លោក នាង សុធា​រ៉ា មេបញ្ជាការរង​យោធា​ខេត្តតាកែវ ល្បីឈ្មោះ​ខាង​ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន​

​ករណី​លោក នាង សុធា​រ៉ា ដែលមាន​តួនាទី​ជា​មេបញ្ជាការរង​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​កំពុង​ធ្វើ​ឲ្យ​មន្ត្រី​យោធា​និង​ប្រជាពលរដ្ឋ​ខេត្តតាកែវ មានការ​ចាប់អារម្មណ៍​និង​រិះគន់​យ៉ាងខ្លាំង​។ ដូច្នេះ​នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ មិនគួរ​មើលរំលង​នោះទេ ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​លោក នាង សុធា​រ៉ា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ដោយហេតុថា​សកម្មភាព​លោក នាង សុធា​រ៉ា ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​ការពារជាតិ​ទាំងមូល​ផងដែរ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​លោក នាង សុធា​រ៉ា មេបញ្ជាការរង​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ​មាន​រថយន្ត​កែច្នៃ​ធុន​ធំ​២​គ្រឿង​ដឹកឈើ​ជន្លង់ម្រេច​ចេញពី​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ឆ្លងកាត់​ខេត្តតាកែវ យកទៅលក់​នៅ​ស្រុក​យួន​តាម​ចំណុច​ច្រក​កំពង់​ក្រសាំង ស្រុក​បុរី​ជលសា ខេត្តតាកែវ​។ ប្រភព​ខ្លះ​បាន​បញ្ជាក់ថា ឈើ​ជន្លង់ម្រេច​ដែល​ដឹកជញ្ជូន​តាម​រថយន្ត​កែច្នៃ​ធុន​ធំ​២​គ្រឿង​នោះ គឺជា​របស់លោក នាង សុធា​រ៉ា មេបញ្ជាការរង​យោធា​ខេត្តតាកែវ ហើយ​ទំនងជា​ឈ្មួញ​រូបនេះ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

បើតាម​ប្រភពពី​សមត្ថកិច្ច​ដែល​ឃ្លាំមើល​បទល្មើស​ដឹកឈើរ​ប​ស់លោក នាង សុធា​រ៉ា មេបញ្ជាការរង​យោធា​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​រថយន្ត​កែច្នៃ​ធុន​ធំ​ទាំង​២​គ្រឿង​ដឹកឈើ​ជន្លង់ម្រេច​មកដល់​ច្រក​កំពង់​ក្រសាំង គឺ​គេ​បានឃើញ​លោក នាង សុធា​រ៉ា បើករថយន្ត​របស់គាត់​កាង​ផ្លូវ​ជាមុន​ដោយ​ពុំមាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ជុំវិញ​ករណីនេះ​លោក សេក រស់ មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ បានបញ្ជាក់​ថា​លោក​មិនបាន​ដឹង​រឿង​លោក នាង សុធា​រ៉ា ជា​មេបញ្ជាការរង​យោធា​ខេត្តតាកែវ ដឹកឈើ​ជន្លង់ម្រេច​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ខុសច្បាប់​នោះទេ​។ ដូច្នេះ​លោក ប៉ុល សារឿន ដែលជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ចាត់វិធានការ​ស៊ើបអង្កេត​និង​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មន្ត្រី​យោធា​ប្រើ​ឥទ្ធិពល​និង​អំណាច​ប្រព្រឹត្ត​ខុសច្បាប់​តទៅទៀត​៕

maxresdefaultលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ Pic140