សិស្ស​និទ្ទេស​ A ឆ្នាំ​មុន​​ និង​​សិស្ស​អាហារូបករណ៍​​ ​ប្រាប់​​​​​បទ​ពិសោធន៍​​ត្រៀម​​​​​បាក់​ឌុប​​

ការប្រលងបាក់ឌុបទូទាំងប្រទេសរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២ និង ២៣ ខែសីហា ២០១៦ កាន់ខិតជិតឈានមកដល់។ សម្រាប់ឆ្នាំ២០១៦នេះ តាមប្រសាសន៍ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន បានឲ្យដឹងថា វិធានការចំពោះការប្រលង គឺនៅតែតឹងរ៉ឹងដដែល ពោល គឺគ្មានការបន្ធូរបន្ថយអ្វីឡើយ។

សិស្ស​និទ្ទេស​ A ឆ្នាំ​មុន​​ និង​​សិស្ស​អាហារូបករណ៍​​ ​ប្រាប់​​​​​បទ​ពិសោធន៍​​ត្រៀម​​​​​បាក់​ឌុប​​

សិស្សានុសិស្សជាច្រើន ខ្លះបានត្រៀមខ្លួនតាំងពីដើមឆ្នាំ និងខ្លះទៀតពុំទាន់បានត្រៀមគ្រប់គ្រាន់នៅឡើយទេសម្រាប់រយៈពេលខ្លីជិតដល់ថ្ងៃប្រលងនេះ។ តាមរយៈសិស្សនិទ្ទេស A ឆ្នាំមុនៗ និងនិស្សិតអាហារូបករណ៍សិក្សានៅបរទេសបានរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនមួយចំនួនចំពោះការត្រៀមមុនថ្ងៃប្រលងមកដល់។

យុវជន លឹម រស្មី សិស្សនិទ្ទេសA ឆ្នាំ២០១៥ និងបច្ចុប្បន្នជានិស្សិតអាហារូបករណ៍១០០ភាគរយ សិក្សាផ្នែកព័ត៌មានវិទ្យានៅសកលវិទ្យាល័យអាម៉េរិកាំងបានរៀបរាប់ប្រាប់ថា រូបគេបានរៀនគួរត្រៀមតាំងពីដើមឆ្នាំ គឺមុខវិជ្ជារូប គណិត រូប គីមី ជីវៈ។ ក្នុងមួយថ្ងៃ រស្មីប្រាប់ថារូបគេប្រើពេល១ម៉ោងកន្លះទៅ២ម៉ោង សម្រាប់មុខវិជ្ជាមេរៀនទន្ទេញ និង៣ទៅ៥ម៉ោង ដើម្បីធ្វើលំហាត់។

រស្មីនិយាយថា ខ្លួនតែងបញ្ចប់លំហាត់ម៉ោងគួរនិងម៉ោងរដ្ឋនៅសាលាជាស្រេច ហើយចំណាយពេលនៅផ្ទះសម្រាប់ធ្វើលំហាត់តាមសៀវភៅផ្សេងៗ៖ “ខ្ញុំចំណាយពេលនៅផ្ទះធ្វើលំហាត់មកពីគ្រប់តំបន់ គ្រប់គ្រូ ភាគច្រើនមកពីជ័យថាវី។ លំហាត់ដែលខ្ញុំបានគឺមកពីមិត្តភ័ក្ដិដែលគាត់រៀននៅទីនោះ និងកន្លែងលក់សៀវភៅម្ដុំនោះ។ ពេលដែលខ្ញុំទាល់លំហាត់ណាមួយ ខ្ញុំតែងតែយកលំហាត់នោះទៅសួរគ្រូរបស់ខ្ញុំ”។

