អ្នកជំនួញ​​​ជប៉ុន​ធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ ​​តាម​​​បែប​​ព្រះពុទ្ធ​​សាស​នា

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ​​២០១៦ ​ក្រុមហ៊ុន​ជប៉ុន​មួយ​ ដែល​មាន​តួនាទី​ជ្រើសរើស​ពលករ​ខ្មែរ​ ឱ្យ​​បាន​ឱកាស​ធ្វើការ​នៅ​ប្រទេស​របស់​ខ្លួន ​បាន​រៀបចំ​ពិធីបួងសួង​បែប​តាម​ជំនឿ​ពុទ្ធ​​សាសនា​ខ្មែរ​ ដោយ​យល់​ថា​ នឹង​នាំ​មក​ភាព​ចម្រុង​ចម្រើន​ និង​សេចក្តីសុខ​សប្បាយ​ ដល់​មុខរបរ​រក​ស៊ី​ ។

ពិធី​ក្រុង​ពលី​បួងសួង​នេះ​ ​​ប្រារ​ព្ធ​​​ក្នុង​បរិវេណ​កុដិ​លេខ​២៤​ នៃ​វត្ត​នាគ​វ័ន ​រាជធានី​ភ្នំពេញ ​ដោយ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជប៉ុន​ឈ្មោះ​អាយ​អាយ​អេស​ (IIS Investment) ​ដែល​បាន​មក​បោះ​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា​​យើង​ ។

ព្រះ​តេជគុណ​នី សុវណ្ណ​មុនី​រ៉េ​ត​ ដែល​បាន​ទទួល​ប្រារ​ព្ធ​​ពិធីបួងសួង​សុំ​សេចក្តីសុខ​របស់​អ្នកជំនួញ​ជប៉ុន​ បាន​មាន​សង្ឃដិកាថា​កម្មវិធី​នេះ ​ជា​កម្មវិធី​ហៅ​ថា ​ក្រុង​ពា​លី​ថ្វាយ​​បារមី​ ​នៅ​ទី​វត្ត​អារាម​របស់​វត្ត​នាគ​វ័ន​យើង​ ។ ​យើង​ដឹង​ហើយ​ថា ​នៅ​កម្ពុជា​យើង​តែងតែ​មាន​ជំនឿ​ថា​ មុន​នឹង​ធ្វើ​អ្វីមួយ​តែងតែ​​ឧទ្ទិស​ដល់​អាទិទេព​ តាំងពី​សម័យ​មុន​ៗ​​មក​ម្ល៉េះ ​។ ​ម្យ៉ាងទៀត​ នេះ​ប្លែក​ដែរ​ ព្រោះ​ក្រុមហ៊ុន​ជប៉ុន​ បាន​មក​រកស៊ី​ជាមួយ​កម្ពុជា​យើង​ បាន​ថែម​ទាំង​បួងសួង​សុំ​សេចក្តីសុខ​ ក្នុង​របប​​នៃ​ព្រះ​ពុ​ទ្ធ​​សាសនា​យើង​នេះ​ ពិតជា​ការ​ចូលរួម​លើកកម្ពស់​វិស័យ​ពុ​ទ្ឋ​សាសនា​យើង​ផង​ដែរ​ដែល​នេះ​គាត​(​ជប៉ុន​)​ចង់​ឃើញ​ភាព​ជឿជាក់​ក្នុង​ការ​រកស៊ី​នៅ​លើ​ទឹកដី​កម្ពុជា​យើង​ដោយ​​ឃុំគ្រង​ដោយ​បារមី​ព្រះ​ពុ​ទ្ធ​​សាសនា​ ។

តំណាង​​ក្រុមហ៊ុន​ជប៉ុន​បាន​​ថ្លែង​​ឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​​យើង​ផ្តោត​លើ​ការ​​យក​ពលករ​ខ្មែរ ​យើង​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ ដោយ​ក្នុង​១​នាក់​ អាច​បាន​វី​សា​​ទៅ​ធ្វើការ​បាន​៣​ឆ្នាំ ​។ ​រហូត​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​ជប៉ុន​យើង​មក​ដាក់​ទិស​ដៅ​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​នៅ​ស្រុក​ខ្មែរ​យើង​អត់​ទាន់​ដាក់​ទិស​ដៅ​រើស​កម្មករ​ពលករ​នៅឡើយ​ទេ​ ។​

ការ​ចុះ​កិច្ចសន្យា​ គឺ​អាច​ធ្វើ​បាន​ដោយ​ក្នុង​មួយ​ឆ្នាំ​ យើង​កំណត់​រើស​យក​ពលករ​៥០០​នាក់ ​រើស​បាន​ច្រើន​ជាង​នេះ​ ។ ​ក្រុមហ៊ុន​អាង​អាយ​អេស​ ធ្លាប់​បាន​បញ្ជូន​ពលករ​ទៅ​ប្រទេស​មួយ​ចំនួន​ ដូច​ជា​ប្រទេស​ម៉ា​ឡេ ​ថៃ ​ប្រមាណ​ជា​បី​ម៉ឺន​នាក់​មក​ហើយ ដោយ​ពេល​នេះ​ អាយ​អាយ​អេស​នៅ​កម្ពុជា​ គេ​ក៏​មានបទពិសោធន៍​បង្ហាត់បង្រៀន​ពលករ​ខ្មែរ​យើង​ បាន​យ៉ាង​រលូន​ដែរ ។ ​