សម្តេចតេជោ ​ហ៊ុន សែន​៖ មិននឹកស្មាន​បាត់ដំបង​ជាអតីត​​សមរភូមិមរណៈ​ក្លាយជាទីផ្សារ

ខេត្តបាត់ដំបង ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ បានថ្លែងថា​​ «ខេត្តបាត់ដំបងជា​អតីតទីសមរភូមិក្តៅដែល​យើង​មិននឹកស្មានថា​បានក្លាយជាខេត្តដែលមានសុខសន្តិភាព​ និងអភិវឌ្ឍន៍រីកចម្រើនមកទល់សព្វថ្ងៃ។ ​ដោយសារស្មារតីនៃនយោបាយ ឈ្នះ-ឈ្នះ ​ យើងបានបញ្ចប់សង្រ្គាម​ ហើយបាននាំមកនូវសន្តិភាពពេញលេញ​ និងឯកភាពជាតិ ​ដោយបានប្រែក្លាយទីសមរភូមិ​មរណៈមកជាទីផ្សារ និង​ សហគមអភិវឌ្ឍន៍»។

បើតាម​សម្តេចតេជោនាយករដ្ឋមន្រ្តីដែលសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម (Facebook)​ បន្ទាប់ពីសម្តេចបាន​ជួប​សំណេះ​​សំណាល​ជាមួយមន្រ្តីរាជការនិងកងកម្លំាងប្រដាប់អាវុធ ​កាលពីរសៀលថ្ងៃទី២០ ​កក្កដា ​មួយថ្ងៃមុនពេលសម្តេចតេជោ​អញ្ជើញ​ជាអធិបតីសម្ពោធដាក់ឲ្យប្រើបា្រស់​ប្រព័ន្ឋចម្រោះទឹកស្អាត​ក្នុងខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២១​ កក្កដា ២០១៦នេះ ​សម្តេច​នឹងចុះជួបសំណេះសំណាល​សួរសុខទុក្ខមន្រ្តីរាជការ ​ប្រជាពលរដ្ឋ ​និងពិនិត្យអំពីសមិទ្ឋផលនៅតាមបណ្តាខេត្ត​-រាជធានីទំាង២៥ ដោយចាប់ផ្តើមពីខេត្តបាត់ដំបងមុនគេ​ ហើយនៅថ្ងៃទី២២ កក្កដាស្អែក​ សម្តេចតេជោ​ ហ៊ុន សែន​​នឹងបន្តដំណើរទៅ​ខេត្តបន្ទាយ​មាន​ជ័យ​ និងខេត្តសៀមរាប​ ហើយបន្ទាប់មកគឺខេត្តកំពង់ធំ។ ។

ក្នុងឱកាសជួបសំណេះសំណាល​ជាមួយមន្រ្តីរាជការនិងកងកម្លំាងប្រដាប់អាវុធខេត្តបាត់ដំបង​កាលពីរសៀលថ្ងៃពុធម្សិលមិញនេះ ដែរ ​សម្តេចប្រមុខរាជរដ្ឋាភិបាលក៍បានផ្តាំផ្ញើដល់មន្រ្តីរាជការ​ត្រូវខិតខំយកចិត្តទុកដាក់​ដោះស្រាយសេវា​តម្រូវការចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋអោយបានឆាប់រហ័ស និងមានប្រសិទ្ឋភាពនិងត្រូវតែលុបបំបាត់រាល់កំហុសឆ្គង ​ការថ្នាំងថ្នាក់ ​ភាពអសកម្មទាំង​ឡាយ ហើយត្រូវខិតខំកសាងអំពើល្អអោយបានច្រើន ។ ​ បើតាមសម្តេចតេជោ​ ចំពោះកុងត្រូលទាំងជជុះ ​ឬមិនជជុះគឺត្រូវលុប​បំបាត់​អោយអស់​ រួមទាំងជញ្ជីងថ្លឹង​អនាធិបតេយ្យផងដែរ ។

សម្តេចក៍បានផ្តំាផ្ញើទៀតថា​«មន្រ្តីរាជការ ​ និងកងប្រដាប់អាវុទ្ឋទាំងអស់​ត្រូវចូលរួម​គាំទ្រសមត្ថកិច្ចគយ ​ និងពន្ឋដារក្នុង​ការប្រមូល​ចំណូល ​ហើយមន្រ្តីពាក់ព័ន្ឋនិងអាជ្ញធរមានសមត្ថកិច្ចត្រូវយកចិត្តទុក​ដាក់ការពារព្រៃឈើ​ និងដោះស្រាយទំនាស់ដីធ្លីក្នុង​ខេត្តនីមួយៗ​​​របស់​ខ្លួនអោយបានល្អនិងមានប្រសិទ្ឋភាព។​ ទន្ទឹមនឹងនេះ ​គឺយើងទាំងអស់គ្នា​​ត្រូវចូលរួមពង្រឹងនីតិរដ្ឋអោយ​បានល្អ​រឹង​មាំ ​ ហើយកុំភ្លេច​ទៅ​ចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។​ ត្រូវមានសាមគ្គីភាពរវាងគ្នាទៅវិញទៅមក ​ហើយត្រូវខិតខំ​រក្សាមិត្តភាព​ និងសហប្រតិបតិ្តការជាមួយប្រទេសថៃ​ជាប់ព្រំដែនជាមួយខេត្តអោយបានល្អ ៕