គ្រោះថ្នាក់​មើល​មិនឃើញ​មែន ! គោ​យន្ត​គាប​ក​អ្នក​បើក​ស្លាប់​

ខេត្តស្ទឹងត្រែង ៖ បុរស​អ្នកបើកបរ​គោ​យន្ត​ម្នាក់​បាន​បើក​គោ​យន្ត​ថយក្រោយ​ទៅ​បុក​គុម្ព​ស្រ​កែ​បណ្ដាល​ឲ្យ​ដៃ​គោ​យន្តគាប​ជាប់​ក​​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែកក្កដា​ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​ចាយ ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង ។

ប្រភព​ពី​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​រួម​ជាមួយ​ក្មេង​ប្រុស​ម្នាក់​ទៀត​បាន​បញ្ជា​គោ​យន្ត​របស់​ខ្លួន​ចេញពីផ្ទះ​យក​ទៅ​លាង​ទឹក លុះ​ក្រោយមក​ទើប​ទទួល​ដំណឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ដៃ​គោ​យន្ត​គាប​ជាប់​ក​នៅ​ចំណុច​ស្រែ​រនោង ក្នុង​ឃុំ​សន្តិភាព ទើប​នាំ​គ្នា​ផ្អើល​ទៅ​មើល​ហួសចិត្ត​អស់ពី​ថ្លែង ខណៈ​ឃើញ​សព​ស្លាប់​ឈរ​ជាប់​ក​នឹង​ជំ​ពាម​ដៃ​គោ​យន្ត​ផ្ទប់​ទៅ​នឹង​គុម្ព​ស្រ​កែ ហើយ​ក៏​នាំ​គ្នា​សព​មក​ផ្ទះ​បន្ទាប់​ពី​កម្លាំង​នគរបាល​ចុះ​ពិនិត្យ​រួចរាល់​នៅ​កន្លែង​កើតហេតុ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សន្តិភាព​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ ក្មេង​ប្រុស​ដែល​ទៅ​ជាមួយ​ជន​រង​គ្រោះ​បាន​ដើរ​ទ្រហោយំ​ទៅ​ប្រាប់​គ្រួសារ​សាច់ញ្ញាតិ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ពេល​បើក​គោ​យន្ត​ថយក្រោយ​ទៅ​បុក​គុម្ព​ស្រ​កែ ទើប​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​នាំ​គ្នា​ទៅ​កន្លែង​កើតហេតុ និង​ធ្វើការ​សង្គ្រោះ​ទាំង​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។

លោក វ៉ា សុ​ផា​ន់ អធិការ​ស្រុក​សៀម​ប៉ា​ង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ប៊ួ​លី ថា​វី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានមុខ​របរ​ធ្វើស្រែ រស់នៅ​ភូមិ​ឡា​កាយ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ៕