ចំពោះការត្រៀម១ខែមុនប្រលង អតីតសិស្សវិទ្យាល័យជាស៊ីម សន្ធរម៉ុក រូបនេះបន្តថា “១ខែមុនប្រលងខ្ញុំបញ្ឈប់រាល់ការសិក្សាក្រៅទាំងឡាយ(រៀនគួរ)។ ខ្ញុំចំណាយពេលប្រហែលជាង១០ម៉ោងនៅផ្ទះ ធ្វើលំហាត់ដែលខ្ញុំមាន”។ សម្រាប់មុខវិជ្ជាដូចជា រូប និងគីមី រស្មីបានឲ្យដឹងថារូបគេបានចងក្រងជាសំនួរចម្លើយ ដើម្បីជាការសង្ខេបមេរៀនផងដែរ។

សិស្ស​និទ្ទេស​ A ឆ្នាំ​មុន​​ និង​​សិស្ស​អាហារូបករណ៍​​ ​ប្រាប់​​​​​បទ​ពិសោធន៍​​ត្រៀម​​​​​បាក់​ឌុប​​យុវជន លឹម រស្មី

រស្មីបានផ្ដាំផ្ញើដល់សិស្សថ្នាក់ទី១២ដែលត្រូវប្រលងបាក់ឌុបថា គួរផ្ដោតលើការសិក្សា ថែសុខភាពដោយគេងនិងហូបឲ្យបានគ្រប់គ្រាន់ និងកាត់បន្ថយការចំណាយពេលច្រើនលើការលេង Facebook ។ មិនតែប៉ុណ្ណោះ សិស្សគួរធ្វើអារម្មណ៍ធម្មតា(មិនភ័យ) នៅថ្ងៃប្រលង និងចៀសវាងការលួចយកវិញ្ញាសាចូលមណ្ឌលប្រលង។

ដោយឡែក ងាកទៅស្ដាប់បទពិសោធន៍ពីសិស្សនិទ្ទេស A ឆ្នាំ២០១៥ ថាច់ ងួនហេង បច្ចុប្បន្នជានិស្សិតសិក្សានៅសកលវិទ្យាល័យNew York Korea នៅប្រទេសកូរ៉េ បានរៀបរាប់ប្រាប់ថា ខ្លួនបានត្រៀមខ្លួនតាំងពីដើមឆ្នាំមកម្ល៉េះ ពោលគឺតាំងតែពីវ៉ាកងថ្នាក់ទី១១ ដោយរៀនគួរគ្រប់មុខវិជ្ជា។

ងួនហេងបានឲ្យដឹងថា រូបគេបានបែងចែកពេលសិក្សាត្រៀមប្រលងរបស់ខ្លួនជាបីផ្នែក គឺការរៀនរដ្ឋ រៀនគួរ និងរៀនជាមួយដៃគូជាលក្ខណៈស្វ័យសិក្សា។ ការត្រៀមមុខវិជ្ជាលំហាត់ និងមុខវិជ្ជាទន្ទេញ អតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិរូបនេះនិយាយថា៖ “សម្រាប់មុខវិជ្ជាលំហាត់និង ទន្ទេញគឺខ្ញុំរៀនដូចគ្នា ខ្ញុំយល់ឃើញថានៅពេលដែលយើងយល់ពីមេរៀននោះយើងនឹងចាំវាក្នុងពេលតែមួយ”។

សិស្ស​និទ្ទេស​ A ឆ្នាំ​មុន​​ និង​​សិស្ស​អាហារូបករណ៍​​ ​ប្រាប់​​​​​បទ​ពិសោធន៍​​ត្រៀម​​​​​បាក់​ឌុប​​យុវជន  ថាច់ ងួនហេង

រយៈពេលមួយខែ សម្រាប់ត្រៀមបាក់ឌុប ងួនហេងបានរៀបរាប់ថា៖ “សល់មួយខែ យើងត្រូវយល់ពីសមត្ថភាពរបស់យើង ខំមុខវិជ្ជាដែលខ្សោយតែមិនគួរ មើលស្រាលមុខវិជ្ជាដែលយើងចេះ និងបោះបង់មុខវិជ្ជាដែលមិនចេះទាល់តែសោះនោះទេ”។ ក្រៅពីនោះ ហេងបន្ថែមថា មុនថ្ងៃប្រលងរូបគេផ្ទាល់ ខំប្រឹងប្រែងធ្វើលំហាត់ ដើម្បីឲ្យមានភាពស៊ាំនឹងគន្លឹះរបស់លំហាត់នីមួយៗ។

