បាន​រឿង​ស្នេហ៍​ត្រីកោណ

កាត់ទឹក​មិន​ដាច់ កាត់​មិត្ត​មិន​បាន​រឿង​ស្នេហ៍​ត្រីកោណ



រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​គេ​បានឃើញ​ស្ត្រី​ម្នាក់​លាប​សក់​ពណ៌​ទង់ដែង​ស្រែកយំ និង​បាន​ស្ទុះរ​ត់ទៅ​ឱប​ស្ត្រី​ម្នាក់​ទៀត​ដែល​មាន​អាយុ​ស្របាល​គ្នា ស្ថិត​ក្នុង​ស្ថានភាព​ទើប​សម្រាលកូន និង​មាន​បុរស​ម្នាក់​អង្គុយ​នៅ​ជិត​នោះ​ដែរ ប៉ុន្តែបុរស​នោះ​មិន​បាន​បញ្ចេញ​សកម្មភាព​អ្វី​ឡើយ ។

ភ្លាម​ៗ​នោះ​មិន​មាន​នរណា​ម្នាក់​បានដឹង​ថា មានរឿង​អ្វី​កើតឡើង​នោះ​ទេ ។ លុះ​មួយសន្ទុះ​ក្រោយមក​ទើប​ដឹង​ថា ការ​យំ​ស្រែក​ខាងលើ​នោះ គឺជា​ទំនួញ​នៃ​ការ​ស្តាយក្រោយ​ក្នុង​រឿង​ស្នេហា​ត្រីកោណ រវាង​ស្ត្រី​សក់​ត្រឹម​ស្មា​លាប​ពណ៌​ទង់ដែង និង​ស្ត្រី​ម្នាក់​ដែល​ទើប​សម្រាលកូន ។ ស្ត្រី​ទាំង​២​នាក់​ជា​មិត្តភក្ដិ​ជិត​ស្និទ្ធ​នឹង​គ្នា ស្រឡាញ់​គ្នា​ចិត្ត​មួយ​ថ្លើម​មួយ​ចាក់ទឹកមិនលិច ប៉ុន្តែ​បែរជា​មិត្តភក្ដិ​លូក​ថ្លើម​មិត្តភក្ដិ គឺ​នាង​សក់ទង់ដែង​ដែល​ជា​ស្រី្ត​មេម៉ាយ​កូន​មួយ បាន​លួចលាក់​ស្នេហា​ជាមួយ​បុរស​ម្នាក់ ដែល​ត្រូវជា​ប្ដី​ស្ត្រី​ទើប​សម្រាលកូន​នោះ​មាន​រយៈពេល​ប្រហែល​៦​ខែ​មក​ហើយ ។

ពេល​នេះ​ត្រូវ​បែកធ្លាយ​រឿងអាស្រូវ​ដឹង​ដល់​នាង​ដើម​ជា​មិត្តភក្តិ ទើប​នាំ​គ្នា​ទៅ​រក​អន្តរាគមន៍​ពី​អាជ្ញាធរ ប៉ុន្តែ​ដោយសារ​ពួក​គេ​គឺជា​មិត្តភក្ដិ​នឹង​គ្នា​ផង និង​ការ​ប៉ិនប្រសព្វ​លួងលោម​ពី​បុរស​មាន​មន្ត​ស្នេហ៍​ជា​ប្ដី​ផង ទើប​ត្រូវរ៉ូវ​គ្នា​វិញ និង​យំ​ឱប​គ្នា​គ្មាន​វាចា​នឹង​ថ្លែង ។

ធម្មតា​ទេ ល្បែង​ស្នេហ៍​ប្តូរផ្តាច់​លេង​បាន​តែ​មួយ​ទល់​មួយ​ប៉ុណ្ណោះ​ទើប​មាន​សេចក្តីសុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ ។ ប្រសិនបើ​ល្បែង​នេះ​លែង​មួយ​ទល់​ពីរ​ឬ​បី មិនយូរ​មិនឆាប់​គង់​ផ្ទុះ​ដូច​គ្រាប់បែក ឬ​ឆេះ​សន្ធោសន្ធៅ​ដូច​ចរន្តអគ្គិសនី​ប៉ះ​គ្នា​ដូច្នោះ​ដែរ ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ កក្កដា នៅ​ក្នុង​សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តួអង្គ​នៅ​ក្នុង​រឿង​ស្នេហា​ត្រីកោណ​មួយ​នេះ មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​នោះ​ទេ ហើយ​ក៏​មិន​បាន​បំភ្លឺ​ប្រាប់​ឲ្យ​ដឹង​ពី​សាច់​រឿង​របស់​ខ្លួន តើ​ពិតប្រាកដ​បែប​ណា ឬ​យ៉ាងណា​នោះ​ដែរ ។

ពួក​គេ​ព្យាយាម​លាក់បាំង​មិន​និយាយ​អ្វី​ទាំងអស់ គ្រាន់តែ​បង្កើត​ភាព​ភ្ញាក់ផ្អើល តាម​រយៈ​ការ​យំយែក​ឱប​គ្នា​ស្តាយក្រោយ យល់​ពី​កំហុស​តែ​ប៉ុណ្ណោះ ។

ទីបំផុត​មិន​មានការ​ប្ដឹងប្ដល់​គ្នា​ឡើយ គឺ​ពួក​គេ​បាន​ស្រុះស្រួល​គ្នា​រំងាប់​អារម្មណ៍​រៀង​ៗ​ខ្លួន ហើយ​គេ​សង្កេត​ឃើញ​នាង​ប្រពន្ធដើម​ឱប​នាង​ចុង និង​បាន​លួងលោម​នាង​ចុង​កុំ​ឲ្យ​យំ​តទៅ​ទៀត ។ បន្ទាប់​មក ខាង​ជំនួយការ​សាលាសង្កាត់​ចោម​ចៅ បាន​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ខណៈនោះ​មាន​ភាពរ​ញ៉េ​រ​ញៃ​ចុង​ក្រោយ​បន្តិច ដោយសារ​នាង​ចុង​បាន​កញ្ឆក់​យក​សំបុត្រ​កំណើត​ពី​ដៃ​ប្ដី ដែល​ខ្ចី​ពី​មិត្តភក្តិ​ប្រុង​ហែក​ចោល ប៉ុន្តែ​មិន​បាន​សម្រេច រួច​បុរស​ជា​ប្ដី​បាន​លួងលោម​ឲ្យ​នាង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​កូនស្រី​ម្នាក់ ចេញ​ទៅ​ណា​ទៅ​ៗ (​កូន​ប្ដី​មុន​) ឯ​ខ្លួន​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ផ្សេង ឌុ​ប​នាង​ដើម​ចាកចេញ​ទៅ​ដោយ​ស្ងៀមស្ងាត់ ។

ដោយឡែក ប្រភព​ព័ត៌មាន​មួយ​ផ្សេង​ទៀត បាន​និយាយ​ថា ស្នេហា​ត្រីកោណ​មួយ​នេះ​បានដឹង​ដល់​ស្ត្រី​ជា​ប្រពន្ធដើម​យូរ​ដែរ​ហើយ បន្ទាប់​ពី​នាង​ចុង​និង​ប្ដី​លួចលាក់​ស្នេហា​ក្នុង​ភាព​ជា​សហាយ​ស្មន់នឹងគ្នា មិនមែន​ទើប​ផ្ទុះ​រឿង​ក្នុង​ពេល​នេះ​ទេ ហើយ​កាល​ណោះ​មានរឿង​ទាស់ទែង​គ្នា​កើតឡើង​ម្ដង​រួច​មក​ហើយ និង​បាន​ដោះស្រាយ​គ្នា​ចប់​ដែរ ។

ដោយឡែក ថ្ងៃ​កើតហេតុ​នេះ​គេ​បានឃើញ​នាង​ចុង​ជិះ​ម៉ូតូ​១​គ្រឿង​ដឹក​កូនស្រី​របស់​ខ្លួន​និង​យំ​ផង មក​កាន់​សាលាសង្កាត់​ចោម​ចៅ​ដាក់​ពាក្យ​ប្ដឹង​ថា ត្រូវ​បុរស​ជា​ប្ដី​ហេងស៊យ​នេះ​វាយដំ និង​បោកប្រាស់​។ ដោយសារ​តែ​ពេល​នោះ​គ្មាន​របួស​ស្នាម ទើប​នគរបាល​រុញ​ឲ្យ​ទៅ​មន្ត្រីសង្កាត់​ដោះស្រាយ​វិញ​។

ប៉ុន្តែ​ខណៈនោះ​ចំ​ពេល​ដែល​ខាង​មន្ត្រីសង្កាត់​ចេញ​ទៅ​ហូប​បាយ​អស់ នាង​ក៏​បាន​រង់ចាំ ហើយ​ប្រហែល​កន្លះ​ម៉ោង​ក្រោយមក ទើប​ឃើញ​បុរស​ជា​ប្ដី​ជិះ​ម៉ូតូ​១​គ្រឿង​ដឹក​ប្រពន្ធដើម​ចូល​ទៅ​ដែរ​។ ក្រោយ​ពី​និយាយ​គ្នា​មួយសន្ទុះ ក៏​ស្រាប់តែ​នាង​ចុង​ស្ទុះរ​ត់ទៅ​ឱប​នាង​ដើម​យំយែក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​បរិវេណ​សង្កាត់​តែ​ម្តង ៕