យន្តហោះ​​ ចិន​ ចុះចត​លើ​ផ្លូវ​នៃ​កោះ​សិប្បនិម្មិត

ក្រុងប៉េកាំង/ហុងកុងៈ ក្រុមមន្ត្រីក្រសួងការបរទេស និងក្រុមអ្នកវិភាគបាននិយាយថាការចុះចតលើកដំបូងនៃយន្តហោះមួយគ្រឿងរបស់ចិនលើផ្លូវរថកោះថ្មីមួយរបស់ខ្លួននៅសមុទ្រចិនខាងត្បូងបង្ហាញថាទីតាំងវាលយន្តហោះរបស់ក្រុងប៉េកាំងក្នុងតំបន់ជម្លោះនោះត្រូវបានធ្វើរួចរាល់តាមពេលកំណត់ហើយការហោះហើរផ្នែកយោធានឹងធ្វើទៅតាមក្រោយដោយចៀសពុំរួច។

ពួកគេបាននិយាយថាវត្តមានយោធាកំពុងកើនឡើងរបស់ចិននៅក្នុងសមុទ្រដែលមានជម្លោះនេះអាចនាំឲ្យក្លាយទៅជាតំបន់ការពារអាកាសដែលគ្រប់គ្រងដោយចិនដោយប្រសិទ្ធភាពដោយបង្កើនភាពតានតឹងជាមួយក្រុមប្រទេសដែលទាមទារជាច្រើនទៀត និងជាមួយអាមេរិកនៅក្នុងតំបន់ងាយកើតរឿងបំផុតមួយក្នុងពិភពលោកនេះ។

ក្រុមមន្ត្រីក្រសួងការបរទេសចិនបានបញ្ជាក់ពីថ្ងៃសៅរ៍ថាការហោះហើរសាកល្បងនៃយន្តហោះស៊ីវិលមួយគ្រឿងបានចុះចតលើកោះសិប្បនិម្មិតមួយដែលបានសង់នៅក្នុងប្រជុំកោះស្រ្ប៉ាត់លីជាលើកទីមួយមួយដែលក្រុងប៉េកាំងបានប្រើផ្លូវរត់មួយនៅក្នុងតំបន់នោះ។

វៀតណាមបានចាប់ផ្តើមការតវ៉ាការទូតផ្លូវការមួយខណៈអ្នកនាំពាក្យក្រសួងការបទេសហ្វីលីពីនលោក Charles Jose បាននិយាយថាក្រុងម៉ានីលក៏មានផែនការធ្វើដូច្នោះដែរ។ រដ្ឋទាំងពីរបានអះអាងថាតំបន់នោះត្រួតស៊ីគ្នាជាមួយចិន។

លោក Jose បានប្រាប់ក្រុមអ្នកាសែតថា៖ «នោះគឺជាការភ័យខ្លាចថាចិននឹងអាចគ្រប់គ្រងសមុទ្រចិនខាងត្បូងហើយវានឹងប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍ និងសេរីភាពនៃការហោះហើរ»។

នៅក្រុងវ៉ាស៊ីនតោនអ្នកនាំពាក្យក្រសួងការបរទេសលោក John Kirby បាននិយាយថាការចុះចតនៃយន្តហោះរបស់ចិននោះ «បង្កើនភាពតានតឹង និងគំរាមកំហែងស្ថិរភាពតំបន់»។

ព្រឹទ្ធសមាជិក John McCain ប្រធានគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលបានរិះគន់រដ្ឋការលោក អូបាម៉ា ពីបទពន្យារពេលល្បាតសេរីភាពនៃការធ្វើនាវាចរណ៍បន្ថែមទៀតក្នុងចម្ងាយ ២២ គីឡូម៉ែត្រពីប្រជុំកោះដែលចិនសង់នោះ។

ចិនបាននិងកំពុងសងផ្លូវរត់ជាច្រើនលើប្រជុំកោះសិប្បនិម្មិតនោះអស់ពេលមួយឆ្នាំហើយៗការចុះចតរបស់យន្តហោះនោះគឺគ្មានអ្វីភ្ញាក់ផ្អើលនោះទេ។

ផ្លូវរត់នៅតំបន់ប៉ប្រះទឹក Fiery Cross Reef នោះមានប្រវែង ៣០០០ ម៉ែត្រ និងជាផ្លូវរត់មួយក្នុងចំណោមបីដែលចិនកំពុងសង់លើប្រជុំកោះសិប្បនិម្មិតនោះដែលសង់លើថ្មប៉ប្រះទឹក ៧ និងកោះផ្កាថ្មជាច្រើននៅក្នុងប្រជុំកោះស្រ្ប៉ាត់លី។

ផ្លូវរត់ទាំងនោះនឹងវែងគ្រប់គ្រាន់ដើម្បីទទួលយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយវែង និងយន្តហោះដឹកជញ្ជួនក៏ដូចជាយន្តហោះចម្បាំងល្អបំផុតរបស់ចិនធ្វើឲ្យពួកវាជាវត្តមានក្នុងបេះដូងសមុទ្រអាស៊ាន។

ក្រុមមន្ត្រីចិនបានសង្កត់ធ្ងន់ជាច្រើនលើកថាប្រជុំកោះថ្មីនេះនឹងសម្រាប់ការប្រើប្រាស់ខាងស៊ីវិលភាគច្រើនបំផុតដូចជាសកម្មភាពឆ្មាំសមុទ្រ និងការស្រាវជ្រាវការងារនេសាទ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Related Posts