ឈ្មួញ​នៅតែ​បង្កប់​ឈើ​ប្រណីត​ក្នុង​រថយន្តក្រុង​ចេញទៅ​ស្រុក​យួន​តាម​ខេត្តស្វាយរៀង​

កន្លងមក​រថយន្តក្រុង​របស់​យួន​តែង​ធ្វើ​សកម្មភាព​ចូល​ដឹកឈើ​ដល់​ក្រុង​បាន​លុង ខេត្តរតនគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ​យ៉ាង​រលូន ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ឥឡូវនេះ​ស្រាប់​តែមាន​ករណី​ឈ្មួញ​បង្កប់​ឈើ​គ្រញូង​ក្នុង​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តស្វាយរៀង​ផងដែរ ហើយ​ត្រូវ​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​ម្ចាស់​ឈើ​គ្រញូង​មាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ជាមុន​នោះ គឺ​មិន​ប្រឈម​នឹង​ការបង្ក្រាប​ឡើយ ហើយ​អាច​ដឹកជញ្ជូន​ឈើ​គ្រញូង​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ក្នុង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៩ ខែកក្កដា រថយន្ត​ទេសចរណ៍​១​គ្រឿង​ដែលមាន​បង្កប់​ឈើ​គ្រញូង​បម្រុង​នាំចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​អន្តរជាតិ​បាវិត ត្រូវ​បង្ក្រាប​នៅ​ចំណុច​ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។ រថយន្តក្រុង​ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​នោះ គឺជា​ប្រភេទ​រថយន្ត​ទេសចរណ៍​ចំណុះ​៤៥​កៅអី​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​53N9333 មាន​អ្នកបើកបរ​ឈ្មោះ ង៉ូ​វ វី​ហ៊ុយ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជនជាតិ​យួន​រស់នៅ​ប្រទេស​យួន​។ ឈើ​គ្រញូង​ដែល​រឹបអូស​បាន​មាន​១០​កំណាត់​ស្មើ​១៨០​គីឡូក្រាម ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​ការដែល​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​ភ្ញៀវទេសចរ​ឆ្លងដែន​បង្ក​ប់​ឈើ​ប្រណីត​ឬ​ទំនិញគេចពន្ធ គឺជា​ទម្លាប់​ដែល​កើតឡើង​នៅ​ច្រក​អន្តរជាតិ​បាវិត​យូរ​ឆ្នាំ​មកហើយ​។ លោក ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​បាវិត ក៏ដូចជា​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ប្រចាំ​ច្រក​នេះ គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​បង្កប់​ឈើ​គ្រញូង​ក្នុង​រថយន្តក្រុង​ពី​ទឹកដី​ខ្មែរ​ចូល​ទឹកដី​យួន និង​បើកដៃ​ឲ្យ​ឈ្មួញ​បង្កប់​ទំនិញគេចពន្ធ​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​សមត្ថកិច្ច​នៅ​ច្រក​បាវិត និង​ឈ្មួញ​ខិលខូច ជាពិសេស​ម្ចាស់​ក្រុមហ៊ុន​រថយន្តក្រុង​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​៕

OLYMPUS DIGITAL CAMERA

07_20_2016_03_18_28snapshot2016072015162613817101_1575557209406522_1497045956_nជនជាតិយួនបើកបររថយន្តក្រុង