លោក ហ៊ុន សែន ប្រកាស​ធ្វើ​យុទ្ធនាការ​ជួប​ពលរដ្ឋ-​មន្ត្រី​រាជការ​ទូទាំង​២៥​រាជធានី​ខេត្ត​ក្រុង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​បន្ត​បេសកកម្ម​ចុះ​ទៅ​ខេត្ត​បន្ទាយមានជ័យ ហើយ​នឹង​អាច​បន្ត​ទៅ​ខេត្ត​ជាប់​បឹង​ទន្លេសាប​២​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទៅ​២០ ខែ​កក្កដា នេះ។ ខេត្ត​ទាំង​នោះ​រួមមាន​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ។

បេសកកម្ម​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ជា​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ជួប​ប្រជាពលរដ្ឋ​មន្ត្រី​រាជការ​នៅ​ទូទាំង​២៥ រាជធានី ខេត្ត ក្រុង​ចាប់​ពី​ថ្ងៃ​ទី​២០ កក្កដា។

លោក ហ៊ុន សែន បង្ហាញ​រូបភាព និង​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​២០ កក្កដា ថា ក្នុង​យុទ្ធនាការ​នេះ​លោក​បាន​ជ្រើសរើស​ខេត្ត​បាត់ដំបង ជា​ខេត្ត​គោលដៅ​ទី​មួយ​របស់​លោក។ លោក​បញ្ជាក់​ទៀត​ថា នេះ​ជា​ឱកាស​ដែល​លោក​ត្រូវ​តែ​ចុះ​សួរ​សុខ​ទុក្ខ​មន្ត្រី​រាជការ ប្រជាពលរដ្ឋ ព្រមទាំង​ពិនិត្យ​អំពី​សមិទ្ធផល​នៅ​តាម​បណ្ដា​ខេត្ត និង​បញ្ហា​ប្រឈម​នានា។

ជំនួប​របស់​លោក​ជាមួយ​មន្ត្រី​រាជការ​កាល​ពី​ថ្ងៃ​ពុធ ទី​១៩ កក្កដា នៅ​ខេត្ត​បាត់ដំបង លោក​បាន​រំលឹក​ដល់​មន្ត្រី​រាជការ​ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​តាម​តម្រូវ​ការ​ចាំបាច់​នានា ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព។ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ទៀត​ថា លោក​ត្រូវ​តែ​លុប​បំបាត់​រាល់​កំហុស​ឆ្គង ការ​ថ្នាំងថ្នាក់ និង​ភាព​អសកម្ម​ទាំង​ឡាយ ហើយ​ត្រូវ​ខិតខំ​កសាង​អំពើ​ល្អ​អោយ​បាន​ច្រើន។ ក្នុង​នោះ​រួម​មាន​ការ​លុប​បំបាត់​កុង​ត្រូល​ជជុះ រួម​ទាំង​ជញ្ជីង​ថ្លឹង​អនាធិបតេយ្យ​ជាដើម។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំរុញ​ឲ្យ​មន្ត្រី​រាជការ និង​កង​ប្រដាប់​អាវុធ​ទាំង​អស់​ត្រូវ​ចូលរួម​គាំទ្រ​សមត្ថកិច្ច​គយ និង​ពន្ធដារ​ក្នុង​ការ​ប្រមូល​ចំណូល​ចូល​រដ្ឋ។

​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​ព្រៃឈើ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​នីមួយៗ របស់​ខ្លួន​ឲ្យ​បាន​ល្អ និង​មាន​ប្រសិទ្ធភាព។

ទាក់​ទង​នឹង​កិច្ចការ​បរទេស​វិញ លោក​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព​ដោយ​រក្សា​មិត្តភាព និង​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ថៃ ជាប់​ព្រំដែន​ជាមួយ​គ្នា​អោយ​បាន​ល្អ។

ចំណែក​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​កន្លង​មក​តែងតែ​រិះគន់​ថា ការ​ដាក់​ចេញ​នូវ​បទបញ្ជា ឬ​គោលនយោបាយ​របស់​នាយករដ្ឋមន្ត្រី ដូចដែល​បាន​លើក​ឡើង​មក​នេះ មិន​ត្រូវ​បាន​រដ្ឋបាល​ថ្នាក់ក្រោម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ឬ​អនុវត្ត​បាន​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដូចជា​បញ្ហា​បទល្មើស​ព្រៃឈើ ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ​ជាមួយ​អ្នក​មាន​អំណាច អំពើ​ពុករលួយ បញ្ហា​រំលោភ​ច្បាប់ និង​ការ​គំរាមកំហែង​ពលរដ្ឋ​ក្រីក្រ សកម្មជន​នយោបាយ​ជាដើម មិន​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។