ភ្នំ​អវតារ​នៅ​ប្រទេស​ចិន​មាន​កំពូល​ជាង 3​ពាន់

ក្រុង  Zhangjiajie ស្ថិត​នៅ​ខេត្ត​ហ៊ូ​ណា​ន ប្រទេស​ចិន ជាទី​ក្រុង​ព័ទ្ធ​ជុំ​​វិញ​ដោយ​ភ្នំ និង​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​បាន​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក​ផ្នែក​ធម្មជាតិ​លើក​ដំបូង​របស់​ចិន ក្នុង​ឆ្នាំ​១៩៩២ និង​បើក​បម្រើ​ផ្នែក​ទេសចរណ៍​ក្នុង​ឆ្នាំ​១៩៩៥ ។

បច្ចុប្បន្ន​ក្រុង Zhangjiajie មាន​ប្រភព​ទេសចរណ៍​សំខាន់​ចំនួន​២​កន្លែង រួម​មាន​តំបន់ យ៉ុ​ង​ទីង ឬ​ជាទី​ក្រុងមាន «​ទ្វារ​សួគ៌ា​ធៀន​មីន​សាន​» ជាទី​កន្លែង​ទេសចរណ៍​ដ៏​ទាន់សម័យ និង​តំបន់​អភិរក្ស «​វូ​លីង​យួន​» នៅ​ខាងក្រៅ​ក្រុង​ដែល​មាន​ភ្នំ​អវតារ (Avatar) ជា​ចំណុច​សំខាន់​របស់​អ្នកទេសចរ ។

ភ្នំ​អវតារ ភាសា​ចិន​ហៅ​ថា «​ធៀន​ជឺ​សាន​» ឬ «​ភ្នំ​ចក្រពត្តិ » ខណៈ​ពេល​ប្រវត្តិ​និទាន​គួរ​ឱ្យ​ចាប់អារម្មណ៍​បញ្ជាក់​ថា កាលពីដើម​ឡើយ​ប្រជុំភ្នំ​មួ​​យ​នេះ​ហៅ​ថា «​ប្រជុំ​ថ្ម​វេហាស៍​» «​នៅ​ភាគ​ខាងត្បូង​» ព្រោះ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ខេត្ត  Hunan ។

បណ្តា​អ្នកទេសចរ​ទាំង​ចិន និង​បរទេស​ហៅ​ភ្នំ​នេះ​តាម​ឈ្មោះ​របស់​ខ្សែភាពយន្ត​អវតារ​ថា «​ភ្នំ​អវតារ​» បច្ចុប្បន្ន​ជាទី​តាំង​ទេសចរណ៍ធម្មជាតិ​លើក​ដំបូង​របស់​ចិន​ស្ថិត​នៅ​តំបន់​ឧទ្យាន​ជាតិ Zhangjiajie ឬ​ឧទ្យាន​«Wulingyuan» ។ ភ្នំ​អវតារ និង​ប្រជុំ​ផ្ទាំង​ថ្ម ក្នុង​ឧទ្យាន Zhangjiajie  ជា​ភ្នំ​ថ្មភក់ មាន​អាយុ​ប្រហែល​៣៨០​លាន​ឆ្នាំ ដោយ​សន្និដ្ឋាន​ថា បរិវេណ​នោះ​ធ្លាប់​ជា​សមុទ្រ​កាលពីមុន ក្រោយមក​សម្បក​ផែនដី​ចាប់ផ្តើម​បាក់​ស្រុត ត្រូវ​ខ្យល់​និង​ទឹកភ្លៀង​បោកបក់​លេច​រូបរាង​ជា​ព្រៃ​ភ្នំ ដោយ​មាន​ថ្ម​យ៉ាង​ខ្ពស់​ក្នុង​ពេល​បច្ចុប្បន្ន ។

អវតារ​មាន​កំពូលភ្នំ​ជាង​៣​ពាន់​កំពូល និង​កំពូល​ដែល​ខ្ពស់​បំផុត​ប្រហែល​១.២៥០​ម៉ែត្រ ពី​នីវ៉ូទឹក​សមុទ្រ ។ កំពូលភ្នំ​អវតារ​ភាគច្រើន​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា គឺជា​ផ្ទាំង​ថ្ម​ខ្នាត​ធំ​ឡើង​ខ្ពស់ត្រដែត រួម​ទាំង​មាន​ព្រៃឈើ​ខៀវខ្ចី ។

លើស​ពី​នេះ​នៅ​ក្នុង​ឧទ្យាន Zhangjiajie មាន​សត្វ​បង្កួយ​ហោះ ជា​សត្វ​សំខាន់​ក្នុង​រឿង​អវតារ ហើយ​អ្នកទេសចរ​និយម​ថតរូប​ទុ​ុ​ក​ជា​អនុស្សាវរីយ៍ ។ នៅ​ទីនោះ​មាន​លក់​វត្ថុ​អនុស្សាវរីយ៍ ភេសជ្ជៈ និង​អាង​ទឹក​មាន​រូបសំណាក​អណ្តើក​ជា​ច្រើន​ក្បាល ៕