យុវជន​ម្នាក់​ផ្ដើម​គំនិត​បង្កើត​ក្រុម​លើក​ស្ទួយ​វប្បធម៌​ដោយ​គ្មាន​កម្រៃ

ស្រប​ពេល​នឹង​ការ​រីក​លូតលាស់​ក្នុង​វិស័យ​ផ្សេងៗ​ដូចជា​ សេដ្ឋកិច្ច​ អប់រំ​ កីឡា​។ល។ វិស័យ​ទាំង​នោះ​ត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​លើកស្ទួយ​ជា​ខ្លាំង​។ មិន​ខុស​គ្នា​នេះ​ដែរ​ ចំពោះ​វិល្បៈ​វប្បធម៌​វិញ ក៏​ត្រូវ​បាន​យុវវ័យ​ចាប់​អារម្មណ៍​ក្នុង​ការ​លើកស្ទួយ​និង​អភិរក្ស​ផង​ដែរ។

 

ហេតុ​ដូចនេះ​ហើយ ទើប​ធ្វើ​ឱ្យ​យុវជន ឡោ​ វុឌ្ឍី​ បង្កើត​ក្រុម​ការងារ​មួយ​ដែល​មាន​ឈ្មោះ​ថា​ ក្រុម​រីកសាយ​។ ក្រុម​នេះ​បង្កើត​នៅ​ឆ្នាំ​២០១៣​ក្នុង​គោល​បំណង​២​នោះ​គឺ៖ បង្ហាញ​ស្នាដៃ​របស់​និស្សិត​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ និង​លើក​តម្កើង​វិស័យ​សិល្បៈ​​វប្បធម៌​ជាតិ។

 

យុវជន​ម្នាក់​ផ្ដើម​គំនិត​បង្កើត​ក្រុម​លើក​ស្ទួយ​វប្បធម៌​ដោយ​គ្មាន​កម្រៃ លោក ឡោ​ វុឌ្ឍី​

 

“ក្រុម​រីក​សាយ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៣ បង្កើត​គឺ​ក្នុង​គោលបំណង​ ចង់​បង្ហាញ​ពី​ស្នាដៃ​របស់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ហើយ​និង​លើក​កម្ពស់​វិស័យ​វប្បធម៌​សិល្បៈ…”។ សម្ដី​យុវជន​ ឡៅ​ វុឌ្ឍី។

 

តើ​​រីកសាយ​មាន​បុគ្គលិក​ប៉ុន្មាន​រូប​ ហើយ​ពួក​គាត់​មាន​ទទួល​បាន​ប្រាក់​ខែ​ដែរ​ឬ​ទេ?

 

យុវជន​វុឌ្ឍី​ប្រាប់​ថា​៖ “យើង​មាន​បុគ្គលិក​១៥​នាក់​តែ​ពេល​មាន​ event​(កម្មវិធី)​អាច​ដល់​៣០​នាក់​…គឺ​ពេល​ដែល​យើង​សល់​ពី ​event​(កម្មវិធី)​តិចតួច​ ហើយ​ជប់លៀង​ គឺ​ជា​លក្ខណៈ​ដែល​យើង​អាច​ផ្ដល់​ឱ្យ​គាត់​បាន តែ​ក្រៅ​ពី​ហ្នឹង​យើង​អត់​មាន​ស្អី​ផ្ដល់​ឱ្យ​គាត់​ទេ​…”។

 

ចុះ​ក្រុម​រីកសាយ​វិញ មាន​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ខាង​ណា​ដែរ​ឬ​ទេ?

 

“ចំពោះ​ក្រុម​រីកសាយ​ដូចជា​អត់​មាន​គម្រោង​ អង្គការ​ណា​ឬ​ក៏​ស្ថាប័ន​ណា​គាំទ្រ​ គឺ​យើង​មុន​ធ្វើ​ស្អី​មួយ​យើង​ត្រូវ​រក​អ្នក​sponsor​(អ្នក​គាំទ្រ​)ដោយ​ខ្លួន​ឯង យើង​យក​ថវិកា​ដើម្បី​រៀប​ចំ​ផ្គត់​ផ្គង់​ដោយ​ខ្លួន​ឯង​…ពួក​ខ្ញុំ​ធ្វើ ​event​(កម្មវិធី)​ដែល​ទាក់​ទង​វប្បធម៌ យើង​ក៏​អត់​មាន​ចំណូល​អី​ដែរ…”។​ សម្ដី​យុវជន​វុឌ្ឍី។

 

ងាក​មក​សមិទ្ធផល​វិញ តើ​ក្រុម​ការងារ​នេះ​សម្រេច​អ្វី​ខ្លះ​ហើយ?

 

យុវជន​ វុឌ្ឍី ​បាន​ប្រាប់​មក​ Sabay​៖ “ចំពោះ​ឥឡូវ​មក​ដល់​បច្ចុប្បន្ន​ រីកសាយ​គឺ​បាន​ទទួល​សមិទ្ធផល​ច្រើន​ដូច​ជា​ យើង​បាន​រៀប​ចំ​ស្នាដៃ​និង​អនាគត​បាន​ចំនួន​៤​ដង​ហើយ​ យើង​បាន​ធ្វើ​មហោស្រព​ចាប៉ី​ដង​វែង​ យើង​បាន​ធ្វើ​គម្រោង​ដែល​ផ្ដោត​ទៅ​លើ​វង់ភ្លេង​មហោរី ចាប៉ី​ដង​វែង​ ហើយ​និង​វង់​ភ្លេង​ពិណពាទ្យ…”។

 

ចុះ​ពេល​អនាគត​វិញ ក្រុម​រីកសាយ​មាន​គម្រោង​អ្វី​ខ្លះ​ដែរ?

 

យុវជន​វុឌ្ឍី​និយាយ​ថា៖ “ជា​ផែន​ការ​ក្រុម​រីកសាយ​គឺ​មាន​គម្រោង​ធ្វើ​ទៅ​លើ​សិល្បៈ​ ធ្វើ​ទៅ​លើ​សិល្បៈ​ទូទាំង​អាស៊ាន​ ដែល​យើង​ហៅ​សិល្បៈ​ទាំង​អស់​ដែល​នៅ​អាស៊ាន​មក​បង្ហាញ​…ឥឡូវ​នេះ​រីកសាយ​កំពុង​ធ្វើ​គម្រោង​របស់​ខ្មែរ​អមត​ និយាយ​ពី​ការ​ចងចាំ​ និង​របាំ​សហសម័យ​…និង​គម្រោង​មួយ​ទៀត​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ និង​អង្គការ​YRDP”។

 

យ៉ាង​ណា​មិញ អ្នក​ផ្ដួចផ្ដើម​សម្បុរ​ស្រអែម​វ័យ​២៦​ឆ្នាំ​រូប​នេះ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាជន​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​ ជា​ពិសេស​យុវវ័យ​ ឱ្យ​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​សិល្បៈ​ ឱ្យ​បាន​ច្រើន​ជាង​មុន៕

 

 

តើ​លោក​អ្នក​គិត​យ៉ាង​ណា​ចំពោះ​ស្នាដៃ​របស់​ក្រុម​រីកសាយ?

 

អត្ថបទ៖ នួន ចាន់លីហួត