៩នាក់​កាន់ឯក​សារ​ចង់​ជួបតេជោ សែន តែ​ត្រូវឃាត់​ជាប់

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​៩​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​រារាំង​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ទឹក​ស្អាត ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​បាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា នេះ ក្រោម​ការ​អញ្ជើញ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​​តេ​ជោ ហ៊ុន សែន ។

​ប្រភពឱ្យ​ដឹង​​ថា ប្រជា​ពលរ​ដ្ឋ​ទាំង​៩​នាក់​នោះ​ គឺមក​ពី​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ​ ។ បើ​តាម​ប្រភព​ដដែល​​បាន​បញ្ជាក់​​ថា ពួក​គាត់​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​​នៅ​ខាង​មុខ​ខ្លោងទ្វា​រចូល​ទៅ​កាន់​កន្លែង​ប្រារព្ធ​ពិធី បន្ទាប់​ពី​ស​ង្ស័យ​​ថា ពលរ​ដ្ឋ​​ទាំង​៩​នាក់​នេះ ​មាន​ចេតនា​ចង់​ជួប​សម្ដេច​ហ៊ុន សែន ដោយ​ផ្ទាល់​នៅ​ក្នុង​កម្ម​វី​ធី​នោះ ។ ដើម្បី​សុំ​ឱ្យ​​សម្ដេច​ជួយ​អន្តរា​គម​ន៍​​រក​ដំណោះ​ស្រាយ​​ក្នុង​ជម្លោះ​ដី​បឹង​សា​ធារណៈ​មួយ​កន្លែង​​​ក្នុង​មូលដ្ឋាន រវាង​ប្រជា​ពលរ​ដ្ធ​នៅ​ក្នុងភូមិ ជាមួយ​បុគ្គល​​មាន​អំណាច​ម្នាក់​ ដែល​ចង់​យក​ដី​បឹង​សា​ធារ​ណៈ​នោះ​ ធ្វើ​ជា​សម្បត្តិ​ឯកជន ​។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា ពលរ​ដ្ឋ​​ដែល​ព្យាយាម​ចូល​ជួប​សម្ដេច​ហ៊ុន សែន ដោយ​ផ្ទាល់​នោះ  គឺ​មាន​កាន់​ទៅ​ជាមួយ​នូវ​ឯកសារ​នានា​ដែល​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​នោះ​ផង តែ​ពេល​ពួក​គាត់​ចូល​ដល់​ខាង​មុខ​ខ្លោងទ្វារ​​នៃ​កន្លែង​កម្មវិធី ក៏​ត្រូវ​កម្លាំង​សន្តិសុខ​របស់​ស្នង​ការ​ដ្ឋាន​ខេត្ត​ឃាត់​ពួក​គាត់​មិន​ឱ្យ​​ចូល​ ថែម​ទាំង​បាន​ដកហូត​យក​ឯកសារ​ទាំង​អស់ ពី​ពលរ​ដ្ឋរួច​នាំ​ពលរ​ដ្ធ​ទាំងនោះ​ មក​សាលាខេត្ត ដោយ​សន្យា​ថា អាជ្ញាធរ​ខេត្ត​នឹង​ដោះស្រាយ​ជួន ក្រោយ​សម្ដេច​បញ្ចប់​ពិធី​សម្ភោ​ធ​ទឹក​​ស្អាត ​។

បើ​តាម​ពលរ​ដ្ឋ​អះអាង​ថា ដី​ទំនាស់​នោះ​ឈ្មោះបឹង​តា​អឿ ជា​បឹង​សា​ធារ​ណៈ ជាប់​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ​ ។ ពលរ​ដ្ឋ​​អះអាង​ថា ប្រជា​ពលរ​ដ្ធ​បាន​ទាម​ទារ​យក​ដី​បឹង​នេះ  ដើម្បី​ស្ដារ​យ​ក​ទឹក​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​មូល​ដ្ឋា​ន តែ​ត្រូវ​អាជ្ញាធរ​ឃុប​ឃិ​ត​គ្នា ​លួច​លក់ឱ្យ​អ្នក​​មាន​អំណាច ហើយ​ប្រជា​ពលរ​ដ្ធ​ប្ដឹង​តវ៉ា​ យក​មក​ដាក់​សំរាប់​ជា​ប្រយោជន៍​សា​ធា
រណៈ​ច្រើន​ឆ្នាំ​ហើយ តែ​គ្មាន​ដំណោះស្រាយ​ទេ​ ។ 

ដូច្នេះ​ហើយ​ ទើប​ពលរដ្ឋ​​ព្យាយាម​សុំ​ជួប​សម្តេច​ហ៊ុន ​សែន ​ផ្ទាល់ ដើម្បី​សុំ​ឱ្យ​​សម្តេច​ជួយ​អន្តរាគមន៍ តែ​ពេល​នេះ​ ពួក​គាត់​កំពុង​​នៅ​សាលាខេត្ត ដើម្បី​រង់ចាំ​អាជ្ញាធរ​ខេត្ត​ មក​ជួប​ដោះស្រាយ​ ៕