បម្រាម​​​ស្តី​​​ពី​​​ការ​​​ជក់​​​បារី​​​នឹង​​​ត្រូវ​​​អនុវត្ត​​​នៅ​​​ថ្ងៃ​​​ទី១៦ ខែ​​​កញ្ញា អម​​​ដោយ​​​ការ​​​ផាក​​​ពិន័យ

ក្រសួងទេសចរណ៍បានប្រកាសកាលពីម្សិលមិញថា អ្នកជក់បារីដែលជក់នៅក្នុងបារ ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងប្រកបអាជីវកម្មដែលសាធារណជនប្រមូលផ្តុំនឹងត្រូវផាកពិន័យចំនួន២០.០០០រៀលដោយចាប់ផ្តើមពីថ្ងៃទី១៦ ខែកញ្ញាទៅ។ ពេលកំណត់នេះក៏នឹងបង្ហាញឲ្យឃើញពីការចាប់ផ្តើមអនុវត្តអនុក្រឹត្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលហាមមិនឲ្យជក់បារីនៅតាមទីសាធារណៈទាំងអស់ផងដែរនេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាល។ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា ក្រសួងនឹងទទួលបន្ទុកអប់រំនិងអនុវត្តបម្រាមហាមមិនឲ្យជក់បារីនៅតាមកន្លែងកម្សាន្ត និងកន្លែងបដិសណ្ឋារកិច្ចទាំងអស់ ហើយថា ច្បាប់នេះនឹងជួយទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើន។ លោក ហោ សារុន បានលើកឡើងនៅក្រៅសិក្ខាសាលាស្តីអំពីច្បាប់ថ្មីនេះដែលធ្វើឡើងនៅក្រសួងសុខាភិបាលថា “ផ្សែងបារីគឺជាឃាតករលាក់មុខដែលផ្តល់ផលប៉ះពាល់ដល់ទាំងអ្នកជក់ផង និងអ្នកដែលនៅជុំវិញខ្លួនផង ហើយភ្ញៀវទេសចរភាគច្រើនមិនចូលចិត្តបែបនេះទេ”។ កន្លែងប្រកបអាជីវកម្មណាដែលមិនបិទស្លាកសញ្ញាហាមជក់បារីដែលរដ្ឋាភិបាលតម្រូវ ឬអនុញ្ញាតឲ្យមានការជក់បារីចម្ងាយ៥ម៉ែត្រពីខ្លោងទ្វារនឹងប្រឈមការផាកពិន័យចំនួន៥០.០០០រៀល ហើយអាចបាត់បង់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរបស់ខ្លួន។ លោក ហោ សារុន បានលើកឡើងទៀតថា ក្រសួងនឹងធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដើម្បីអប់រំម្ចាស់អាជីវកម្ម និងអតិថិជនរបស់ពួកគេស្តីអំពីច្បាប់នេះ ដែលក៏នឹងអនុវត្តលើទីតាំងដែលផ្តល់សេវាភាគច្រើនដល់ពលរដ្ឋខ្មែរ រួមមានដូចជាបៀរហ្គាដិន និងហាងខារ៉ាអូខេជាដើមផងដែរ។ លោកបានមានប្រសាសន៍ថា “យើងនឹងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងក្រុង និងខេត្តនីមួយៗដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈ ហើយយើងនឹងរៀបចំកិច្ចប្រជុំដូចជាសិក្ខាសាលា និងវេទិកាសាធារណៈជាដើម”។ លោក សោម ចិន្តា ប្រធានមន្ទីទេសចរណ៍ ខេត្តកែបបានលើកឡើងអំឡុងសិក្ខាសាលានេះថា ក្រសួងទេសចរណ៍ត្រូវមានការប្រុងប្រយ័ត្នដោយមិនត្រូវបន្ទុចបង្អាក់ទឹកចិត្តអ្នកវិនិយោគឡើយ បើពុំដូច្នោះទេវាប្រឈមនឹងការដែលអាចធ្វើឲ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះ។ លោកបានថ្លែងថា “ប្រសិនបើវិស័យឯកជនធ្វើខុសហើយបន្ទាប់មកយើងពិន័យពួកគាត់ ឬដកអាជ្ញាប័ណ្ណរបស់ពួកគាត់ ខ្ញុំគិតថា នេះមិនមែនជាយន្តការទាក់ទាញវិនិយោគទេ”។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍គឺជាផ្នែកនៃបម្រាមទូទាំងប្រទេសហាមមិនឲ្យជក់បារីនៅតាមទីសាធារណៈ ដែលដំបូងឡើយត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីខែមីនា ហើយត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលខ្លួនលោកផ្ទាល់ក៏ជាអតីតអ្នកជក់បារីដែរនោះ។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ច្បាប់នេះនឹងត្រូវអនុវត្តដោយមានការសហការរវាងក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍”។ ក្រសួងសុខាភិបាលបានប្រកាសថា ខ្លួននឹងចាប់ផ្តើមអនុវត្តបម្រាបនេះនៅខែឧសភា ប៉ុន្តែ មិនទាន់បានអនុវត្តនៅឡើយទេ។ លោក ហង់ ស៊ី សហកម្មសិទ្ធិលើភោជនីយដ្ឋានម្ទេសទុំនៅក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ បានលើកឡើងថា អតិថិជនរបស់លោកទាំងក្នុងស្រុក និងបរទេសសុទ្ធតែបានទៅជក់នៅខាងក្រៅ ដើម្បីកុំឲ្យប៉ះពាល់ដល់ភ្ញៀវដទៃទៀត។ ដោយព្យាករថា ការបង្ក្រាបលើការជក់បារីនឹងមិនត្រូវបានអនុវត្តឲ្យបានទូលំទូលាយនោះ លោកបាននិយាយថា “ពួកគាត់មិនចង់រំខានភ្ញៀវដទៃទៀត ហេតុដូច្នេះពួកគាត់បានទៅជក់នៅខាងក្រៅ ហើយបន្ទាប់ពីជក់រួច ក៏ត្រឡប់មកវិញ”៕ស៊ុយឈាង © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article […]

The post បម្រាម​​​ស្តី​​​ពី​​​ការ​​​ជក់​​​បារី​​​នឹង​​​ត្រូវ​​​អនុវត្ត​​​នៅ​​​ថ្ងៃ​​​ទី១៦ ខែ​​​កញ្ញា អម​​​ដោយ​​​ការ​​​ផាក​​​ពិន័យ appeared first on The Cambodia Daily.