Man United ខិតកាន់តែកៀកក្នុងការនាំយក Pogba ក្រោយដាក់សំណើលើកទី២

ក្លិប Manchester United កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការព្រមព្រៀងគ្នាមួយដើម្បីទិញយក Paul Pogba ពីក្លិប Juventus ក្នុងតម្លៃខ្លួន៩២លានផោន (ស្មើនឹង១២១,៦៨លានដុល្លារអាមេរិក) ប៉ុន្តែ ពួកគេនឹងត្រូវតែបង់ប្រាក់ទៅលើសេវាភ្នាក់ងារតំណាងឲ្យកីឡាកររូបនេះគឺលោក Mino Raiola រហូតដល់ទៅ១៨,៤លានផោន ដើម្បីបញ្ចប់ការផ្ទេរនេះ។

Mino-Raiola-ft-16

Man United បានដាក់សំណើជាលើកទី២កាលពីថ្ងៃពុធ ក្រោយពីការដាក់សំណើជាលើកទឹកទី១របស់គេក្នុងទឹកប្រាក់៨៧លានផោន បូករួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗ ត្រូវបានច្រានចោល អំឡុងពេលកិច្ចប្រជុំមួយជាមួយនឹងលោក Ed Woodward អនុប្រធានប្រតិបត្តិរបស់ក្លិប Man United និងលោក Giuseppe Marotta និង Fabio Paratici ប្រធានក្លិប Juventus ក៏ដូចជាជាមួយនឹងលោក Mino Raiola ភ្នាក់ងារតំណាងឲ្យ Pogba។

ការព្រមព្រៀងគ្នានេះបច្ចុប្បន្នអាស្រ័យទៅលើការទាមទាររបស់ Juventus ថា Man United ត្រូវតែបង់ប្រាក់សេវាទាំងអស់ដល់លោក Raiola ដែលត្រូវគេជឿជាក់ថា មានចំនួន១៨,៨លានផោន ពោលគឺ២០ភាគរយនៃតម្លៃខ្លួនសរុប។ Man United បានយល់ព្រមរួចជាស្រេចក្នុងការបង់ប្រាក់ពាក់កណ្តាលនៃតម្លៃសេវារបស់ភ្នាក់ងាររូបនេះ ប៉ុន្តែ បច្ចុប្បន្ន Juventus បានបញ្ជាក់ថា ប្រសិនបើការព្រមព្រៀងគ្នានេះត្រូវបានបំពេញ Man United ត្រូវតែបង់ប្រាក់ទាំងអស់លើភ្នាក់ងារ។

Juventus បានបញ្ជាក់កាលពីមុនថា ពួកគេនឹងអនុញ្ញាតឲ្យកីឡាកររូបនេះចាកចេញ លុះត្រាតែក្នុងតម្លៃខ្លួន១០០លានផោន ប៉ុន្តែ បច្ចុប្បន្ន ពួកគេនឹងទទួលយកតម្លៃខ្លួន៩២លានផោន ប្រសិនបើ Man United ជាអ្នកទទួលបន្ទុកទាំងស្រុងលើថ្លៃឈ្នួលរបស់លោក Raiola។ Man United ក៏យល់ព្រមទិញសិទ្ធិពាណិជ្ជកម្មរបស់ Pogba ផងដែរ ហើយនិងត្រូវផ្តល់ប្រាក់ដល់គេចំនួន៤,២លានផោនបន្ថែមទៀតក្នុងមួយរដូវកាល ដើម្បីធ្វើឲ្យគេទទួលបានចំណូលសរុប២៩ម៉ឺនផោន (ស្មើនឹង៣៨,៥ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍៕

ប្រភពព័ត៌មាន៖ The Guardian

The post Man United ខិតកាន់តែកៀកក្នុងការនាំយក Pogba ក្រោយដាក់សំណើលើកទី២ appeared first on CamboSport.