បណ្ដា​អ្នក​ផលិត​ប្រេង​ធំ​មួយ​កំពុង​ព្យាយាម​បង្កើន​ការ​នាំ​ចេញ ប៉ុន្ដែ​ទីផ្សារ​មិន​ទិញ

នា​ពេល​ថ្មី​ៗ​នេះ មាន​ដំណឹង​ល្អ​មួយ​ចំនួន​ចេញពី​ប្រទេស​លី​ប៊ី ។ កាលពីដើម​ខែកក្កដា នេះ ក្រុមហ៊ុន​ប្រេង​ប្រកួតប្រជែង​គ្នា​ធំ​ៗ​ចំនួន​២​របស់​ប្រទេស​លី​ប៊ី ក្នុង​នោះ​ក្រុមហ៊ុន​ប្រេង​ជាតិ National Oil Corp ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងលិច​ទីក្រុង Tripoli និង​សម​ភាគី​របស់​ខ្លួន​នៅ​ភាគ​ខាងកើត​នៃ​តំបន់ Tobruk បាន​ព្រមព្រៀង​សហការ​គ្នា​ជា​ដៃគូ ។

វា​ជា​កិច្ចព្រមព្រៀង​ដ៏​ស្មុគស្មាញ​មួយ ដោយសារ​តែ​ភាព​ចម្រូងចម្រាស​របស់​រដ្ឋាភិបាល​ប្រទេស​នេះ ។ សារព័ត៌មាន The Wall Street Journal បាន​រាយការណ៍​នា​ពេល​នោះ​ថា ក្រុមហ៊ុន​នឹង​ផ្លាស់​ទីតាំង​ទៅ​ភាគ​ខាងកើត​នៃ​តំបន់ Benghazi ហើយ​ឥឡូវនេះ​នឹង​រាយការណ៍​ទៅ​រដ្ឋាភិបាល​រួបរួម​ក្នុង​ទីក្រុង Tripoli និង​សភា​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងកើត ។

យោង​តាម​សារព័ត៌មាន Bloomberg បានឱ្យ​ដឹង​ថា ពីរ​បី​ថ្ងៃ​ក្រោយមក មេដឹកនាំ​អង្គការ Petroleum Facilities Guard លោក Ibrahim Jathran បាន​ប្រកាស​ពី​ផែនការ​មួយ​ចំនួន​ដើម្បី​បន្ត​នាំ​ចេញពី​ស្ថានីយ​ប្រេង​នៅ​ភាគ​ខាងកើត​នៃ​កំពង់​ផែ Es Sider និង Ras Lanuf ជា​កំពង់​ផែ​ធំ​ជាងគេ​ទី​១ និង​ទី​៣​នៅ​ក្នុង​ប្រទេស ដែល​ត្រូវ​បាន​បិទ​ចាប់តាំងពី​ឆ្នាំ ២០១៤​មក​ម្ល៉េះ​។ លោក Jathran បាន​បន្ថែម​ទៀត​ថា ការ​នាំ​ចេញ​នឹង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​សម្របសម្រួល​ជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Tripoli ។

នេះ​មាន​ន័យ​ថា បច្ចុប្បន្ន ប្រទេស​លី​ប៊ី​កំពុង​គ្រោង​នឹង​បើក​ដំណើរការ​ឡើង​វិញ​នៃ​កំពង់​ផែ​ទាំង​៤​នៅ​ក្នុង​ប្រទេស (​រួម​មាន​កំពង់​ផែ​ទាំង​២​ខាងលើ​) ។ នេះ​បើ​យើង​តាម​សារព័ត៌មាន Bloomberg ។

យោង​តាម​តួលេខ​ដកស្រង់​ដោយ​ធនាគារ RBC Capital Markets បានឱ្យ​ដឹង​ថា កំពង់​ផែ​ទាំងនេះ​នឹង​មាន​សមត្ថភាព​នាំ​ចេញ​បាន​៨៦​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ដែល​តួលេខ​នេះ​ច្រើន​ជាង​ទិន្នផល​សរុប​នៃ​សមាជិក​អង្គការ OPEC មាន​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កា​តា និង​អេ​ក្វា​ឌ័​រ ។

បើ​តាម​ទ្រឹស្តី​វិញ នេះ​គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​ប្រទេស​ដែល​បាន​បិទ​ការ​ផលិត​ប្រេង​ជាង​១​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ដោយសារ​តែ​បញ្ហា​ប្រឈម​ផ្នែក​នយោបាយ និង​សន្តិសុខ​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​ផលិតកម្ម​ជាប់​គាំង ត្រឹម​ប្រមាណ​ពី​៣៣​ម៉ឺន ទៅ​៤០​ម៉ឺន​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។

បើ​ទោះ​ជាលី​ប៊ី​ជា​ប្រទេស​ដែល​មាន​ប្រេង​ឆៅ​បម្រុង​ធំ​ជាងគេ​នៅ​ទ្វីបអាហ្វ្រិក​ក្តី ក៏​ផលិតកម្ម​ប្រទេស​នេះ​ជាប់​ចំណាត់​ថ្នាក់ទាប​ជាងគេ​ទី​២ ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក OPEC ។

យ៉ាងណាមិញ ទាំង​ក្រុម​ឃ្លាំមើល​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​អ្នកវិភាគ​ទីផ្សារ មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ទាំងឡាយ​បញ្ហា​ដំណើរការ​នយោបាយ និង​សន្តិសុខ ព្រឹត្តិការណ៍​មុន​ៗ ព្រមទាំង​កត្តា​ដែល​អាច​បង្ក​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ។

លោកស្រី Helima Croft មក​ពី​ធនាគារ RBC Capital Markets បាន​សរសេរ​ក្នុង​លិខិត​មួយ​ទៅ​កាន់​អតិថិជន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ថា ៖ « នៅ​ពេល​ដែល​ព័ត៌មាន (​ពី​លោក Jathran) បាន​ធ្វើ​ឱ្យ​គេ​រំពឹង​ថា ទិន្នផល​ប្រទេស​អាច​បង្កើន​បាន​យ៉ាង​លឿន ដែល​ភស្តុ​តាង​ពី​ប្រវត្តិសាស្ត្រ​ជំរុញ​ឱ្យ​យើង​កាន់តែ​ប្រុង​ប្រយ័ត្ន​» ។

មួ​យស​ប្តា​ហ៍​កន្លង​មកនេះ លោក Mohamed Elharari អ្នកនាំពាក្យ​មក​ពី National Oil Corp បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Bloomberg ថា ៖ « ទាំង​កំពង់​ផែ Ras Lanuf និង Es Sider ស្ថិត​ក្រោម​ការ​វាយប្រហារ ហើយ​ភាគច្រើន​នៃ​ធុង​ស្តុក​នៅ​កំពង់​ផែ Es Sider បាន​រង​ការ​ខូចខាត » ។

ក្រុម​ស្រាវជ្រាវ BMI បាន​លើក​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ៖ « ខណៈ​ដែល​យើង​រំពឹង​លើ​ការ​បើក​ដំណើរការ​កំពង់​ផែ​ទាំងនោះ​ឡើង​វិញ យើង​គិត​ថា ដំណើរការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​យឺត​បំផុត ។ ឧបសគ្គ​បច្ចេកទេស​នឹង​ក្លាយជា​បញ្ហា​ចម្បង ជាមួយនឹង​តម្រូវការ​ថែទាំ​ច្រើន​ដើម្បី​ជួសជុល​កំពង់​ផែ​ទាំងនោះ​សម្រាប់​គណៈកម្មាធិការ » ។
ជាង​នេះ​ទៀត ទាំង​លោកស្រី Croft និង​ក្រុម​ស្រាវជ្រាវ BMI បាន​សម្គាល់ថា ISIS នៅ​តែ​ជា​ហានិភ័យ បើ​ទោះជា​ថ្មី​ៗ​នេះ​ពួក​គេ​ត្រូវ​បរាជ័យ​នៅ​ជុំវិញ​ទីក្រុង Sirte ក្តី ។
ក្រុម​ស្រាវជ្រាវ BMI បាន​លើក​ឡើង​ថា​៖ « ផែនការ​ចាប់ផ្តើម​ការ​នាំ​ចេញ​ជា​ថ្មី​បាន​លេចឡើង​នូវ​ចំណុច​ផ្សេង​ៗ​គ្នា​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​គ្មាន​ចំណុច​ណាមួយ​បាន​ទ្រទ្រង់​ការ​ផលិត​នោះ​ទេ ។ វា​ប្រហែលជា​មក​ពី​បញ្ហា​កើតឡើង​ភ្លាម​ៗ ដែល​អាច​នឹង​ដាក់​សម្ពាធ​មួយ​ចំនួន​ទៅ​លើ​តម្លៃ ប៉ុន្តែ​យើង​រំពឹង​ថា ផល​ប៉ះពាល់​ទាំងអស់​នឹង​អាច​កំណត់​បាន » ៕