ឥណ្ឌា បញ្ជូន​រថក្រោះ​ជិត​១០០​គ្រឿង​ទៅ​ព្រំដែន​ជាមួយ​ចិន និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-21-2016, 12:09 pm         1169

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឥណ្ឌា បញ្ជូន​រថក្រោះ​ជិត​១០០​គ្រឿង​ទៅ​ព្រំដែន​ជាមួយ​ចិន​ខណៈ​ភាព​តានតឹង​នៅតាម​ព្រំដែន​ជាមួយ​មហា​យក្ស​ចិន បាន​កើនឡើង ឥណ្ឌា​បានចាប់ផ្ដើម​ពង្រឹង​វត្តមាន​យោធា​របស់ខ្លួន នៅ​តំបន់​ជាច្រើន ដោយបាន​ពង្រាយ​រថក្រោះ​ជាច្រើន​គ្រឿង​ទៅ​តំបន់​ព្រំដែន​ភាគ​ខាងកើត​។ យោធា​ឥណ្ឌា បាន​បញ្ជូន​រថក្រោះ​ប្រភេទ T-72 ទៅកាន់​តំបន់ភ្នំ Ladakh ដែល​នៅក្បែរ​តំបន់​ទី​បេ​។

​តំបន់ភ្នំ Ladakh ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស មាន​ទីតាំងនៅ​ចន្លោះ​តំបន់​ជម្លោះ​កា​ស្មៀ​រ និង​តំបន់​ស្វយ័ត​ទី​បេ​របស់​ចិន​។ ដោយ​មើលឃើញ​ពី​ការគំរាមកំហែង​ផ្នែក​សន្តិសុខ និង​ដើម្បី​ការពារ​ខ្លួន ពី​ការវាយប្រហារ​ណាមួយរ​បស់​ចិន ឥណ្ឌា​បាន​ពង្រឹង​កម្លាំងយោធារ​បស់​ខ្លួន តាមរយៈ​ការបញ្ជូន​រថក្រោះ T-72 របស់​សូ​វៀត​ជិត​មួយរយ​គ្រឿង​ទៅកាន់​តំបន់​នោះ​។​

​ទាក់ទង​នឹង​ការពង្រាយ​រថក្រោះ​ច្រើន​បែបនេះ មន្ត្រី​យោធា​ឥណ្ឌា​ម្នាក់ បាន​ប្រាប់​សារព័ត៌មាន NDTV ថា ជ្រលង​ដែល​ស្ថិតនៅ​ចន្លោះ​ជួរ​ភ្នំ​ក្នុង​តំបន់ Ladakh មាន​លក្ខណៈ​អំណោយផល​ដល់​ការ​ចល័ត​រថក្រោះ​។ ការបញ្ជូន​រថក្រោះ​ទៅកាន់​តំបន់​ខាងលើ ធ្វើឡើង​បន្ទាប់ពី​រថក្រោះ​ទាំងនោះ ទទួលបាន​ការកែលំអ សម្រាប់​ស្ថានភាព​តំបន់ភ្នំ​។

​លោក​វរសេនីយ៍ Vijay Dalal បាន​ប្រាប់​សារព័ត៌មាន The Hindu ដែរ​ថា យើង​បាន​ទិញ​សម្ភារ​ពិសេស​បន្ថែម និង​ប្រេង​សម្រាប់​រថក្រោះ ចល័ត​នៅ​ទី​ខ្ពស់ ក៏ដូចជា​ប្រេង​សម្រាប់​រថក្រោះ​ប្រើពេល​រដូវ​ត្រជាក់ ដែល​អាច​ការពារ​ពី​ការ​កក​បាន​។ នេះ​ក៏​ដោយសារតែ​តំបន់​ភាគ​ខាងកើត Ladakh នេះ មាន​កម្ពស់​រហូតដល់​១៤០០០​ហ្វី​ត ធៀប​នឹង​នីវ៉ូ​សមុទ្រ ដែល​វា​តម្រូវ​ឲ្យ​ឥណ្ឌា ត្រូវ​ត្រៀមខ្លួន​ទុក​មុន​។​

​នេះ​គឺជា​លើក​ទី​បី​ហើយ ដែល​ឥណ្ឌា​ប​ញ្ជូ​នរថក្រោះ​មួយអង្គ​ភាពវរ​សេនា​ធំ ទៅកាន់​តំបន់​ព្រំដែន Ladakh​។ ជាមួយនឹង​អង្គភាព​ចំនួន​ពីរ​ដែល​ត្រូវ​ពង្រាយ​ក្នុង​ឆ្នាំ​២០១៤ និង​២០១៥ កងឯកភាព​ទាំងបី​នេះ នឹង​ផ្ដុំគ្នា​ជា​កងពលតូច​មួយ សម្រាប់​ទប់ទល់​នឹង​ចិន នៅ​តំបន់​ខាងកើត​នេះ ដែល​សីតុណ្ហភាព​អាច​ធ្លាក់ចុះ​ដល់​ក្រោម​ដក៤០​អង្សា​។

​តាមពិតទៅ រថក្រោះ​ប្រភេទ T-72 ធ្លាប់​ប្រឡូក​ក្នុង​សង្គ្រាម​រវាង​ឥណ្ឌា និង​ចិន កាលពី​ឆ្នាំ​១៩៦២ ដោយ​ពេលនោះ​រថក្រោះ​នេះ ត្រូវបាន​ដឹកជញ្ជូន​តាម​យន្តហោះ​មក​ទម្លាក់​។ យ៉ាងណាមិញ រថក្រោះ​ដែល​ផលិត​នៅ​អតីត​សហភាពសូវៀត​នេះ មិនអាច​ស៊ូទ្រាំ​នឹង​អាកាសធាតុ​ត្រជាក់​បានទេ​។ ដោយសារ​ហេតុនេះ ឥណ្ឌា បាន​ចាញ់​សង្គ្រាម​ជាមួយ​ចិន​ធ្ងន់ធ្ងរ​។​

​ជាងនេះទៅទៀត នៅពេល​បច្ចុប្បន្ននេះ ចិន​បានចាប់ផ្ដើម​ពង្រឹង​យោធា​របស់ខ្លួន ដោយបាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​វត្តមាន​យោធា នៅតាម​បណ្ដោយ​ព្រំដែន​ជាមួយ​ឥណ្ឌា​។ ក្រៅពីនោះ ឥណ្ឌា​និង​ចិន ក៏មាន​ការខ្វែងគំនិត​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ កាលពី​ថ្មីៗ​នេះ ឥណ្ឌា​បាន​បញ្ជូន​នា​វាបី​គ្រឿង ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​អះអាងថា ជា​របស់​ខ្លូន​៕