គុក​​ខេត្តកំពង់ឆ្នាំង ចូល​ក៏ស្រួល ចេញ​​ក៏ស្រួល​

ខេត្តកំពង់ឆ្នាំង ៖ ​កាលពី​កន្លង​​ទៅ​នេះ កោះសន្តិភាព​បាន​ផ្សាយ​រួច​​ហើយ រឿង​អ្នក​ចងការ​ប្រាក់ «ការ» ​ក្លាយ​ជា «ដើម» សង​មិន​អស់ ហើយ​ត្រូវ​តុលាការ​ មក​ធ្វើ​កំណត់ហេតុ​បច្ចុប្បន្ន​ភាព ដីធ្លី ផ្ទះសម្បែង ដែល​អាច​ឈាន​ដល់​ការ​រឹបអូស តាម​ប្រ​ព័ន្ធ​ផ្លូវ​តុលា​ការ​នៅ​ក្នុងស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំង ។

ថ្ងៃនេះ កោះសន្តិភាព សូម​លើកយក​ម្ចាស់បំណុល​ ជា​អ្នក​ចងការ​ប្រាក់​ដដែល​នេះ ទៅ​ដឹក​យក​ក្របីពី​កូនបំណុល ហើយ​ត្រូវ​បាន​កូន​​បំណុលប្តឹង​ពី​បទ​លួច តែ​ស្ថា​ប័ន​​មិន​ទាន់​បាន​រក​យុ​ត្តិ​ធ​ម៌​ បែ​រ​ជា​ចាប់​ម្ចាស់​ក្របី​ដាក់​គុក​ទៅ​វិញ ឯ​ដំណើរ​មាន​ដូច​តទៅ ​៖​

ស្ត្រី​ជា​កូនបំណុល​ម្នាក់​ឈ្មោះ​សាន សា​ឡុ​ន អាយុ​៣៥​ឆ្នាំ  មាន​ទីលំនៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិ​វ​ឌ្ឃ​ន៏ ស្រុក​ទឹកផុស បាន​រៀបរាប់​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៤ គាត់​បាន​ខ្ចីប្រាក់​ពី​ឈ្មោះហេង ស្រី​ម៉ាច ជា​អ្នក​រកស៊ី​ចងការ​ប្រាក់​នៅ​​ភូមិ-​ឃុំ​ជាមួយ​គ្នា​ចំនួន​២​លាន​រៀល ។ ក្រោយ​ខ្ចី​បាន​ជាង​​១០​ថ្ងៃ គាត់​បាន​យក​ប្រាក់​ចំនួន​២​លាន​រៀល ទៅ​សង​ឈ្មោះ​ហេង ស្រី​ម៉ាច វិញ  កាល​ណោះ​ឈ្មោះហេង ស្រី​ម៉ាច ប្រាប់​គាត់​ថា នៅ​ខ្វះ​ការ​ប្រាក់​៣០​ម៉ឺន​រៀល​ទៀត ។

ក្រោយមក គាត់​មិន​ទាន់​រក​ប្រាក់​បាន​សង​ថ្លៃ​ការ​៣០​ម៉ឺន​នោះ​ផង ​ស្រាប់​តែ​ឈ្មោះ​ហេង ស្រី​ម៉ាច រួមនិង​ប្តីបាន​មក​ដឹកក្របី​របស់​គាត់​ចំនួន​២​ក្បាល យក​ទៅដោយ​មិន​បាន​ប្រាប់​គាត់ សូ​ម្បី​មួយ​ម៉ាត់ កាល​ណោះ គាត់​បាន​ប្តឹង​ទៅ​តុលាការ​ដែរ ពី​បទ​ប្តី​ប្រ​ព​ន្ធ​​២​នាក់ មក​លួច​​ដឹក​ក្របី​គាត់ តែ​តុលាការ​មិន​រក​យុ​ត្តិ​ធ​ម៌​ឱ្យ​​រឿង​ចោរលួច​ក្របី​ទេ ។ ស្រាប់តែ​តុលាការ​មក​ចាប់​គាត់​ដាក់គុកមួយ​យប់ ដោយ​ចោទ​គាត់​ថា ​ជំពាក់​ប្រាក់​ឈ្មោះហេង ស្រី​ម៉ាច ជាង​១០​លាន​រៀល​ទៅ​វិញ ។

​កាល​ណោះ ​បាន​មេឃុំលោក​គុយ ឡេ​ង អន្តរាគមន៍ ទើប​គេ​ដោះ​លែង​គាត់​ចេញពី​គុក​វិញ គឺ​គាត់​ជាប់គុក​ធំ ១​យប់១​ថ្ងៃ ។ ​ដោយ​សារ​តែ​ហេតុនេះ​ហើយ គាត់​សូម​ឱ្យ​​ស្ថាប័នតុលាការ មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​​គាត់​ផង ពិសេស ប្រមុខ​រាជរដ្ឋាភិបាល សូម​ជួយ​រក​យុ​ត្ត​ធ​ម៌ដល់​គាត់​ផង ។

​ដោយឡែក ស្ត្រី​ជា​ម្ចាស់បំណុលឈ្មោះហេង ស្រី​ម៉ាច វិញ​បាន​ឱ្យ​​ដឹងថា កុំ​ថា​ឡើយ​​លុយ​៣០​ម៉ឺន សូ​ម្បី​ដល់​​១​លាន​រៀល ក៏​គាត់​មិន​ធ្វើ​ចឹ​ង​​ដែរ តែ​នេះ​​ ១៧​លាន​រៀល មិនមែន​៣០​ម៉ឺន​រៀល ទេ ខ្ញុំ​បាន​ហៅ​ស្បថ នៅ​ចំពោះ​មុខ​សមត្ថកិច្ច  តែ សាន សា​ឡុ​ន មិន​ហ៊ាន ។ ​លុយ​ខ្ញុំ​ទាំងអស់​ជាង​២០​លាន តែ​គាត់​រាប់ឱ្យ​​ខ្ញុំ​បណ្តោះ​ៗ​ខ្លះ​ហើយ  នៅ​សល់​១៧​លាន ។ ​ហើយ​ចំពោះ​លុយ​ទិញ​ក្របី​ហ្នឹង ក៏​ជា​លុយ​គាត់​ដែរ ។ ថ្ងៃ​កើតហេតុ​ហ្នឹង បើ​មិន​បាន​ប្រាក់ សងគ្រប់​ចំនួន៧​លាន​ទេ វា​ឱ្យ​​ខ្ញុំ​ទៅ​យក​ក្របីវា​ទៅ​ហើយ មុន​នឹង​ទៅ​យក​ក្របី ខ្ញុំ​បាន​ទូរ​សព្ទ័​ទៅ​ប្រាប់​លោក​អធិការ  និង​លោក​មេឃុំគាត់​សួរ​ថា ចោរ​ឯណា ពេល​ទៅ​លួច​គេទូរ​សព្ទ័​ប្រាប់​ប៉ូ​លិ​ស​នោះ ។

​ជុំវិញ​បញ្ហា​នេះ លោក​គុយ ឡេ​ង មេឃុំអភិវឌ្ឍន៍ ស្រុក​ទឹកផុស​បាន​ប្រាប់ថា រឿង​ឈ្មោះសាន​សា​ឡុ​ន ជំពាក់​ប្រាក់​ហេង ស្រី​ម៉ាច សង​ប៉ុន្មាន សល់ ប៉ុន្មាន លោក​អត់​ដឹង​ទេ ។ ប៉ុន្តែថ្ងៃមួយ ពេលគាត់​កំពុង​អង្គុយ ពីរ​នាក់​ជាមួយលោកខែ​ម វិបុល អធិការ នគរ​បាល ស្រុក​ទឹកផុស នៅ​ក្បែរស្ថានីយ៍ប្រេង ស្រាប់តែ​គាត់​ឃើញហេង ស្រី​ម៉ាច ជាមួយ​ប្តី បាន​ដឹក​ក្របី​កាត់មុខ​ពួក​គាត់ តែ​ទាំង​២​នាក់​ប្តី​ប្រ​ព​ន្ឋ​មិនឃើញ​ពួក​គាត់​ទេ ហើយ​បាន​ទូរ​សព្ទ័ មក​ប្រាប់​គាត់​ថា បង​! ឥឡូវ​ខ្ញុំ​ដឹក​ក្របី សា​ឡុ​ន ហើយ​ណា​បង ព្រោះ​គាត់​ជំពាក់លុយ​ខ្ញុំ ។​

ពេល​នោះ​ខ្ញុំ​ក៏​ប្រាប់​ថា ឯង​ដឹក​ក្របី​ចឹ​ង​អត់​ត្រូវ​ទេ​ប្អូន !  ហើយក៍​បិទ​ទូរស័ព្ទទៅ​។ បន្ទាប់​មក​ឈ្មោះហេង ស្រី​ម៉ាច បាន​ទូរ​សព្ទ័​មក​ប្រាប់លោកអធិការ​នគរបាល​ដែល​អង្គុយ​ជិត​គាត់​ទៀត ពេល​នោះ​លោក អធិការ​បាន​ប្រាប់​ថាៈ ដឹក​ក្របី​គេ​ចឹ​ង​ខុស​ហើយ កុំ​ធ្វើ​ចឹ​ង​! តែ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ​បាន ដឹក​ក្របី​បាត់​ទៅ ។ កាល​ណោះឈ្មោះសាន សា​ឡុ​ន បាន​ប្តឹង​ឈ្មោះហេង ស្រី​ម៉ាច  ពី​បទ​លួច​ក្របី តែ​ក្រោយមក លោក​ព្រះរាជអាជ្ញា បាន​ចេញ​លិខិត​មួយ ទៅ​អោយ ហេង ស្រី​ម៉ាច ប្រគល់​ក្របី​ទៅ​ឈ្មោះ​សាន សា​ឡុ​ន វិញ ។

ស្រាប់តែ​ក្រោយមក ប្រហែល​១​ខែ មាន​គេ​មក ចាប់​ឈ្មោះ សាន សា​ឡុ​ន  ទៅ​ខេត្ត ហើយ​ពេល​សាកសួរ​ទៅ​ថាៈ ខាង​កងរាជ​អាវុធហត្ថ​ខេត្ត​ជា​អ្នក​ចាប់ គាត់​បាន​ទូរ​សព្ទ័​ទៅ​លោក​ព្រះរាជ អាជ្ញា សួរនាំ និង​បាន​ប្រាប់​ថាៈ រឿង លួច​ក្របី​គេ មិន​ទាន់​បាន​ដោះ​ស្រាយ បែ​ជា​ទៅ​ចាប់​អ្នក​ម្ចាស់​ទៅវិញ​ចឹ​ង លុះ​ព្រឹក​ឡើង​គាត់អន្តរា​គម​ន៍បន្ថែម ទើប​ឃើញ​លែង​មនុស្ស​មក​វិញ ។ ពេល​ត្រឡប់​មក​ដល់​ផ្ទះ ក្នុង​នាម លោក ជា​អាជ្ញាធរ​ឃុំ លោក​បាន​សួរនាំ​ទៅ ឈ្មោះ សាន សា​ឡុ​ន គាត់​ប្រាប់​ថាៈ គេ​ដាក់​ខ្ញុំ ក្នុង ព​ន្ឋ​នាគារ​មួយ​

ជុំវិញការ​ដាក់​ព​ន្ឋ​នាគារ​មនុស្ស ១​យប់ ហើយ​លែង​វិញ​នេះ បើ​តាម​មន្ត្រី​តុលាការ ក៏​ដូច​ជា មន្ត្រី​ឆ្មាំ​ព​ន្ឋ​នាគារ បាន​ប្រាប់​ថាៈ គុក​! មិនមែន​ចេញចូល​ស្រេច​តែ​ចិត្ត ព្រឹកល្ងាច​បាន​ស្រួល​ៗ​បែប​នេះ​ទេ អាច​ថាៈ មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ ទើប ដាក់​ហើយ​ដោះ​យ៉ាង​ស្រួល​បែប​នេះ ។ ចំណុច​នេះ គួរតែ​ក្រសួង​ពាក់​ព​ន្ឋ័​មេត្តា​ជួយ​ពិនិត្យ​សំណុំរឿង ខាងលើ​នេះ រួម​ទាំង កិច្ចការរដ្ឋបាល របស់​ព​ន្ឋ​នាគារ​ផង​ដែរ​។ ម្យ៉ាងវិញទៀត តើ​ខាង​កូនបំណុល​ពិតជា​នៅ​ជំពាក់ ម្ចាស់បំណុល​ជាង​១៧​លាន​រៀល​មែន ឬ ត្រឹមតែ​៣០​ម៉ឺន​រៀល ដូច​សំដី កូនបំណុល ?  សំខាន់ បើ​មាន​ឯកសារ​ច្បាស់លាស់ ទើប​អាច​ចោទប្រកាន់​បាន​៕