សាលាក្រុង​យល់​ព្រម​ឲ្យ​ដង្ហែ​សព​បណ្ឌិត កែម ឡី តាម​ការ​ស្នើ​របស់​គណៈកម្មការ​និង​គ្រួសារ

សាលារាជធានី​ភ្នំពេញ សម្រេច​យល់​ព្រម​ឲ្យ​​មាន​ការ​ដង្ហែ​សព​បណ្ឌិត កែម ឡី តាម​ការ​ស្នើ​សុំ​របស់​គណៈកម្មការ និង​គ្រួសារ​សព​ហើយ នៅ​ថ្ងៃ​ទី​២១ កក្កដា នេះ ក្រោយ​ពី​មាន​ការ​ខ្វែង​គំនិត​គ្នា កាល​ពី​ម្សិល​មិញ។

តំណាង​គណៈកម្មការ​បុណ្យ​សព​បណ្ឌិត កែម ឡី គឺ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ថ្លែង​ប្រាប់​ឲ្យ​វិទ្យុ​អាស៊ីសេរី ក្រោយ​កិច្ច​ប្រជុំ​រវាង​ក្រុម​គ្រួសារ គណៈកម្មការ​បុណ្យ​សព និង​សាលា​រាជធានី​ភ្នំពេញ ថា សាលាក្រុង​បាន​ព្រម​តាម​សំណើ​របស់​ក្រុម​គ្រួសារ និង​គណៈកម្មការ​បុណ្យ​សព ដែល​ស្នើ​​ដង្ហែ​សព​លោក កែម ឡី កាត់​តាម​ផ្លូវ​ព្រះមុនីវង្ស និង​បត់​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឆ្ពោះ​ទៅ​រង្វង់​មូល​ចោមចៅ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បន្ត​ថា ចំពោះ​សំណើ​នៃ​ការ​ដង្ហែ​ដោយ​ថ្មើរ​ជើង ចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ទៅ​ដល់​រង្វង់​មូល​ចោមចៅ គឺ​សាលាក្រុង​ហាម​មិន​ឲ្យ​ធ្វើ​ឡើយ។ ប៉ុន្តែ​ព្រះតេជព្រះគុណ​បញ្ជាក់​ថា គណៈកម្មការ​នឹង​មិន​អាច​រារាំង ដល់​ទឹកចិត្ត​អ្នក​ចូលរួម​ចង់​ដើរ​ដង្ហែ​ចេញ​ពី​វត្ត​ចាស់ រួម​នឹង​ពលរដ្ឋ​តាម​ដង​ផ្លូវ​នោះ​ទេ៖ «សម្រាប់​គណៈកម្មការ​បុណ្យ​គឺ​ប្រកាន់​ជំហរ​ដង្ហែ​តាម​រថយន្ត និង​ម៉ូតូ​ជាដើម តែ​យើង​ក៏​មិន​អាច​ឃាត់​ពលរដ្ឋ​ណា ចង់​ដើរ​ដង្ហែ ២ ឬ​៣​គីឡូ (គីឡូម៉ែត្រ) ឬ​ពលរដ្ឋ​នៅ​មុខ​ផ្ទះ​គេ​ទេ ព្រោះ​ជា​ទឹកចិត្ត​របស់​គេ»

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ កំណត់​ហេតុ​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ កក្កដា បង្ហាញ​ថា គ្រួសារ​សព​លោក កែម ឡី ដែល​ចូលរួម​ប្រជុំ​ជាមួយ​មន្ត្រី​សាលាក្រុង គឺ​បាន​យល់​ព្រម​មិន​ឲ្យ​មាន​ការ​ដង្ហែ​ដោយ​ថ្មើរ​ជើង​ទេ។

កែម ឡី ៨៥៥
ប្រជាពលរដ្ឋ​ហែ​សព​លោក កែម ឡី ចេញ​ពី​កន្លែង​កើត​ហេតុ​នៅ​ស្តុប​បូកគោ ឆ្ពោះ​ទៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។ RFA/Yang Chandara

កាល​ពី​ថ្ងៃ​ទី​២០ កក្កដា សាលាក្រុង​មិន​ព្រម​ឲ្យ​មាន​ការ​ដង្ហែ​សព​លោក កែម ឡី តាម​ការ​ស្នើ​សុំ​ទេ គឺ​​សាលាក្រុង​​ឲ្យ​​ហែ​កាត់​តាម​អង់តែន​ទួលគោក ឆ្ពោះ​ទៅ​ផ្សារ​មាន់​អាំង ត្រឡោកបែក និង​ឡើង​ទៅ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ត្រង់​ចំណុច​ស្ពាន​អាកាស​៧​មករា (ស្ពាន​ពេទ្យ​លោកសង្ឃ) និង​បន្ត​ឆ្ពោះ​ទៅ​រង្វង់​មូល​ចោមចៅ។

គម្រោង​ដង្ហែ​សព​លោក កែម ឡី ទៅ​ខេត្ត​តាកែវ នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា ដោយ​ចេញ​ដំណើរ​​ពី​វត្ត​ចាស់ នៅ​ម៉ោង​៧​ព្រឹក ដើម្បី​យក​សព​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។