នារី​2​នាក់​សម្លាប់​គ្នា​នៅ​មណ្ឌល​កម្សាន្ត​ទន្លេបាទី

នារី​2​នាក់​សម្លាប់​គ្នា​នៅ​មណ្ឌល​កម្សាន្ត​ទន្លេបាទី



ខេត្ដតាកែវ ៖ នារី​រូប​ស្រស់​វ័យក្មេង​ម្នាក់​បាន​ត្រូវ​ជន​ដៃដល់​ដែល​គេ​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​នៅឡើយ កាប់​នឹង​កាំបិត​សម្លាប់​រួចអូស​សព​ទម្លាក់​ទៅ​ក្នុង​ទឹកទន្លេ​បាទី ខណៈ​ពេល​នារី​រង​គ្រោះ​និង​ជន​ដៃដល់​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​អង្គុយ​លេង​លើ​ផ្ទះ​ទឹកតែ​២​នាក់ ។ ខណៈនោះ ជនល្មើស​បាន​កាប់​នាង​ជា​ច្រើន​កាំបិត​ពីក្រោយ​ចំ​កញ្ចឹងក​បណ្ដាល​ឱ្យ​ស្លាប់ រួច​រុញ​សព​ទម្លាក់​ទឹក​ហើយ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល ។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ការ​សម្លាប់​នេះ​អាច​ជា​ការ​រៀបចំ​គម្រោង​ទុកជា​មុន ហើយ​ជន​ដៃដល់​ក៏​ជា​ស្ដ្រីភេទ​ដូច​គ្នា​ដែរ​។ សមត្ថកិច្ច​បាន​កត់សម្គាល់​ដែរ​ថា នៅ​រមណីយដ្ឋាន​ទន្លេបាទី​នា​ថ្ងៃ​កើតហេតុ​នោះ​មិន​មាន​អ្នក​ទៅ​លេង​កម្សាន្ដ​ទេ គឺ​មាន​ច្រើន​តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ ។ ឃាតកម្ម​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក នៅ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី ក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ។

លោក​វរសេនីយ៍ទោ សែ​ម សុ​ជាតិ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ដ បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ឃាតកម្ម​នេះ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ស្រុក និង​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។ នារី​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​កាប់​ពីក្រោយ​ជា​ច្រើន​កាំបិត រួច​រុញ​ទម្លាក់​ទឹក ។

នៅ​ពេល​នគរបាល​ទៅ​ដល់ ក៏​បាន​ស្រង់​សព​មក​ដាក់​លើ​ផ្ទះទឹក តែ​នៅ​លើ​ខ្លួន​សព​គ្មាន​បន្សល់​ទុក​អ្វី​ទាំងអស់ គឺ​មាន​តែ​ក្រវិល​មួយគូ​ជាប់​ត្រចៀក​ប៉ុណ្ណោះ ហើយ​នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​ក្រុម​គ្រួសារ​សព ។

តាម​អ្នក​នៅ​កន្លែង​កើតហេតុ​និយាយ​ថា នៅ​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក​ថ្ងៃ​នោះ គេ​ឃើញ​នារី​រង​គ្រោះ​ត្រូវ​បាន​នារី​ម្នាក់​ដែល​ទំនងជា​មិត្ដភក្ដិ​ឌុ​ប​គ្នា​មក​អង្គុយ​លេង​លើ​ផ្ទះទឹក ។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​នារី​ដែល​ឌុ​ប​នារី​រង​គ្រោះ​មក​នោះ ជិះ​ម៉ូតូ​ចេញ​ទៅ​តែ​ម្នាក់ឯង ហើយដោយ​មានការ​សង្ស័យ​ព្រោះ​ស្ដ្រី​ដែល​ជិះ​ម៉ូតូ​ចេញ​ទៅ​យូរហើយ​មិនឃើញ​វិល​មក​វិញ ទើប​សន្ដិសុខ​ទៅ​មើល​នៅ​លើ​ផ្ទះទឹក​ដែល​នារី​រង​គ្រោះ​អង្គុយ​លេង​ក៏​អត់​ឃើញ តែ​មាន​ស្នាម​ឈាម​ស្រក់​លើ​កន្ទេល ក៏​នាំ​គ្នា​ឆោឡោ​ឡើង រួច​រាយការណ៍​ឱ្យ​នគរបាល ។

សាក្សី​ដដែល​បន្ដ​ទៀត​ថា បើ​តាម​ការ​វិភាគ នារី​រង​គ្រោះ​អាច​ជា​មនុស្ស​មក​ពី​ចម្ងាយ មិនមែន​អ្នកស្រុក​បាទី​នេះ​ឡើយ ។ ពេល​នេះ នគរបាល​កំពុង​មមាញឹក​ស្រាវជ្រាវ​ឱ្យ​ស្គាល់​ពី​អត្ដសញ្ញាណ​នារី​រង​គ្រោះ ដើម្បី​រក​ក្រុម​គ្រួសារ ទើប​អាច​ស្វែងរក​ជន​ដៃដល់​ឃើញ ព្រោះ​អ្នក​សម្លាប់​នារី​រង​គ្រោះ​នេះ បើ​មិនមែន​ជា​មិត្ដភក្ដិ​ទេ ពួក​គេ​មិន​អាច​ឌុ​ប​គ្នា​មក​កាន់​ទី​នេះ​បាន​ឡើយ​។

ព័ត៌មាន​ចុង​ក្រោយនៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​តាម​ប្រភព​ព័ត៌មាន បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ជា សុ​ជាតិ មាន​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ នារី រង​គ្រោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​សិស្ស​។ សព​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុង​គ្រួសារ​ហើយ​៕