មេបញ្ជាការ ​ជំរុញ​ឲ្យ​កងរាជ​អាវុធហត្ថ​ពង្រឹង​សន្តិសុខ

ភ្នំពេញៈ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា កាលពីម្សិលមិញ បានជំរុញដល់កងរាជអាវុធហត្ថទូទាំងរាជធានីខេត្តត្រូវពង្រឹងសន្តិសុខបន្ថែមទៀត ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ បន្ទាប់ពីមានករណីឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទាំងថ្ងៃនៅកណ្តាលទីក្រុងស្របពេលដែលមានព័ត៌មានថាមានការចល័តរថក្រោះពីតាមបណ្តាខេត្តចូលមករាជធានីភ្នំពេញ។

ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំដោយមានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការដ្ឋានស្នងការព្រមទាំងមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ខេត្ត នាយទាហាន និងកងរាជអាវុធហត្ថប្រមាណ ២០០ នាក់។

អ្នកនាំពាក្យកងរាជអាវុធហត្ថលោក អេង ហ៊ី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាកិច្ចប្រជុំនោះផ្តោតសំខាន់លើការបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់អំពើឃាតកម្មនានាទូទាំងប្រទេស។

លោកថា៖«យើងរៀបជាយន្តការ និងផែនការច្បាស់លាស់ក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋ និងត្រៀមកម្លាំង។ យើងមានការពង្រឹងជាបន្តបន្ទាប់តែពេលនេះគឺពង្រឹងបន្ថែមដោយសារសភាពការណ៍កន្លងទៅមានឃាតកម្មនៅកណ្តាលទីក្រុងបែបនេះអ៊ីចឹងត្រូវតែពង្រឹងជាពិសេសកម្លាំងអាវុធហត្ថត្រូវត្រៀមកម្លាំងជានិច្ច និងមានការល្បាតក្តាប់ព័ត៌មានឱ្យបានជាប់»។

លោកសង្កត់ធ្ងន់ថាជាធម្មតានៅពេលមានឃាតកម្មនៅភ្នំពេញនាពេលថ្មីៗនេះពិតជាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងទឹកចិត្តប្រជាពលរដ្ឋដែលទាមទារឱ្យកម្លាំងសមត្ថកិច្ចត្រូវពង្រឹងសន្តិសុខបន្ថែម។

លោកថា៖«ជាពិសេសរាជធានីភ្នំពេញយើងត្រូវមានកម្លាំងតាមបណ្តាខេត្តចូលរួមជុំវិញរាជធានីតែចំនួនកម្លាំងខ្ញុំមិនអាចជម្រាបជូនបានទេតែយន្តការនោះគឺនាយឧត្តមសេនីយ៍ត្រូវធ្វើការម៉ឺងម៉ាត់ជាពិសេសឱ្យថ្នាក់មេបញ្ជាការរង និងមេរងសេនាធិការចុះទៅធ្វើប្រតិបត្តិការផ្ទាល់តែម្តងប្រចាំនៅទីនោះ (គោលដៅ) ដើម្បីមានសភាពការណ៍អ្វីគឺអនុវតផ្ទាល់តែម្តង»។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលលោក មាស សុវណ្ណ ដែលបានចូលរួមកិច្ចប្រជុំថ្លែងថាលោកតែងតែត្រៀមកម្លាំងការពារសន្តិសុខនៅតំបន់របស់លោកមុនមានការណែនាំនេះផងដែរ។

លោកថា៖ «ខ្ញុំត្រៀមខ្លួនជាស្រេចមិនថាតែពេលម៉ោងប្រជុំនេះយើងបំពេញភារកិច្ចតាមតួនាទីហើយមានសភាពការណ៍ធម្មតាមិនមានរឿងអីកើតឡើងផង»។

នៅក្នុងរបាយការណ៍របស់គណបក្សប្រជាជនស្តីពីសភាពការណ៍ទូទៅដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារបានលើកឡើងថា នឹងបន្តលើកកម្ពស់ខឿនសន្តិសុខឱ្យបានរឹងមាំទប់ស្កាត់ការបង្កចលាចលសង្គមបដិវត្តន៍ពណ៌ជម្លោះប្រដាប់អាវុធការពាររដ្ឋធម្មនុញ្ញ និងការពាររដ្ឋាភិបាល។ «បន្តយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់មិនឱ្យកើតឡើងនូវអំពើភេរវកម្ម ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងខិតខំជំរុញដោះស្រាយបញ្ហាអន្តោប្រវេសន៍»។

កាលពីពេលថ្មីៗនេះមានការបង្ហោះតាមបណ្តាញសង្គមតៗគ្នាថាមានការចល័តទ័ព និងរថក្រោះពីបណ្តាខេត្តនានាមករាជធានីភ្នំពេញ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បញ្ជាក់ថាពិតជាមានការចល័តរថក្រោះមែនតែយកមកដើម្បីជួសជុលប៉ុណ្ណោះខណៈលោកមិនបានប្រាប់ពីចំនួនរថក្រោះនោះ។

លោកថា៖ «ភូមិសាស្ត្រយើងដឹងស្រាប់ហើយទីតាំងនៅស្រុកខ្មែររដូវវស្សាទី ១ ទឹកលិចវាផុងទី ២ សភាពការណ៍ធូរស្រាលនៅសមរភូមិមុខអ៊ីចឹងហើយយើងត្រូវការបង្វិលសម្ភារហ្នឹងមកទុកដាក់កន្លែងសុវត្ថិភាព និងថែទាំជួសជុលអត់មានអីក្រៅពីនេះទេ»។

ចំណែកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារលោក យិន សន ថ្លែងថាមិនមានការចល័តទ័ពមកភ្នំពេញនោះទេ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Related Posts