ខាងទីម័រថា កម្ពុជា អាចឈ្នះវៀតណាម តែគ្រូកម្ពុជា មិននិយាយពីលទ្ធផលទុកមុន

ថ្នាក់ដឹកនាំរបស់ក្រុមទីម័រខាងកើត បានធ្វើការព្យាករថា ក្រុមU16កម្ពុជា អាចនឹងយកឈ្នះក្រុមU16វៀតណាម សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U16 Championship 2016 នៅថ្ងៃនេះ ប៉ុន្តែគ្រូបង្វឹកម្ពុជា នៅតែប្រកាន់ជំហរក្នុងការមិនព្យាករលទ្ធផលទុកមុនពេលប្រកួតចាប់ផ្តើមដដែល រីឯគ្រូបង្វឹកថៃ ក៏ហាក់មានការបារម្ភផងដែរ ខណៈក្រុមរបស់លោកត្រូវជួបក្រុមU16អូស្រ្តាលី នោះ។

mm1

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានលក់សំបុត្រតម្លៃ១ម៉ឺនរៀល សម្រាប់កន្លែងមានដំបូល និង៥ពាន់រៀល សម្រាប់កន្លែងគ្មានដំបូល នៅថ្ងៃព្រហស្បតិ៍នេះ ខាងម្ចាស់ផ្ទះកម្ពុជា បានស្នើរសុំទៅគណៈកម្មការរៀបចំការប្រកួតនេះ ដើម្បីកែប្រែនៅពេលវេលានៃការប្រកួត ដោយបានបង្វែរការជួបគ្នារវាងក្រុមកម្ពុជា និងវៀតណាម មកធ្វើនៅម៉ោង ៦:៣០ វិញ ហើយការជួបគ្នារបស់ក្រុមថៃ និងអូស្រ្តាលី ដែលតាមកាលវិភាគត្រូវលេងនៅម៉ោង ៦:៣០ នោះត្រូវដាក់ឲ្យប្រកួតចាប់ពីម៉ោង ៣:៣០វិញ។

mm2

ការផ្លាស់ប្តូរបែបនេះ ត្រូវបានគេមើលឃើញថា ដោយសារម្ចាស់ផ្ទះកម្ពុជា ចង់ឲ្យអ្នកគាំទ្របានចូលរួមទស្សនាផ្ទាល់ការប្រកួតនេះបានច្រើន ដើម្បីជាកម្លាំងចិត្តកាន់តែខ្លាំង ដល់ក្រុមកម្ពុជា ខណៈលោក Amandio Sarmento អ្នកដឹកនាំរបស់ក្រុមទីម័រខាងកើត បាននិយាយក្រោយពេលក្រុមទីម័រ របស់លោក ចាញ់កម្ពុជា ៣-០ ថា ក្រុមកម្ពុជា អាចយកឈ្នះក្រុមវៀតណាម ជាមួយកីឡាករទី១២គឺអ្នកគាំទ្រ។ លោកបានបញ្ជាក់ថា វៀតណាម គឺជាក្រុមខ្លាំងមួយ ប៉ុន្តែម្ចាស់ផ្ទះកម្ពុជាអាចនឹងយកឈ្នះក្រុមវៀតណាមបាន ព្រោះក្រុមកម្ពុជា នៅមានកីឡាករទី១២ គឺអ្នកគាំទ្រ ចាំជួយលើកទឹកចិត្តដល់ពួកគេ ហើយក្រុមកម្ពុជា ក៏មានទម្រង់លេងល្អ និងមានឆន្ទៈក្នុងការប្រកួតផងដែរ។

mm3

យ៉ាងណាក៏ដោយ លោក Inoue Kazunori គ្រូបង្វឹកកម្ពុជា នៅតែប្រកាន់ជំហរក្នុងការវាយតម្លៃលទ្ធផលទុកជាមុន ដោយលោកបាននិយាយថា៖«យើងមិនអាចវាយតម្លៃលទ្ធផលទុកមុនបាននោះទេ ព្រោះយើងមិនទាន់បានសាកជាមួយគេផងហ្នឹង ប៉ុន្តែខ្ញុំបានមើលពីការលេងរបស់វៀតណាម គឺក្រុមនេះមានទម្រង់លេងល្អដែរ»។ ប៉ុន្តែគ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានបញ្ជាក់ថា៖«ការជួយឲ្យក្រុមកម្ពុជាបានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ នៅមិនទាន់ស្កប់ចិត្តខ្ញុំនោះទេ»។

បើតាមប្រវត្តិជួបគ្នា៣លើកកន្លងមក ក្រុមU16កម្ពុជា មិនធ្លាប់ឈ្នះក្រុមវៀតណាមនោះទេ គឺបន្ទាប់ពីស្មើ ២-២ ជាមួយក្រុមU16វៀតណាម ក្នុងវគ្គជម្រុះតាមពូល នៅឆ្នាំ២០០៥ កម្ពុជា បានចាញ់វៀតណាម ៤-១ នៅឆ្នាំ២០១១ និងបន្តចាញ់ ៦-០ សម្រាប់ការជួបគ្នាលើកចុងក្រោយ កាលពីឆ្នាំ២០១៣។

ដោយឡែក ការវិលមកជួបគ្នារវាងក្រុមថៃ និងអូស្រ្តាលី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ វាបានក្លាយជាការប្រកួតសងសឹកយ៉ាងសំខាន់របស់អូស្រ្តាលី ព្រោះ អូស្រ្តាលី ធ្លាប់ចាញ់ថៃ ៣-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នាផងដែរ កាលពីឆ្នាំ២០១៥។
បើទោះបីជា ការប្រកួតរដូវកាលថ្មីនេះ ក្រុមអូស្រ្តាលី មិនខ្លាំងដូចរដូវកាលឆ្នាំ២០១៥ ដោយបានត្រឹមស្មើក្រុមមីយ៉ាន់ម៉ា ១-១ និងចាញ់ក្រុមវៀតណាម ៣-០ ប៉ុន្តែការបន្តទៅលត់ក្រុមហ្វីលីពីន ៧-០ ក្រុមសិង្ហបុរី ៦-១ និងបំបាក់ក្រុមម៉ាឡេស៊ី ៧-១ ដើម្បីទទួលបានលេខ២ប្រចាំពូលA វាធ្វើឲ្យក្រុមថៃ ដែលឈ្នះទាំង៤ប្រកួតនៅពូលB កំពុងមានការបារម្ភ។

លោក Chaiyong Khumpian គ្រូបង្វឹកក្រុមU16ថៃ បាននិយាយថា ទម្រង់លេងរបស់ក្រុមU16អូស្ត្រាលីខ្លាំងជាងក្រុមU16វៀតណាម ព្រោះយុវជនអូស្ត្រាលី មានកម្លាំង និងបច្ចេកទេសលេងល្អ ពិសេសពួកគេមានកាយសម្បទារឹងមាំ ហេតុនេះការជួបក្រុមអូស្រ្តាលី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វាជាការប្រឈមដ៏លំបាកមួយ៕

The post ខាងទីម័រថា កម្ពុជា អាចឈ្នះវៀតណាម តែគ្រូកម្ពុជា មិននិយាយពីលទ្ធផលទុកមុន appeared first on CamboSport.