ខ្លោច​ចិត្ត​នឹង​ក្មេង​ស្រី១៩ឆ្នាំ រស់នៅ​តែ​ក្នុង​កាធុន​ជ័រ ដោយសារ​កើត​ជំងឺ​ចម្លែក

យុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Rahma Haruna រស់នៅ​ក្នុង​ទីក្រុង Kano នៃ​ប្រទេស​នីហ្សេរីយ៉ា បាន​កើត​មក​ជា​ទារិកា​ដែល​មាន​សុខភាព​ល្អ​ម្នាក់ ប៉ុន្តែ​នៅ​ពេល​ដែល​នាង​មាន​អាយុ៦ខែ រាងកាយ​របស់​នាង​ស្រាប់​តែ​លែង​អភិវឌ្ឍ​មួយ​រំពេច​តែម្ដង។ នាង Rahma គឺ​ដូចជា​យុវតី​ដទៃ​ទៀត​អីចឹង នាង​វាងវៃ ចូលចិត្ត​សប្បាយ​រីករាយ និង​មាន​ក្ដី​សុបិន​ចង់​បើកហាង​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​ណា​មួយ ប៉ុន្តែ​ដោយសារ​តែ​កើត​មាន​អាការ​ចម្លែក បណ្ដាល​ឲ្យ​នាង​គ្មាន​អវយវៈ​ពេញលេញ និង​រង​ការ​ឈឺចាប់ ហើយ​ត្រូវ​រស់នៅ​ក្នុង​កាធុន​ជ័រ​តាំង​ពី​តូច​មក​ម្ល៉េះ។

 

ខ្លោច​ចិត្ត​នឹង​ក្មេង​ស្រី១៩ឆ្នាំ រស់នៅ​តែ​ក្នុង​កាធុន​ជ័រ ដោយសារ​កើត​ជំងឺ​ចម្លែក ​​​

 

ម្ដាយ​របស់ Rahma អ្នកស្រី Fadi បាន​និយាយ​ថា «ចាប់​ពី​អាយុ​៦ខែ នៅ​ពេល​នាង​រៀន​អង្គុយ គឺ​រឿង​នេះ​បាន​កើត​ឡើង។ នាង​ចាប់​ផ្ដើម​ក្ដៅ​ខ្លួន បន្ទាប់​មក​ក៏​ឈឺ​ពោះ ហើយ​នាង​មិន​អាច​កម្រើក​ដៃ​ជើង​បាន​ឡើយ នៅ​ពេល​ដែល​អាការ​ដ៏​ចម្លែក​នេះ​ធ្វើ​ទុក្ខ»។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​គ្រួសារ Rahma បាន​ព្យាយាម​ធ្វើ​អ្វី​ឲ្យ​ល្អ​បំផុត​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​នាង។ ជាង​នេះ​ទៅ​ទៀត ប្អូនប្រុស​របស់​នាង មាន​ឈ្មោះ​ថា Fahad អាយុ​១០ឆ្នាំ ស្រលាញ់​ចូលចិត្ត​នាង​ខ្លាំង​ណាស់។

 

នាង Rahma បាន​និយាយ​ថា «ពួក​គេ​ជួយ​ខ្ញុំ​ច្រើន​ណាស់ ពួក​គេ​ផ្ដល់​ឲ្យ​គ្រប់​យ៉ាង នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ»។ ចំណែក​ឯ Fehad វិញ​បាន​និយាយ​ថា «ខ្ញុំ​ជួយ​នាង​ច្រើន​ណាស់ ដូចជា ងូតទឹក និង​នាំ​នាង​ទៅ​ខាងក្រៅ​ជា​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយចិត្ត នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​មនុស្ស​ជួយ​នាង។ ខ្ញុំ​ចូលចិត្ត​នាំ​នាង​ទៅ​លេង​សាច់ញាតិ​ណាស់ ព្រោះ​នាង​មាន​អារម្មណ៍​សប្បាយ​រីករាយ នៅ​ពេល​បាន​ជួប​ពួកគេ»។

 

ខ្លោច​ចិត្ត​នឹង​ក្មេង​ស្រី១៩ឆ្នាំ រស់នៅ​តែ​ក្នុង​កាធុន​ជ័រ ដោយសារ​កើត​ជំងឺ​ចម្លែក

 

យ៉ាងណាក៏ដោយ គេ​មិន​បាន​ដឹង​ពី​មូលហេតុ ដែល​បណ្ដាល​ឲ្យ​កើត​មាន​អាការ​ដ៏​ចម្លែក​របស់ Rahma ឡើយ បើ​ទោះ​បី​ជា​ក្រុម​គ្រួសារ​របស់​នាង​ខិតខំ​យ៉ាង​លំបាក ដើម្បី​ស្វែង​រក​ការ​ពិនិត្យ​រោគវិនិច្ឆ័យ​ផ្សេងៗ​ក៏ដោយ។ ឪពុក​របស់ Rahma លោក Hussaini បាន​ប្រាប់​ឲ្យ​ដឹង​ថា «ខ្ញុំ​បាន​ចំណាយ​ពេល ១៥ឆ្នាំ​ហើយ​ដើម្បី​ស្វែង​រក​ថ្នាំ​ព្យាបាល​ឲ្យ​នាង។ ខ្ញុំ​ធ្វើ​ស្រែ​ចម្ការ ខ្ញុំ​ទៅ​ផ្សារ និង​ធ្វើ​អ្វី​ជា​ច្រើន​ទៀត​ដើម្បី​រក​ប្រាក់​ឲ្យ​បាន​ច្រើន សម្រាប់​ថ្លៃ​ព្យាបាល​របស់​នាង។ ខ្ញុំ​លក់​ទ្រព្យ​សម្បត្តិ​ស្ទើរ​តែ​អស់​ទៅ​ហើយ»។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្មីៗ​នេះ​នាង Rahma ទើបតែ​ទទួល​បាន​អំណោយ​សប្បុរស​មួយ​ចំនួន ដូចជា កៅអី​រុញ ជាដើម បន្ទាប់​ពី​នាង​បាន​បង្ហាញ​ខ្លួន​លើ​កាសែត​ក្នុង​ស្រុក។ បើ​ទោះ​បី​ជា​មាន​បញ្ហា​ត្រូវ​ប្រឈម​រាល់​ថ្ងៃ​ក៏​ដោយ ប៉ុន្តែ​យុវតី​រូប​នេះ​ពោរពេញ​ទៅ​ដោយ​ក្ដី​សង្ឃឹម​សម្រាប់​អនាគត និង​ក្ដី​សុបិន នៃ​ការ​បើក​ហាង​ផ្ទាល់​ខ្លួន​របស់​នាង។

 

«ខ្ញុំ​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​មួយ… គឺ​បើក​ហាង​លក់​គ្រឿងទេស… នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន»។ នាង Rahma ប្រាប់​ឲ្យ​ដឹង៕

 

ខ្លោច​ចិត្ត​នឹង​ក្មេង​ស្រី១៩ឆ្នាំ រស់នៅ​តែ​ក្នុង​កាធុន​ជ័រ ដោយសារ​កើត​ជំងឺ​ចម្លែក

 

ខ្លោច​ចិត្ត​នឹង​ក្មេង​ស្រី១៩ឆ្នាំ រស់នៅ​តែ​ក្នុង​កាធុន​ជ័រ ដោយសារ​កើត​ជំងឺ​ចម្លែក

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail