ភ្លើង​ឆាបឆេះ​រថយន្តក្រុង​ទេសចរណ៍​តៃវ៉ាន់ សម្លាប់​មនុស្ស ២៦ (​ក្នុងនោះ ២៤ នាក់ មកពី​ចិនដីគោក​)

រថក្រុងទេសចរណ៍តៃវ៉ាន់១គ្រឿង ដែលដឹកភ្ញៀវទេសចរណ៍ ២៤ នាក់ មកពីប្រទេសចិន បានឆាបឆេះភ្លើងសន្ធោសន្ធៅ នៅលើផ្លូវហាយវ៉េ ក្បែរព្រលានយន្តហោះ Taoyuan កាលពីថ្ងៃ អង្គារ (២០ កក្កដា ២០១៦) បណ្តាលឲ្យមនុស្សទាំងអស់ ២៦ នាក់ នៅក្នុងរថយន្តនោះស្លាប់គ្មានសល់, ដែលក្នុងនោះមានៈ អ្នកបើកបរម្នាក់ និងមគ្គុទេសក៍ម្នាក់ (អ្នកទាំងពីរជាជនជាតិតៃវ៉ាន់) ។

ខ្សែអាត់វីដេអូឃ្លាំមើល បានបង្ហាញឲ្យរថយន្តក្រុងបើកបរបាត់បង់ម្ចាស់ការ រ៉េចេញពីផ្លូវ ខណៈផ្នែកកាប៊ីនរបស់វាបានត្រូវភ្លើងឆាបឆេះរួចហើយ ។ រថយន្តក្រុងនោះ ទៅមុខលែងរួច ដោយជាប់គាំងនឹងបង្កាន់ដៃការពារផ្លូវ ។

រថយន្តក្រុងទេសចរណ៍នេះ ក៏ត្រូវបានគេដឹងថា មានបំពាក់ត្រឹមត្រូវជាមួយឧបករណ៍ពន្លត់អគ្គីភ័យ និងច្រកសង្គ្រោះបន្ទាន់ ៨, ក្នុងនោះមានៈ ទ្វា និងបង្គួច ។ ទោះយ៉ាងណា ទ្វាសំខាន់២នៃរថយន្តក្រុងនេះ ត្រូវបានខ្ទប់នឹងបង្កាន់ដៃការពារផ្លូវ ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នកដំណើរទាំង ២៦ នាក់ អាចគ្រប់គ្រងបើកវាដើម្បីភៀសខ្លួនពីរថយន្តក្រុងកំពុងឆេះនេះទេ ។

អ្នកបើកបររថយន្តដទៃ ក៏បានជួយទាញទ្វា និងព្យាយាមពន្លត់អគ្គីភ័យ និងវាយបំបែកទ្វា, ប៉ុន្តែ ជាអកុសល កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេពុំទទួលបានជោគច្រើននោះទេ ។

របាយការណ៍របស់ Liberty Times ដកស្រង់សម្តីប៉ូលីស ដោយនិយាយថា សាកសព ៩ ត្រូវបានរកឃើញនៅផ្តុំគ្នាក្បែរទ្វាក្រោយ បន្ទាប់ពីភ្លើងត្រូវបានពន្លត់ ។

ភ្ញៀវទេសចររងគ្រោះទាំងនោះ ដែលមកពីខេត្ត Liaoning បានកំណត់ពេលហោះហើរវិលត្រឡប់ទៅស្រុកកំណើតវិញ នៅថ្ងៃរសៀល (២០ កក្កដា) ក្រោយបញ្ចប់ដំណើរទេសចរណ៍ ៨ ថ្ងៃ ។ ៣ នាក់ ក្នុងចំណោមអ្នកដំណរទាំងនោះ គឺជាក្មេងៗ ដែលមានអាយុប្រហែលៗ ១២ ឆ្នាំ ៕


Related Posts