កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកទីពីរ

«មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងបោះឆ្នោតជម្រុះបេក្ខជនទីពីរនៅយប់ថ្ងៃសុក្រនេះ។

សប្តាហ៍នេះ បេក្ខជនដែលនៅសល់ចំនួន៩រូប បានប្រកួតប្រជែងយ៉ាងស្វិតស្វាញទៅលើប្រធានបទ ការលក់អាវយឺតដែលរចនាផ្តោតសំខាន់ ទៅលើល្ខោនបុរាណខ្មែរ។ ក្នុងនោះវាគ្មិន ដែលបានចូលរួមចែករំលែកបទពិសោធន៍គឺលោកសាស្រ្តាចារ្យ អោក ប៊ុនធឿន ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈ នាដសាស្រ្ត។

បេក្ខជនទាំងអស់ត្រូវបានចែកចេញជា២ក្រុមដូចវិញ្ញាសារដំបូងដែរ។ ពួកគេនឹងប្រើប្រាស់គំនិត ច្នៃប្រឌិតរចនាម៉ូតលើអាវយឺត ដែលពាក់ព័ន្ធនឹងល្ខោនបុរាណខ្មែរ ហើយនឹងដាក់លក់នៅផ្សាររាត្រី រាជធានីភ្នំពេញ។ ក្រុមដែលលក់អាវយឺតបានច្រើនជាងគេនឹង ទទួលបានជ័យជម្នះក្នុងវគ្គនេះ។

«មុខរបរខ្ញុំ» រដូវកាលទីពីរនេះមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ១០នាក់ដើម្បីក្លាយជាអ្នកជំនួញឆ្នើម។ បេក្ខជនទាំង១០រូប សុទ្ធសឹងតែមានបទពិសោធន៍លើអាជីវកម្មក្នុងជីវិតពិតរបស់ពួកគេ ក៏ដូចជានិស្សិត បញ្ចប់ថ្នាក់ឧត្តមសិក្សាផ្នែកពាណិជ្ជកម្មជាដើម។

កាលពីសប្តាហ៍មុនកម្មវិធីបានបាត់បង់បេក្ខនារីជន ថន សុភី ដែលជាបេក្ខនារីដំបូងត្រូវបានជម្រុះចេញពីកម្មវិធី«មុខរបរខ្ញុំ» រដូវកាលទីពីរ។

សម្រាប់សប្តាហ៍នេះ មនុស្សមួយចំនួនគិតថា បេក្ខជនដែលទំនងនឹងមានការបោះឆ្នោតជ្រើសរើសឲ្យចាកចេញអាចជាបេក្ខជន យិន ឈឿន បេក្ខជន សា សុវណ្ណឌី ឬឡេង រដ្ឋា។

«មុខរបរខ្ញុំ» នៅរៀងរាល់សប្ដាហ៍នឹងមានបេក្ខជនម្នាក់ធ្លាក់ចេញ ពីកម្មវិធីដែលការសម្រេចនឹងត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត របស់បេក្ខជនចូលរួមក្នុងកម្មវិធី រហូតដល់សប្ដាហ៍ទី៩ទើបរកឃើញជ័យលាភី។

នៅសប្តាហ៍ក្រោយ បេក្ខជននឹងធ្វើការជាក្រុមម្តងទៀតតែ នឹងប្រកួតប្រជែងលើវិញ្ញាសាថ្មីគឺការលក់ កន្ទេលកក់ខ្មែរមកពីខេត្តកំពង់ចាម។

«មុខរបរខ្ញុំ» ចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃច័ន្ទទី០៤ កក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃច័ន្ទដល់ សុក្រ វេលាម៉ោង៨ ដល់ម៉ោង ៨:៣០នាទីយប់ ដោយផ្តោតសំខាន់ទៅលើការប្រកួត ប្រជែងពិតប្រាកដមួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។

កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹងមានភ្ញៀវកិត្តិយសមកពីវិស័យខុសៗ គ្នាចូលរួមនិយាយពីបទពិសោធន៍ ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញសមត្ថភាព ការងារប្រកួតប្រជែងគ្នាដើម្បីឆ្ពោះទៅឈ្នះរង្វាន់ ទឹកប្រាក់ចំនួន២០លានរៀល៕

ទស្សនាវីដេអូខ្លីរបស់កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកដែលមានអាសយដ្ឋាន៖ https://www.facebook.com/PNNMyPlace 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload