ករណី​មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ធំ ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ ឧ​ត្ត​ម​សេនីយ៍ សៀរ សម្បត្តិ មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បើករថយន្ត​ទំនើបៗ​ពាក់​ស្លាក​លេខ ខ​.​ម​២-៨៨៨៦ ទៅបុក​អ្នកជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ហើយ​បើករថយន្ត​ទៅ​លាក់ទុក​ក្នុង​បន្ទាយ​កងរាជអាវុធហត្ថ​មួយកន្លែង​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ រិះគន់​យ៉ាងខ្លាំង​ព្រោះ​លោក សៀរ សម្បត្តិ ជា​មន្ត្រីជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បែរជា​មិន​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន​។ ហេតុការណ៍​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បានកើត​ឡើង​នៅតាម​ផ្លូវជាតិ​លេខ​៦ ភូមិ​វាំង​ខាងជើង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ​។

​ប្រភពពី​នគរបាល​ចរាចរណ៍​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​រថយន្ត​ម៉ាក​រ៉ង់​រ៉ូ​វែ​១​គ្រឿង ពាក់​ស្លាក​លេខខ​.​ម​២៨៨៨៦ បាន​បើកបរ​ក្នុង​ទិស​ដៃ​ពី​ជើង​ទៅ​ត្បូង ពេលនោះ​មាន​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ធំ​1T-0891 បើក​ចេញពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា​។ ពេលទៅដល់​កន្លែងកើតហេតុ​អ្នកជិះ​ម៉ូតូ​បត់​ចូល​ស្ថានីយ៍​ប្រេងឥន្ធនៈ ក៏ត្រូវ​រថយន្តបុក​ពេញទំហឹង​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​សេ​១២៥​ដែល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​នោះ មានឈ្មោះ ប៉ន ប៉ុន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្លុ​ង ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ ជា​សិស្ស​ថ្នាក់​ទី​១១C វិទ្យាល័យ​តាំងក្រសាំង​។

ប្រភពពី​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​ទំនើបៗ​ពាក់​ស្លាក​លេខខ​.​ម​នោះ គឺ​លោក សៀរ សម្បត្តិ អាយុ​៤៧​ឆ្នាំ ជា​មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​ក្រោយពេល​បង្កហេតុ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ លោក សៀរ សម្បត្តិ បាន​យក​រថយន្ត​ទៅ​ទុក​ក្នុង​បន្ទាយ​របស់ខ្លួន​នៅ​ឃុំ​តាំងក្រសាំង ហើយ​មានការ​យាមកាម​យ៉ាង​តឹងតែង​ផងដែរ​។ បញ្ហា​នេះហើយ​ដែល​ប្រជាពលរដ្ឋ​រិះគន់​ទៅលើ​លោក សៀរ សម្បត្តិ ដែលជា​មន្ត្រីជាន់ខ្ពស់ បែរជា​មិន​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន ដូច្នេះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តកំពង់ធំ គួរ​ជួយ​រក​ដំណោះស្រាយ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ផងដែរ​។ ជាងនេះទៅទៀត​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនត្រូវ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​គួរ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ដោះស្រាយ​តាមច្បាប់​ដោយ​សន្តិវិធី​៕

WAT-2107a WAT-2107 WAT-2107b