អាមេរិក​បើក​កិច្ចប្រជុំ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ ក្រោម​សម្ពាធ​ភេរវកម្ម​

២ឆ្នាំក្រោយការបើកយុទ្ធនាការប្រឆាំងក្រុមជីហាតរដ្ឋអ៊ីស្លាម នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ២០-២១ កក្កដានេះ អាមេរិកបើកកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងក្រុមភេរវជនមួយនេះ។ កិច្ចប្រជុំមានវត្តមានចូលរួមរបស់ប្រទេសជាង៣០។ អាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត កំពុងរងសម្ពាធខ្លាំង ដោយសារតែក្រុមជីហាតបានបង្កើនការវាយប្រហារគ្រប់ទិសទី ទូទាំងពិភពលោក។ ក្នុងកិច្ចប្រជុំនេះ គេក៏ពិភាក្សាផងដែរពីជំនួយ២ពាន់លានដុល្លារ សម្រាប់កសាងអ៊ីរ៉ាក់ឡើងវិញ ក្រោយពេលក្រុមជីហាតត្រូវកំចាត់អស់ពីអ៊ីរ៉ាក់។

ទោះបាត់បង់ដែនដីក្នុងសមរភូមិដើមបូព៌ា ក្រុមភេរវជននៅតែមានសមត្ថភាពវាយប្រហារខ្ពស់

ថ្ងៃពុធ ជាថ្ងៃទី១នៃកិច្ចប្រជុំ នៅក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីការបរទេសមកពីប្រទេសនិមួយៗ ពិភាក្សាលើបញ្ហាក្រុមភេរវជនរដ្ឋអ៊ីស្លាម។ ក្រុមជីហាតបានធ្វើការវាយប្រហារភេរវកម្មច្រើន គ្រប់ទិសទី មួយរយៈចុងក្រោយនេះ ដូចជានៅទីក្រុងនិស ប្រទេសបារាំង ទីក្រុងបាក់ដាត អ៊ីស្តង់ប៊ូល ដាកា។ នេះជាសម្ពាធធ្ងន់សម្រាប់កិច្ចប្រជុំរបស់អាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត ថ្ងៃពុធនេះ។

២ឆ្នាំមកនេះ អាមេរិកប្រទេសសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក បានធ្វើការវាយប្រហារផ្លូវអាកាសច្រើនសន្ធឹកសន្ធាប់ កំទេចទីតាំងច្រើនកន្លែងរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម។ ក្រុមជីហាតបានបាត់បង់ដែនដី នៅអ៊ីរ៉ាក់ ជិត៥០ភាគរយ ហើយនៅស៊ីរីវិញ ក្រុមជីហាតបាត់បង់ដែនដីពី២០ទៅ៣០ភាគរយ។

ដែនដីដែលដណ្តើមបានមកវិញនេះ ជាតំបន់ដែលក្រុមភេរវជនវាយយកបាន កាលពីឆ្នាំ២០១៤។ អាមេរិកនឹងបញ្ជូនកងទ័ពរាប់រយនាក់ទៅជួយអ៊ីរ៉ាក់ទៀត ដើម្បីវាយយកក្រុងម៉ូស៊ូលមកវិញ។ មើលទៅ យុទ្ធសាស្ត្រអាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត ក្នុងការកំទេចក្រុមជីហាតនៅសមរភូមិ មានប្រសិទ្ធភាព។

ត្បិតថា ក្រុមជីហាតបាត់បង់ដែនដីជាបន្តបន្ទាប់ តែមិនមែនមានន័យថា ក្រុមនេះចាញ់ទាំងស្រុងទេ។ ក្រុមរដ្ឋអ៊ីស្លាមនៅតែមានសមត្ថភាពវាយប្រហារជានិច្ច។ ក្រុមភេរវជនមានយុទ្ធសាស្ត្រខ្ពស់។ គឺយុទ្ធសាស្ត្រអំពាវនាវ អោយអ្នកដែលចង់ធ្វើទាហានជីហាត ងាយសម្រេចសកម្មភាពភ្លាមៗតែម្តង ដោយមិនចាំបាច់ធ្វើដំណើរទៅហ្វឹកហាត់ដល់ទឹកដីស៊ិរី រឺអ៊ីរ៉ាក់ នាំសៅហ្មងវែងឆ្ងាយទេ។

ជនជ្រុលនិយមអាចត្រឹមតែប្រើអាវុធតូចតាច ងាយស្រួល ដូចជាដុំថ្ម រឺពូថៅ រឺក៏រថយន្តក៏បាន អោយតែអាចសម្លាប់ពលរដ្ឋប្រទេសលោកខាងលិច។ ជាក់ស្តែង ក្នុងភេរវកម្មរថភ្លើង នៅអាល្លឺម៉ង់កាលពីយប់ថ្ងៃចន្ទ ភេរវជនបានប្រើកាំបិតពូថៅបង្ករបួសដល់អ្នកដំណើរ។

នៅទីណាក៏ដោយ បើមានជនជ្រុលនិយមណាមួយស្ម័គ្រចិត្តធ្វើទាហានរបស់ក្រុមរដ្ឋអ៊ីស្លាម ជននោះប្រើតែកាំបិតតូចមួយ ក៏អាចវាយប្រហារបានទៅហើយ។ នាយករដ្ឋមន្ត្រីបារាំង លោកម៉ានុយអែល វ៉ាល់ រំពឹងថា ភេរវកម្មសម្លាប់មនុស្សស្លូតត្រង់ នៅតែអាចកើតមានច្រើនទៀត ក្នុងពេលខាងមុខ។ គេមិនដឹងថា តើភេរវកម្មអាចនឹងឈប់កើតមានពេលណាទេ។

រដ្ឋាភិបាលអាមេរិកក្រោយលោកអូបាម៉ាមិនអាចមើលរំលងនយោបាយប្រឆាំងភេរវកម្ម
អាណត្តិដឹកនាំរបស់លោកអូបាម៉ា នឹងត្រូវបិទបញ្ចប់នៅខែមករាខាងមុខ។ គេបារម្ភថា ក្រុមភេរវជនអាចនឹងដណ្តើមយកក្រុងរ៉ាកា និងម៉ូស៊ូលមកវិញ មុនពេលលោកអូបាម៉ាបញ្ចប់អាណត្តិទៅទៀត។ ទោះយ៉ាងណា ក៏ប្រទេសធំៗដូចអាមេរិក រឺក៏បារាំង នៅតែប្រកាន់ជំហរពង្រឹងសន្តិសុខខ្ពស់ ទាំងនៅសមរភូមិ ទាំងក្នុងទឹកដីជាតិខ្លួនផ្ទាល់។ បើបក្សប្រឆាំងសាធារណរដ្ឋឈ្នះឆ្នោត នៅពេលខាងមុខ រដ្ឋាភីបាលអាមេរិកថ្មី ចេញមកពីបក្សសាធារណរដ្ឋ ក៏ប្រហែលជានៅប្រកាន់ជំហរប្រឆាំងភេរវកម្មខ្ពស់ដែរ ព្រោះអាមេរិកក៏ជាផ្ទាំងស៊ីបធំ នៃការវាយប្រហាររបស់ក្រុមភេរវជនដែរ។

ពេលនេះ អាមេរិកកំពុងខិតទៅជិតរុស្ស៊ី ក្នុងយុទ្ធនាការកំទេចក្រុមរដ្ឋអ៊ីស្លាម នៅស៊ីរី។ ប្រមុខការទូតចន ឃែររី ទើបនឹងមកពីទស្សនកិច្ចនៅរុស្ស៊ី។ លោកសុំមិនប្រកាសនូវវិធានការសហការគ្នារវាងរុស្ស៊ីនិងអាមេរិក ព្រោះដើម្បីកុំអោយបែកការណ៍ ដើម្បីអាចបន្តកំទេចក្រុមជីហាត កុំអោយពួកនេះដឹងផែនការមុន។

អង្គការសហប្រជាជាតិបារម្ភថា ក្រុមជីហាតអាចនឹងរាយប៉ាយនៅលីប៊ី និងអាហ្វ្រិកខាងជើង
ប្រធានបទដែល អាចនឹងយកមកនិយាយក្នុងកិច្ចប្រជុំថ្ងៃនេះដែរ គឺបញ្ហាសមរភូមិនៅលីប៊ី។ នៅទីនោះ ក្រុមជីហាតរដ្ឋអ៊ីស្លាមអាចនឹងបាត់បង់ទីតាំងដ៏ធំ របស់ខ្លួននៅភាគខាងជើងលីប៊ី ឈ្មោះថាសៀរត៍។ ទាហានលីប៊ីកំពុងប្រយុទ្ធបំបែកទីតាំងនេះ។ តែបើចាញ់សង្គ្រាម ក្រុមជីហាតអាចនឹងបំបែកសកម្មជនខ្លួន អោយទៅរាយប៉ាយជាក្រុមតូចៗ នៅកន្លែងផ្សេងៗទៀតនៅលីប៊ី រឺក៏នៅប្រទេសជិតខាងលីប៊ី ក្នុងដែនដីអាហ្វ្រិកខាងជើង។ នេះជាអ្វីដែលលោកបាន គីមូន ជាប្រធានអង្គការសហប្រជាជាតិបារម្ភជាងគេ។

នៅទីនោះ ក្រុមជីហាតរដ្ឋអ៊ីស្លាមមានកូនទាហានពី២០០០ ទៅ៥០០០នាក់ ជាសកម្មជនមកពីច្រើនប្រទេសក្នុងតំបន់។ មានមកពិម៉ាលី ម៉ូរីតានី ម៉ារ៉ុក រឺក៏អេហ្ស៊ីបជាដើម។ ក្រុមជីហាតមានវត្តមាននៅសៀរត៍ នៅទីក្រុងទ្រីប៉ូលី និងនៅឌែរណា។ ដូច្នេះ បើពួកនេះចាញ់សមរភូមិ ហើយទៅរាយប៉ាយជាក្រុមតូចៗ តាមតំបន់ផ្សេងៗ វារឹតតែបង្កគ្រោះថ្នាក់ថែមទៀត។

ដោយសារយុទ្ធសាស្ត្រវាយប្រហារថ្មី ផ្តោតលើអាវុធសាមញ្ញៗ ដូចជាដុំថ្ម រឺកាំបិតផ្គាក់ ទាហានជីហាតតូចៗទាំងនេះចង់វាយប្រហារពេលណា នៅទីណាក៏បាន។ ទុយនីស៊ីកំពុងបារម្ភ ព្រោះថា ក្នុងចំណោមសកម្មជនជីហាតនៅលីប៊ី មានជនជាតិទុយនីស៊ីជាង១០នាក់ បានត្រលប់ចូលទឹកដីទុយនីស៊ីវិញហើយ។ កូនទាហានជីហាតទាំងនេះគ្រោងបង្កភេរវកម្មក្នុងស្រុកទេសខ្លួន។

នៅអាហ្វ្រិកវិញ ក៏មានវត្តមានក្រុមអាល់កៃដា នៅតំបន់ម៉ាហ្ក្រេប កំពុងធ្វើសកម្មភាពនៅម៉ាលីនិងតំបន់សាហែលដែរ។ ពួកនេះកំពុងជ្រកកោននៅលីប៊ី៕

ប្រភពៈ RFI


Related Posts