ករណី​អាជ្ញាធរ​មូលដ្ឋាន​លក់​ដី​បញ្ចុះសព​របស់​សហគម​ន៍​ធ្វើ​ឲ្យ​ជនជាតិដើម​ភាគតិច​ព្នង​តវ៉ា​យ៉ាង​ខ្លាំងក្លា​

​សេចក្ដីរាយការណ៍​ពី​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ដីព្រៃ​បញ្ចុះសព​និង​ដីព្រៃ​សក្ការៈ​របស់​សហគមន៍​កំពុង​រង​ការ​ឈូសឆាយ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ពួកគាត់​។ តំណាង​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ភូមិ​ដាក់​ដាំ បាន​អំពាវនាវ​ឲ្យ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ទន្ទឹមនឹងនេះ​ប្រជា​សហគមន៍​ជនជាតិដើម​ភាគ​ព្នង​បាន​ចោទប្រកាន់ថា​មន្ត្រី​អាជ្ញាធរ​ឃុំ គឺជា​អ្នកចុះហត្ថលេខា​លើ​ឯកសារ​ទិញ​លក់​ដី​ខុសច្បាប់​ដែលជា​ហេតុ​នាំ​ឲ្យ​មាន​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​កប់​សព និង​ព្រៃ​សក្ការៈ​ក្នុង​មូលដ្ឋាន​យ៉ាង​មហន្តរាយ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​២​ភូមិ​នៅក្នុង​ឃុំ​ដាក់​ដាំ មាន​គ្នា​ជិត​៥០​នាក់​បាន​រារាំង​គ្រឿងចក្រ​មិន​ឲ្យ​កាយ​រំលំ​ដើមឈើ បន្ទាប់ពី​ពួកគាត់​ពិនិត្យឃើញថា​ព្រៃ​បញ្ចុះសព​និង​ព្រៃ​គោរពបូជា​របស់​ពួកគាត់​ត្រូវគេ​លក់ដូរ​ខុសច្បាប់​។ តំណាង​សហគមន៍​ភូមិ​ពូន​រ៉ែ​ង បាន​ឲ្យ​ដឹងថា ព្រៃ​បញ្ចុះសព​និង​ព្រៃ​សក្ការៈ​របស់​សហគមន៍​ដែល​បានកំណត់​ក្នុង​លក្ខខណ្ឌ​សហគមន៍​ចំនួន​២​ហិកតា​នៅ​ជើងភ្នំ​ផ្លែ​នូ ត្រូវបាន​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​តាំងពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ ហេតុនេះហើយ​ទើប​ពួកគាត់​ប្រមូល​ផ្ដុំគ្នា​ធ្វើការ​រារាំង​។ តំណាង​សហគមន៍​បាន​ឲ្យ​ដឹង​ទៀតថា ប្រធានភូមិ​និង​ជំទប់​ទី​១​ឃុំ​ដាក់​ដាំ គឺជា​អ្នកចុះហត្ថលេខា​និង​បោះត្រា​លើ​លិខិត​ទិញ​លក់​ដី​នោះ​ដោយ​ខុសច្បាប់ ហើយ​បង្ក​ឲ្យ​មានការ​បំផ្លាញ​ព្រៃ​បញ្ចុះសព ព្រៃ​តំណម ដែលជា​ទីសក្ការៈ​របស់​ជនជាតិដើម​ភាគតិច​ព្នង​គួរ​ឲ្យ​ព្រួយបារម្ភ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក​អូររាំង ក៏ដូចជា​មន្ត្រី​អាជ្ញាធរខេត្ត​មណ្ឌលគិរី ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​បញ្ចុះសព និង​ព្រៃ​សក្ការៈ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​។ ជាមួយគ្នានេះ​អភិបាលស្រុក​អូររាំង ក៏ដូចជា​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី គួរ​ចាត់វិធានការ​ទៅលើ​មន្ត្រី​អាជ្ញាធរ​ភូមិ​-​ឃុំ ដែល​ចុំ​ហត្ថលេខា​និង​បោះត្រា​លើ​ឯកសារ​ទិញ​លក់​ដី​ខុសច្បាប់ ដើម្បី​ជាការ​ព្រមាន​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​មន្ត្រី​អាជ្ញាធរ​ភូមិ​-​ឃុំ ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ពួកគេ​ហ៊ាន​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ដោយ​មិន​គិតពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ឡើយ​៕

2016-03-07_173522លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី  6e9cfd9c-806f-48c4-8802-582e67431d8b