មិនចេះធ្វើជាចេះ លទ្ធផល​​រត់ចោលស្រុក

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ជា​ព្រូឡាន​អង្គុយ​ផឹកស៊ី​សុខ​ៗ​ បែក​គំនិត​ចង់​បើករថយន្ត​ទាំង​ខ្លួន​​មិន​ចេះ​បើក​សោះ​ ក៏​បើក​ជ្រុល​ទៅ​បុក​​របង​ដី​ឡូត៍​​​របស់​លោក​ឧកញ៉ា​​​ម្នាក់បាក់​អស់​មួយ​ប្រលោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១២​ និង​០៥​នាទី​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី២១ ​កក្កដា តាម​ផ្លូវ​២០១១ ក្នុងសង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

​​ប្រភព​​ពី​អ្នក​លើក​អីវ៉ាន់​តាម​​រថយន្ត​​​ដែល​អង្គុយ​ផឹកស៊ី​ជាមួយ​​ថា មុន​ពេល​កើតហេតុ​ ជន​បង្ក​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នីគ្នា​គេ​២​នាក់​ទៀត ​ដែល​ជា​អ្នក​លើក​អីវ៉ាន់ ។ ​ក្រោយមក​ ពេល​ជន​បង្ក​ស្រវឹង​បាន​ឡើង​ទៅ​បើករថយន្ត​មួយ​គ្រឿង ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ប្រភេទ​ដឹក​ទំនិញ​ទម្ងន់​១៦តោន ព​ណ៌.ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-7549 ដែល​ចត​ទុក​ស្ងៀម​នៅ​មួយ​កន្លែង​នោះ​ ជិត​កន្លែង​គេ​ផឹកស៊ី ដោយ​​ម្ចាស់​រថយន្ត​ ​បាន​ទៅ​លេង​ស្រុក​កំណើត ​ហើយ​បាន​ទុក​រថយន្ត​ឱ្យ​ព្រូ​ម្នាក់​​ដែល​ជា​ជន​បង្ក​នៅ​មើល ។ ពេល​រូបគេ​ជា​ព្រូ​ផឹក​ស្រវឹង​ ក៏​​ចង់​សាក​បើករថយន្ត​ម្ដង​មើល ​ក្រែង​ចេះ​ ​ក៏​បាន​ឡើង​ទៅ​សាក​បើករថយន្ត​ខាងលើ ​រហូត​ជ្រុល​ទៅ​បុក​របង​ដី​ឡូត៍​មួយ​កន្លែង ​ដែល​ជាប់​សួន​ចំការ​ព្រីង​ធ្វើ​ឱ្យ​​បាក់​អស់​មួយ​ប្រលោះ​ប្រវែង​៤​ម៉ែត្រ ។ ចំណែក​រថយន្ត​វិញ ​ខូចខាត​ដាច់​កញ្ចក់​មើល​ក្រោយ​ខាងស្ដាំ​ និង​ក្រពិត​​ផ្នែក​ខាង​មុខ​បន្តិច ។

ភ្លាម​ៗ​នោះ​ ជន​បង្ក​បាន​បើករថយន្តរ៉ឺយ៉ែ​​បំណង​រត់គេច​ តែ​ពេល​ជិះ​ចេញពី​កន្លែង​កើតហេតុ​បាន​មួយ​គីឡូម៉ែត្រ​ ជន​បង្ក​ដែល​ជា​ព្រូ​ម្នាក់​នោះ​ ​បើកទ្វារ​រថយន្ត​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​ បន្សល់​ទុក​តែ​រថយន្ត​នៅ​និង​កន្លែង​តែ​ប៉ុណ្ណោះ ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​កន្លែង​កើតហេតុ​ ហើយ​បាន​រាយការណ៍​ទៅ​កាន់​ខាង​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់​ និង​យក​រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ ​៕