ការបង្ក្រាប​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ក្នុង​ខេត្តព្រះវិហារ គ្មាន​ប្រសិទ្ធភាព​

​សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ក្នុង​ក្រុង​ព្រះវិហារ និង​ស្រុក​មួយចំនួន​ដូចជា ស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ​ជាដើម មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាច្រើន​កន្លែង​កំពុងដំណើរការ​យ៉ាងរ​លូន​ដោយសារ​មានការ​ឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ទន្ទឹមនឹងនេះ​ករណី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​គ្រញូង​និង​ឈើ​ប្រណីត​ផ្សេងៗ​ទៀត​តាម​រថយន្ត​ទំនើបៗ និង​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ជាដើម នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ ទន្ទឹមនឹងនេះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ក៏ដូចជា​អភិបាលខេត្ត​ព្រះវិហារ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។

កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​កំពង់​ស្រឡៅ​ម្លូរ​ព្រៃ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គូលែន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​២​គ្រឿង​នៅ​កន្លែង​២​ផ្សេងគ្នា​។ រថយន្ត​ទី​១​ម៉ាក​ឡិច​ស៊ី​ស​RX330 ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​2-2904 ត្រូវបាន​បង្ក្រាប​នៅ​ស្រុក​គូលែន និង​រថយន្ត​ទី​២​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-8086 បង្ក្រាបបាន​នៅក្នុង​ស្រុក​ឆែប ហើយ​អ្នកបើកបរ​រថយន្ត​ដឹកឈើ​គ្រញូង​ទាំង​២​គ្រឿង​នេះ បាន​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។ ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាបបាន​ឲ្យ​ដឹងថា រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ដើម្បី​វាស់វែង​ឈើ​ហើយ​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។

ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​កន្លងមក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បង្ក្រាប​តែ​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ដែល​មិន​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដែល​ចេះ​ចែករំលែក​ផលប្រយោជន៍​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភពពី​សកម្មជន​ការពារ​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​លើកឡើងថា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ យកទៅលក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ គឺជា​ឈ្មួញ​មុខ​ដដែលៗ​ព្រោះ​អី​ពួកគេ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ជា​ប្រព័ន្ធ​រួចទៅហើយ​។ ចំណែក​ឈ្មួញ​ណា​ដែល​គ្មាន​ទំនាក់ទំនង​បង់លុយ​ជាមុន​ទេនោះ ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ជាមិនខាន​ដូចជា ករណី​កើតឡើង​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្រុក​គូលែន និង​ស្រុក​ឆែប ខេត្តព្រះវិហារ​៕

Pic141 Pic142