ងាកទៅស្ដាប់បទពិសោធន៍ត្រៀមប្រលងបាក់ឌុប របស់និស្សិតអាហារូបករណ៍កំពុងសិក្សាថ្នាក់បរិញ្ញាបត្រគណិតវិទ្យានៅសកលវិទ្យាល័យមហាសារ៉ាខាមនៅប្រទេសថៃ គឺ កញ្ញា គីម រចនា (ចប់បាក់ឌុបឆ្នាំ២០១៣ )បានរៀបរាប់ថា កញ្ញាបានត្រៀមខ្លួនតាំងតែពីដើមឆ្នាំ ដោយរៀនគួរក្នុងមួយមុខវិជ្ជាតែ១ម៉ោងប៉ុណ្ណោះ ដោយកញ្ញាចំណាយពេលយកលំហាត់ដែលរៀនជាមួយគ្រូមកដោះស្រាយឲ្យបានច្រើន ជាពិសេសគឺមុខវិជ្ជា គណិត រូប គីមី និងជីវៈ។

និស្សិតឆ្នាំទី៣រូបនេះបាននិយាយថា ក្នុងការត្រៀមប្រលង កញ្ញាបានបែងចែកកាលវិភាគសិក្សា មុខវិជ្ជាទន្ទេញ និងមេរៀនលំហាត់ជាពីរពេលផ្សេងគ្នា ដោយអនុវត្តធ្វើលំហាត់នៅពេលយប់ និងក្រោកទន្ទេញអានមេរៀនពេលម៉ោង៥ព្រឹកព្រលឹម។

សិស្ស​និទ្ទេស​ A ឆ្នាំ​មុន​​ និង​​សិស្ស​អាហារូបករណ៍​​ ​ប្រាប់​​​​​បទ​ពិសោធន៍​​ត្រៀម​​​​​បាក់​ឌុប​​យុវតី គីម រចនា

ចំពោះការត្រៀមខ្លួនឲ្យបានល្អមុនពេលប្រលង អតីតសិស្សវិទ្យាល័យហ៊ុនសែន តាំងគោកមកពីខេត្តកំពង់ធំរូបនេះបាននិយាយថា៖ “…រៀនដោះស្រាយវិញ្ញាសាចាស់ៗដែលធ្លាប់ចេញប្រលង បាក់ឌុប។ ព្រោះលំហាត់ដែលចេញប្រលងគឺមានលក្ខណៈប្រហាក់ប្រហែលនឹងវិញ្ញាសាចាស់ៗ។ ធ្វើលំហាត់ដែលធ្លាប់ចេញប្រលងឲ្យបានច្រើន ធ្វើឲ្យយើងស៊ាំនិងស្គាល់លំហាត់បែបបាក់ឌុបបានច្រើន”។ បន្ថែមពីនោះ អតីតសិស្សពូកែគណិតវិទ្យាថ្នាក់ខេត្តរូបនេះបានផ្ដាំផ្ញើដល់ប្អូនៗសិស្សទី១២ដែលត្រូវប្រលងបាក់ឌុប គប្បីរំលឹកមេរៀនទាំងអស់ឡើងវិញ ដើម្បីត្រៀមខ្លួនឲ្យបានល្អ និងត្រូវមានជំនឿចិត្តលើខ្លួនឯង ដោយប្រឹងប្រែងឲ្យអស់ពីសមត្ថភាព៕

ប្រភព៖ sabay

  • សិស្ស​និទ្ទេស​ A ឆ្នាំ​មុន​​ និង​​សិស្ស​អាហារូបករណ៍​​ ​ប្រាប់​​​​​បទ​ពិសោធន៍​​ត្រៀម​​​​​បាក់​ឌុប​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: