រឿង​មួយធ្វើ​អ្នក​លក់​ទុរេន​នៅ​កំពត​សរសើរ ឱក សុគន្ធកញ្ញា មិន​ដាច់​ពី​មាត់

ដោយ​សារ​តែ​គុណធម៌ និង​ការ​ទទួល​ខុស​ត្រូវ ធ្វើ​ឱ្យ​អ្នក​លក់​ទុរេន​នៅ​ទីរួមខេត្ត​កំពត​ម្នាក់​ បែរ​និយាយ​ពោល​សរសើរ ឱក សុគន្ធកញ្ញា មិន​ដាច់​ពី​មាត់​​ទៅ​វិញ បើ​ទោះ​បី​ជា​តារា​ចម្រៀង​រូប​នេះ​បាន​ជិះ​រថយន្ត​ជ្រុល​ទៅ​ប៉ះ​នឹង​តូប​របស់​ខ្លួន​ខូច​ខាត​ខ្លះ​ក៏​ពិត​មែន។

 

រឿង​មួយធ្វើ​អ្នក​លក់​ទុរេន​នៅ​កំពត​សរសើរ ឱក សុគន្ធកញ្ញា មិន​ដាច់​ពី​មាត់

 

អាជីវករ​ដដែលបាន​និយាយ​មក​កាន់​វិទ្យុ​មហាជន​អេហ្វអឹម ៩៥.៣០ ​ព្រឹក​មិញ​​ដោយ​រំឭក​ថា កាល​​​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ រថយន្ត​របស់​តារា​ចម្រៀង​ខាង​លើ​បាន​បើក​ជ្រុល​ទៅ​កៀរ​តូប​លក់​ទុរេន​របស់​ខ្លួន ធ្វើ​ឱ្យ​ខូច​ខាត​តិច​តួច។ ប៉ុន្តែ​​ប្រភព​​បាន​បន្ថែម​ថា រឿងដែល​​មិន​អាច​មើល​រំលង​នោះ គឺ​ការ​ទទួល​ខុស​ត្រូវ​របស់​តារា​ចម្រៀង​រូប​នេះ​តែ​ម្ដង។

 

“ពេល​ហ្នឹង​ខ្ញុំ​អត់​នៅ​ចាំ​តូប​ទេ ទៅ​ក្រោយ​ឯណោះ ពេល​ចេញ​មក​ខាង​មុខ​វិញ ស្រាប់​តែ​ឃើញ​ឡាន​របស់ សុគន្ធកញ្ញា ចត​នៅ​ហ្នឹង​អត់​ទៅ​ណា​ទេ។ គាត់​នៅ​ចាំ​លើក​ដៃ​សុំ​ទោស​ខ្ញុំ និង​ជូន​លុយ ៥០ ដុល្លារ​ទៀត​ផង មិន​ងាយ​រក​មនុស្ស​អញ្ចឹង​ណាស់​ប្អូន”។ អាជីវករ​​រូប​នេះ​​ថ្លែង។

 

ស្រី្ត​វ័យ ៣៥ ឆ្នាំ​ខាង​លើ​បន្ថែម​ថា កន្លង​មក​តូប​លក់​ទុរេន​របស់​ខ្លួន​ធ្លាប់​មាន​អ្នក​ជិះ​ប៉ះ​ពៀរ​ដូច្នេះ​ដែរ ប៉ុន្តែ​ពួក​គេ​ម្នាក់​ព្យាយាម​បើក​រត់​គេច​មិន​ទទួល​ខុស​ត្រូវ ឬ​ផ្ដល់​សំណង​អ្វី​នោះ​ទេ។ ដោយ​ឡែក​ចំពោះ​តារា​ចម្រៀង ឱក សុគន្ធកញ្ញា ឯណេះ​វិញ ក្រៅ​ពី​មិន​យក​រួច​ខ្លួន​ហើយ ថែម​ទាំង​ចំណាយ​ពេល​មួយ​សន្ទុះ​​រង់​ចាំ​ម្ចាស់​តូប​ត្រឡប់​មក​វិញ ដើម្បី​លើក​ដៃ​សុំ​ទោស និង​ផ្ដល់​សំណង​លុយ​កាក់​ទៀត​ផង។

 

ទោះ​បី​ជា​យ៉ាង​ណា មិន​អាច​សុំ​ការ​អធិប្បាយ​ផ្ទាល់​ពី​តារា​ចម្រៀង ឱក សុគន្ធកញ្ញា បាន​ទេ​ជុំវិញ​រឿងរ៉ាវ​នេះ ព្រោះ​ម្ដាយ​របស់​នាង​ជា​អ្នក​ទទួល​ជំនួស​ដោយ​ប្រាប់​ថា កូន​ស្រី​កំពុង​ថត។ ម្ដាយ​រូប​នេះ​អះអាង​ថា កូន​ស្រី​របស់​អ្នក​ស្រី​មិន​បាន​ប្រាប់​ពី​រឿង​នេះ​ទេ។ អ្នក​ស្រី​ថា៖”កូន​ហ្នឹង​គាត់​អត់​ទាន់​ប្រាប់​ខ្ញុំ​ផង ចាំ​មើល​បើ​កូន​ខ្ញុំ​ប្រាប់ ចាំ​ទូរសព្ទ​ទៅ​ប្អូន​វិញ”៕

 

រឿង​មួយធ្វើ​អ្នក​លក់​ទុរេន​នៅ​កំពត​សរសើរ ឱក សុគន្ធកញ្ញា មិន​ដាច់​ពី​មាត់

 

រឿង​មួយធ្វើ​អ្នក​លក់​ទុរេន​នៅ​កំពត​សរសើរ ឱក សុគន្ធកញ្ញា មិន​ដាច់​ពី​មាត់

អត្ថបទ៖ សំ ជំនាញ